ជប៉ុន

មហន្តរាយ​ធម្មជាតិ​រុញ​ច្រាន​សេដ្ឋកិច្ច​ជប៉ុន​ឲ្យ​ដើរ​ថយ​ក្រោយ

លោក Kaoru Yosano រដ្ឋមន្ត្រី​ប្រតិភូ​ក្រសួង​នយោបាយ​សេដ្ឋកិច្ច
លោក Kaoru Yosano រដ្ឋមន្ត្រី​ប្រតិភូ​ក្រសួង​នយោបាយ​សេដ្ឋកិច្ច REUTERS/Kim Kyung-Hoon

គ្រោះ​ធម្មជាតិ​រញ្ជួយ​ដី​ និងរលក​យក្ស​ស៊ូណាមី ថ្ងៃ​ទី​១១​មីនា ដ៏​សាហាវ ដែល​បន្ទាប់​មក​បង្ក​​​ឲ្យ​មាន​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​ហ្វូគូស្ហ៊ីម៉ា ​ បាន​ធ្វើ​ឲ្យ​​ជប៉ុនជួប​នឹង​​ដំណើរ​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ នៅ​ក្នុង​ត្រី​មាស​ទី​មួយ ឆ្នាំ​២០១១​នេះ។ នេះ​បើ​តាម​ការ​ប្រកាស​របស់រដ្ឋាភិបាល ព្រោះ​ដោយ​ហេតុ​តែ​មហន្តរាយនុយក្លេអ៊ែរ​​ ​សកម្មភាពសេដ្ឋកិច្ច​​ពាណិជ្ជកម្ម​ជប៉ុន​បានធ្លាក់​ចុះ​យ៉ាង​គំហុក និង​ក្នុង​ពេល​តែ​មួយ​​​ប៉ប្រិចភ្នែក​ប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

ជប៉ុន​បាន​និង​កំពុង​ស្គាល់​ដំណើរ​​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ ព្រោះ​​​ត្រី​មាស​ទី​មួយ ឆ្នាំ​២០១១​នេះ គឺ​ជា​ត្រីមាស​​​ទី​ពីរ​ ដែល​ផលិតផល​សរុប​ក្នុង​ស្រុក​ (PIB)របស់​ខ្លួន​ បាន​ធ្លាក់​ចុះ​អស់ ០,៩% បើ​ប្រៀប​ទៅ​នឹង​ត្រី​មាស​មុន។ ត្រី​មាស​មុន (បី​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០១០) កំណើន​សេដ្ឋកិច្ច​ជប៉ុន​បាន​ធ្លាក់​ចុះ​អស់​០,៨%​រួច​ទៅ​ហើយ។

បើ​យោង​តាម​រដ្ឋមន្ត្រី​ប្រតិភូ​ក្រសួង​នយោបាយ​សេដ្ឋកិច្ច លោក កាអូរុ យោសាណូ (Kaoru Yosano) ដំណើរ​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ​ដែល​អាក្រក់​ជាង​ការ​ប៉ាន់​ប្រមាណ​ទុក​ជា​មុន​នេះ គឺ​មួយ​ភាគ​ធំ​បណ្តាល​មក​ពី​គ្រោះ​មហន្តរាយ​រញ្ជួយ​ដី រលក​យក្ស​ស៊ូណាមី និង​គ្រោះ​មហន្តរាយ​​នុយក្លេអ៊ែរ។

គ្រោះ​មហន្តរាយ​ដែលធ្វើ​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ​ ការ​នាំ​ចេញ​ គាំង​ស្តូក​ស្តឹង ឬ​ទទួល​រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង។ រោងចក្រ​ជា​ច្រើន​ត្រូវ​ខូច​ខាត ហើយ​ម្យ៉ាង​វិញ​ទៀត ការ​ធ្លាយ​សារធាតុ​វិទ្យុ​សកម្ម​នៅ​ហ្វូគូស្ហ៊ីម៉ា បាន​ធ្វើ​ឲ្យ​ប្រទេស​នាំ​ចូល​ផលិតផល​ជប៉ុន ដក​ទំនុក​ចិត្ត​មួយ​រយៈ។ ចំណែក​នៅ​ខាង​ក្នុង​ប្រទេស​វិញ តម្រូវ​ការ​មាន​ច្រើន​អនេក ដើម្បី​ឆ្លើយ​តប​ទៅ​នឹងទំហំ​​មហន្តរាយ​ ដែល​បាន​ប៉ះពាល់​ទាំង​ជីវិត​មនុស្ស​និង​សម្ភារៈ។ ចំណាយ​ក្នុង​វិស័យ​សាធារណៈ និង​វិនិយោគ​ បាន​កើន​ឡើង​ដល់​កំរិត​កំពូល។

ទោះបី​ជា​ផលវិបាក​នៃ​សេដ្ឋកិច្ចនេះ​នឹង​មិន​អូស​បន្លាយ​យូរ​ក៏​ដោយ ក៏​រដ្ឋមន្ត្រី​ប្រតិភូ​ក្រសួង​នយោបាយ​សេដ្ឋកិច្ច​ជប៉ុន​ បាន​ទទួល​ស្គាល់​ថា ​ជប៉ុន​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ​​ រហូត​ដល់​ត្រី​មាស​ទី​បី​ ពោល​គឺ​រហូត​ទាល់​តែ​ដល់​ចុង​ឆ្នាំ​ នៅ​ពេល​ដែល​ការ​ស្ថាបនា​ប្រទេស​ពី​គ្រោះ​មហន្តរាយ​ ​ចាប់​ផ្តើម​ដោយ​ពិត​ប្រាកដ និង​មាន​លំនឹង​ឡើង​វិញ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI