ទស្សនៈព្រឹត្តិការណ៍ខ្មែរ

៧​មករា​៖​សច្ចធម៌​ប្រវត្តិសាស្ត្រ​ពីរ​ដែល​មិន​អាច​ញែក​ចេញ​ពី​គ្នា​បាន​!

សំឡេង ០៤:៥៤
ខួបថ្ងៃ៧មករា​ កាលពីឆ្នាំមុន។
ខួបថ្ងៃ៧មករា​ កាលពីឆ្នាំមុន។ ©ចាន់ណា

៧មករា​១៩៧៩​-៧មករា ​២០១៥ ​គឺជា​ខួប​ទី៣៦​ឆ្នាំ​នៃ​ការ​ដួល​រលំ​របប​ខ្មែរក្រហម។ ​៣៦ឆ្នាំ​បាន​កន្លង​ផុត​ទៅ ​ថ្ងៃ​៧មករា​នៅតែ​ជា​អត្ថន័យ​នយោបាយ​ដ៏​សំខាន់​សម្រាប់​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា។​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​សរសើ​រគុណសម្បត្តិ​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​នេះ​ដែល​បាន​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ឲ្យ​រួច​ផុត​ពី​សេចក្តី​ស្លាប់។ ​ប៉ុន្តែ ​ក្រុម​ប្រឆាំង​ថ្ងៃ​៧មករា​នៅ​តែ​ចាត់ទុក​កាល​បរិច្ឆេទ​មួយ​នេះថាជា​ថ្ងៃ​ឈ្លានពាន​របស់​កងទ័ព​វៀតណាម។ ​នេះជាសច្ចធម៌​ប្រវត្តិសាស្ត្រពីរ​ដែលគេមិនអាចញែកចេញពីគ្នាបាន។

ផ្សាយពាណិជ្ជកម្ម

៣៦​ឆ្នាំ​កន្លង​ផុត​ទៅ ​ថ្ងៃដួលរលំ​របប​ខ្មែរក្រហម​ ៧​មករា​១៩៧៩ ​នៅតែ​ជា​ជម្លោះ​គ្មាន​ទីបញ្ចប់​ក្នុង​ចំណោម​អ្នក​នយោបាយ​ខ្មែរ។ ថ្វី​បើ​ចលនា​បាតុកម្ម​ប្រឆាំង​៧មករា​ដោយ​ចេញ​មុខ​បាន​ស្ងប់ស្ងាត់​អស់​ជាច្រើន​ឆ្នាំ​ហើយ​ក៏ដោយ ក៏អត្ថន័យថ្ងៃ​ប្រវត្តិសាស្ត្រនេះ​នៅតែជាកម្មវត្ថុនៃ​សង្គ្រាមពាក្យសម្តីដ៏ក្តៅគគុកនៅឡើយ។​ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច​ ប្រារព្ធ​ខួប​​ថ្ងៃ​៧​មករា​​ក្នុង​អត្ថន័យ​ថា​ «បើ​គ្មាន​ថ្ងៃ​៧​មករា​ទេ ​ក៏​គ្មាន​សិទ្ធិ​មនុស្ស​ និង​ សមិទ្ធផល​ទាំងឡាយ​ដូចសព្វថ្ងៃនេះដែរ»។ ​នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​មួយ។

ប៉ុន្តែ ​សច្ចធម៌​ប្រវត្តិសាស្ត្រ​របស់​ក្រុម​អ្នកនយោបាយ​ប្រឆាំង​វិញ​ គឺ​ថ្ងៃ៧​មករា​ជា​ថ្ងៃ​ដែល​វៀតណាម​បាន​ចូល​មក​លុក​លុយ​ប្រទេស​កម្ពុជា​។​ ទឡ្ហីករណ៍​របស់​ពួកគេ​គឺ​ ក្រោយ​ការ​ផ្តួល​រំលំ​របប​ខ្មែរក្រហម​រួច​ហើយ​ កងទ័ព​វៀតណាម​មិន​បាន​ដក​ចេញ​ពី​កម្ពុជា​ទេ ​តែ​បន្ត​ស្ថិត​នៅ​និង​កាន់​កាប់​ប្រទេស​នេះ​រហូត​ដល់​១០​ឆ្នាំ​ដែល​គេ​ចាត់​ទុក​ថា​ជា​ការ​ធ្វើ​អាណានិគមន៍​មក​លើ​ប្រទេស​កម្ពុជា ​បើ​ទោះបី​ជា​វត្តមាន​យូរ​អង្វែង​របស់​កងទ័ព​វៀតណាម​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​បក​ស្រាយ​ថា​ ជាការ​ចាំបាច់​ដើម្បី​ទប់ស្កាត់​ការ​វិល​មក​វិញ​របស់​ខ្មែរក្រហម​ក៏ដោយ។

