កម្ពុជា

ក្រុម​ការងារ​រួម​កម្ពុជា​-ថៃ​បើក​កិច្ច​ប្រជុំ​លើក​ទី​២​នៅ​សប្តាហ៍​ក្រោយ​

កម្លាំង​នគរបាល​សណ្តាប់ធ្នាប់​​​​​ប្រមាណ​៣០០​នាក់​​កំពុង​ប្រចាំការ​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​
កម្លាំង​នគរបាល​សណ្តាប់ធ្នាប់​​​​​ប្រមាណ​៣០០​នាក់​​កំពុង​ប្រចាំការ​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ RFI/Leang Delux

កិច្ចប្រជុំ​​​ក្រុមការងារ​​រួម​​កម្ពុជា​​-​ថៃ​លើក​​ទី​​២​ ( JWG-2 )​ ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍​យោធា​​ប្រទេស​ទាំង​ពីរ​​នឹង​​ប្រព្រឹត្ត​ទៅ​​នៅ​​ថ្ងៃ​​ទី​​២៧​មិថុនា​នៅ​ទីក្រុង​​ភ្នំពេញ​។​​ កិច្ចប្រជុំ​នា​សប្តាហ៍​​ក្រោយ​​នឹង​ផ្តោត​សំខាន់​លើ​ការ​ដក​កងទ័ព​កម្ពុជា​និង​ថៃ​ចេញ​ពី​តំបន់​ព្រំដែន​ជាប់​ប្រាសាទ​​ព្រះវិហារ​ដែល​ជា​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ​កាលពី​​ខែ​កក្កដា។​  

ផ្សាយពាណិជ្ជកម្ម

 

កិច្ចប្រជុំ​ក្រុមការងារ​រួមកម្ពុជា​-​ថៃ នឹងធ្វើឡើង​ជាផ្លូវការ នៅ​ព្រឹក​ម៉ោង ៩ ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព ក្នុងទីក្រុងភ្នំពេញ។ ​ប្រធាន​ក្រុម​ការងារ​ចម្រុះ​កម្ពុជា និង​ថៃ ដែល​​ជាឧត្តមសេនីយ៍កងទ័ពប្រទេសទាំងពីរ នឹង​ថ្លែង​សុន្ទរកថា បើ​ក និងនៅពេលបិទ​កិច្ច​ប្រជុំ​ ដែលមានរយៈពេល​ពេញ​មួយថ្ងៃ ធ្វើឡើងដោយ​បិទទ្វារ​។

លោកនាយឧត្តមសេនីយ៍ នាង ផាត ដែលនឹងត្រូវដឹកនាំគណៈប្រតិភូកងទ័ពកម្ពុជា ជួប​ប្រជុំ​ជាមួយនឹងសមភាគីថៃ បានឲ្យដឹងថា "របៀបវារៈនៃកិច្ចប្រជុំក្រុមការងាររួម​កម្ពុជា-ថៃ លើក​ទី២ នាសប្តាហ៍ក្រោយ ផ្អែកលើលទ្ធផលនៃកិច្ចប្រជុំ លើកទី១ ដោយ​ពិភាក្សាទៅ​លើអ្វី​ដែល​លទ្ធផលលើកទី១ពុំទាន់បានធ្វើយើងបន្តជំរុញធ្វើកិច្ចការ​នោះ។ កិច្ចប្រជុំនឹងសង្កត់ធ្ងន់លើ​បញ្ហា​​​ដកកងទ័ពចេញពីតំបន់គ្មានកងទ័ពបណ្តោះអាសន្នស្របតាមដីកាសម្រេចរបស់​តុលាការ​​​​យុត្តិធម៌អន្តរជាតិ ICJ"។

លោកនាយឧត្តមសេនីយ៍ នាង ផាត បានបន្ថែមដោយរំពឹងថាកិច្ចប្រជុំក្រុម​ការងារ​រួម​កម្ពុជា​-​ថៃ​លើកទី២នៅសប្តាហ៍ក្រោយនឹងដោះស្រាយបាននូវ​ចំណុច​ទី៣នៃលទ្ធផល​កិច្ច​ប្រជុំ​លើក​ទី​១​ដែលនិយាយពីការដកកងទ័ព ចេញពី​តំបន់​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ។

​សូម​រម្លឹកថា ក្រុមការងារ​រួម​កម្ពុជា​-​ថៃ ហៅ​កាត់​ថា JWG ( Joint Working Group ) ដឹកនាំ​ដោយ​​​ឧត្តមសេនីយ៍ប្រទេ​សទាំង​ពីរ បាន​ជួបប្រជុំ​ជា​លើកដំបូងចាប់ពី​ថ្ងៃ​ទី​៤មេសានៅ​ទីក្រុង​បាងកកប្រទេស​ថៃ​។ លទ្ធផល​នៃ​កិច្ចប្រជុំ​ក្រុមការងារ​រួម​កម្ពុជា​-​ថៃ កាលណោះ សម្រេចបាន​នូវការព្រមព្រៀង ៨ ចំណុច តែបានត្រឹមតែ​ឯកភាព និង​ប្តេជ្ញា​​បន្ត​អនុវត្ត​ដីកា​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុងឡាអេ ស្តីពី ការដក​កង​ទ័ព​​កម្ពុ​ជា​-​ថៃ ចេញពី​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន នៅ​ជិត​ប្រាសាទ​ព្រះវិហារ​។ ចំណែក​ថ្ងៃ​ខែ​នៃ​ការដាក់​អ្នកសង្កេត​ការណ៍ និង​ការដក​កងទ័ព មិន​ត្រូវបាន​កំណត់​ពេល​ទេ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI