នាយករដ្ឋមន្ត្រីជប៉ុនប្តេជ្ញាចិត្តនៅបំពេញមុខងារតទៅទៀត ទោះបីជាមានវិបត្តិទំនុកទុកចិត្តក្តី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកនាយករដ្ឋមន្ត្រីជប៉ុន Naoto Kanដែលប្រជាប្រិយភាពបានធ្លាក់ចុះខ្លាំងណាស់ នៅថ្ងៃចន្ទ៧មីនានេះ បានបដិសេធនូវការលាឈប់ពីមុខតំណែងឬការបោះឆ្នោតមុនកំណត់ពេល ទោះបីជាបានចុះទន់ខ្សោយមួយកំរិតទៀត ដោយហេតុការលាឈប់ពីមុខតំណែងនៃរដ្ឋមន្ត្រីក្រសួងការបរទេសប្រកបដោយប្រជាប្រិយភាពខ្លាំង មកពីរឿងហិរញ្ញប្បទាននយោបាយខុសច្បាប់។
សេចក្តីរាយការណ៍របស់ វីនស្តុន រតនា
អ្នកនិពន្ធវិចារណកថានៃសារព័ត៌មានជប៉ុន គ្រប់និន្នាការនយោបាយគិតថា រដ្ឋាភិបាល ស្ថិតនៅក្បែរមាត់ជ្រោះហើយ។ នៅឱកាសតស៊ូមតិនៅរដ្ឋសភា ដោយរំលឹកអំពីការលាឈប់ពីមុខតំណែងនៃលោកប្រមុខការទូតរបស់ខ្លួន Seiji Maehara នៅល្ងាចថ្ងៃអាទិត្យម្សិលមិញ លោកនាយករដ្ឋមន្ត្រីជប៉ុន ណាអូតូ កាន់ បានបដិសេធជាថ្មីម្តងទៀតនូវការរំលាយសភាអ្នកតំណាងរាស្ត្រ ឬក៏ការលាឈប់ពីមុខតំណែងនៃរដ្ឋាភិបាលគាត់។
ដោយរំលឹកថាគាត់ជាប្រមុខរដ្ឋាភិបាលទី៥ ក្នុងរយៈពេល៥ឆ្នាំ លោក ណាអូតូ កាន់ ដែលត្រូវបានតែងតាំងនៅខែមិថុនាឆ្នាំ២០១០ បានថ្លែងថា “ខ្ញុំគិតថាជាការល្អប្រសើរជាង សំរាប់បណ្តាជន និងរបបសភារបស់យើង គួរតែទុកឲ្យអ្នកបោះឆ្នោតវិនិច្ឆ័យ ប្រសិនជាចាំបាច់ត្រូវផ្លាស់ប្តូររដ្ឋាភិបាល បន្ទាប់ពីចប់នីតិកាលបួនឆ្នាំមក”។
លោក Maehara អាយុ៤៨ឆ្នាំ ដែលឥទ្ធិពល និងកេរ្តិ៍ឈ្មោះកំពុងតែកើនឡើង នៅក្នុងគណបក្សប្រជាធិបតេយ្យជប៉ុន ជាគណបក្សកណ្តាលនិយមលម្អៀងទៅខាងឆ្វេង បានទទួលសារភាពថា បានទទួលប្រាក់ ២៥ម៉ឺនយ៉េន ត្រូវប្រមាណជា២២៥០អឺរ៉ូ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ពីស្ត្រីជនជាតិកូរ៉េខាងត្បូងម្នាក់ កើតនៅប្រទេសជប៉ុន ប៉ុន្តែបានរក្សាទុកសញ្ជាតិរបស់ខ្លួន។ ច្បាប់ជប៉ុនបានហាមប្រាមមិនឲ្យទទួលយក រាល់វិភាគទាននយោបាយមកពីអង្គភាព ឬពលរដ្ឋបរទេសណាម្នាក់។
លោក Maehara ត្រូវគេចាត់ទុកថាប្រហែលអាចត្រូវស្នងតំណែងបន្តពីលោក កាន់ អាយុ៦៤ឆ្នាំ ក្នុងករណីដែលគាត់ត្រូវបង្ខំចិត្តលាឈប់ពីមុខតំណែង។
ប្រកបដោយប្រជាប្រិយភាពស្រុតធ្លាក់ចុះ ពុំដល់២០%ផង លោក ណាអូតូ កាន់ ត្រូវតស៊ូទល់រដ្ឋសភាបែកបាក់គ្នា ដើម្បីប៉ុនប៉ងឲ្យទទួលយកកំណែទម្រង់សេដ្ឋកិច្ច និងសង្គមកិច្ចរបស់ខ្លួន។
គណបក្សប្រជាធិបតេយ្យជប៉ុនដែលលែងត្រួតត្រាលើព្រឹទ្ធសភាបានទៀតឡើយ ចាប់ពីរដូវក្តៅឆ្នាំទៅមក គ្មានអាសនៈភាគច្រើន ពីរភាគបីនៅសភាអ្នកតំណាងរាស្ត្រដែល នឹងអនុញ្ញាតឲ្យខ្លួនតម្រូវឲ្យគេទទួលយកសំណើរបស់ខ្លួនបាននោះទេ។
ទិន្នានុប្បវត្តិសេរីនិយម Mainichi Shimbun សរសេរថា រដ្ឋាភិបាលរបស់លោក កាន់ កំពុងប្រឈមមុខនឹងវិបត្តិដ៏ធំបំផុតរបស់ខ្លួន។ គេស្ថិតក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរ ដែល ឬមួយអាចនាំឲ្យធ្លាក់រដ្ឋាភិបាល ឬមួយបណ្តាលឲ្យអស់រាជ្យនៃគណបក្សប្រជាធិបតេយ្យជប៉ុន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