ជា​ការ​ពិត​ណាស់ ការ​បក​ស្រាយ​អត្ថន័យ ៧​មករា​ទាំង​ពីរ​យ៉ាង ដែល​ផ្ទុយ​គ្នា​ស្រឡះ​នេះ វា​គ្រាន់​តែ​ជា​ការ​កេង​ចំណេញ​នយោបាយ​រៀង​ខ្លួន​ប៉ុណ្ណោះ ប៉ុន្តែ តាម​ពិត​ទៅ អត្ថន័យ​ទាំងពីរ​យ៉ាង​នេះ សុទ្ធ​តែ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ សម្រាប់​ប្រទេស​កម្ពុជា​ទាំងអស់។ សច្ចធម៌​នេះ មិន​គួរ​នឹង​ក្លាយ​ជា​ជម្លោះ​បែក​បាក់ រវាង​ខ្មែរ​និង​ខ្មែរ​ទេ ផ្ទុយ​ទៅ​វិញ​វា គឺ​ជា​មេរៀន​ដ៏​ល្អ​សម្រាប់​អ្នក​នយោ​បាយ​ខ្មែរ​ដក​បទពិសោធ។ ការ​ខ្វែង​គំនិត​គ្នា​អំពី​បញ្ហា​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នកនយោបាយ ខ្មែរ​ខ្វះ​ទស្សនៈ​គ្រប់​ជ្រុង​ជ្រោយ​ដែល​ជា​ទស្សនៈវិជ្ជា​ដ៏​មាន​តម្លៃ​សម្រាប់​ស្វែង​រក​វឌ្ឍនភាព​ឲ្យ​សង្គម។

ដូច្នេះ ជំនួស​ឲ្យ​ការ​បន្ត​ជម្លោះ​បែក​បាក់​គ្នា ​ជនជាតិ​ខ្មែរ​គ្រប់​និន្នាការ​ជាពិសេស​អ្នកនយោបាយ​តែម្តង ​គួរ​នាំគ្នា​សិក្សា​ពី​សច្ចធម៌​ប្រវត្តិសាស្ត្រ​ពិតប្រាកដ​​អំពី​ថ្ងៃ៧មករា ​ដោយ​ឈរ​លើ​ទស្សនៈ​គ្រប់​ជ្រុងជ្រោយ។ អ្វីដែលគេ​គួរ​ស្វែងយល់នោះគឺ តើ​ហេតុអ្វី​បាន​ជា​មាន​របប​ខ្មែរក្រហម?​ តើ​ហេតុអ្វី​បាន​ជា​របប​នេះ​កាប់​សម្លាប់​ប្រជាពលរដ្ឋ​ខ្លួន​ឯង? ​តុលាការ​កាត់​ទោស​អតីត​មេដឹក​នាំខ្មែរ​ក្រហម ដែល​កំពុង​ដំណើរការ​សព្វ​ថ្ងៃ ក៏​មាន​បេសកកម្ម​ស្វែង​រក​សច្ចធម៌​ប្រវត្តិសាស្ត្រទាក់ទង​នឹង​សំណួរ​ទាំងនេះ​ដែរ​។ ប៉ុន្តែ ដោយសារ​តែ​រនាំង​នៃ​ផល​ប្រយោជន៍​នយោបាយ​នេះ​ហើយ បាន​ជា​គេ​នៅ​តែ​មិន​អាច​រក​ឃើញ​សច្ចធម៌​ប្រវត្តិសាស្ត្រ​ឃើញ។

យ៉ាងណាក៏ដោយ បទ​ពិសោធ​ដែល​ល្អ​ជាង​គេ សម្រាប់​ថ្ងៃ​៧​មករា​គឺ ​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​ក្តី​វិនាស​អន្តរាយ រហូត​ក្លាយ​ជា​វាល​ពិឃាត គឺ​ដោយសារ​ជម្លោះ​ផ្ទៃ​ក្នុង​រវាង​ខ្មែរ​និង​ខ្មែរ​គ្នា​ឯង​។​ ជម្លោះ​ផ្ទៃ​ក្នុង​គ្មាន​ទី​បញ្ចប់​នេះ ក៏​ជា​ហេតុផល​ដែល​នាំ​ប្រទេស​ជាតិ​ ឲ្យ​ធ្លាក់​ក្នុង​ការ​គ្រប់គ្រង​របស់​បរទេសដែរ។ នេះ​គឺ​ជា​មេរៀន​​ប្រវត្តិសាស្ត្រ ដែល​អ្នក​នយោបាយ​គួរ​នាំ​គ្នា​សិក្សា​និង​យក​ជា​មេរៀន​ដើម្បីបញ្ចៀស​កុំ​ឲ្យ​ប្រវត្តិសាស្ត្រ​ច្រំ​ដែល។

បច្ចុប្បន្ន នៅ​ពេល​ដែល​កម្ពុជា​ត្រូវ​ប្រឹងប្រែង​រំដោះ​ខ្លួន​ពី​ភាព​ក្រីក្រ និង​ពី​អាណានិគមន៍​បែប​ចាស់ និង​បែប​ថ្មី​របស់​បរទេស​នោះ ខ្មែរ​មិន​គួរ​បន្ត​លេងល្បែង «​ដើម្បី​ប្រយោជន៍​តូច​សុខ​ចិត្ត​ខូច​ប្រយោជន៍​ធំ»​ទៀត​ឡើយ។ ដើម្បី​បញ្ចប់​ជម្លោះ​ជុំវិញ​អត្ថន័យ​ថ្ងៃ​៧​មករា គេ​គ្រាន់​តែ​ទទួល​ស្គាល់​សច្ចធម៌​ប្រវត្តិសាស្ត្រ​ទាំង​ពីរ គឺ​ជា​ការ​ស្រេច៖ ទី​១៖ ៧​មករា​ជា​ថ្ងៃ​រំដោះ​ជីវិត​ខ្មែរ​ចេញ​ពី​សេចក្តី​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម និង​ទី​២៖ ៧​មករា ក៏​ថ្ងៃ​ដែល​កងទ័ព​វៀតណាម​ចូល​កាន់​កាប់​ប្រទេស​កម្ពុជា​រយៈពេល​១០ឆ្នាំ។ ទាំង​ផល​វិបាក​ពី​របប​ខ្មែរក្រហម និង​ពី​ការ​កាន់កាប់​របស់​វៀតណាម​បាន​បន្សល់ទុក​រហូត​ដល់​សព្វ​ថ្ងៃ។

ដូច្នេះ នេះ​ជា​ពេលវេលា​សមស្រប​ណាស់ ដែល​ខ្មែរ​គួរ​នាំ​គ្នា​លុប​ស្នាម​របួស​ដ៏​ឈឺ​ចាប់​ពី​អតីតកាល​​ដើម្បី​ស្វែង​រក​អនាគត​ភ្លឺ​ស្វាង​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ ដោយ​គ្រាន់​តែ​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត​ជា​ការ​ស្រេច។ ផ្ទុយ​ទៅ​វិញ ការ​ដណ្តើម​គ្នា ត្រូវ​ដោយ​ញែក​សច្ចធម៌​ប្រវត្តិសាស្ត្រទាំងពីរ​ឲ្យ​នៅ​ម្ខាង​ម្នាក់ មិន​ត្រឹម​តែ​ពន្យឺត​ពេលវេលា​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ក៏​ធ្វើ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​គ្មាន​ប្រវត្តិសាស្ត្រ​ពិត​សម្រាប់​រៀន​សូត្រ​ទៀតផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI