ស្នូល​​ប្រភពនៃ​ធាតុ​វិទ្យុសកម្មរបស់​​ម៉ាស៊ីន​ប្រតិករ​ទី១ និងទី៣ កំពុង​ចាប់​រលាយ

សំឡេង ០៦:២៩
មន្រ្តី​ជំនាញ​ត្រួត​ពិនិត្យ​ស្វែង​រក​ក្រែង​មាន​ធាតុ​វិទ្យុសកម្ម​លើ​ខ្លួន ​មនុស្ស​ដែល​ទើប​ចាកចេញ​ពី តំបន់​ជុំវិញ​រោងចក្រ​នុយក្លេអ៊ែរ
មន្រ្តី​ជំនាញ​ត្រួត​ពិនិត្យ​ស្វែង​រក​ក្រែង​មាន​ធាតុ​វិទ្យុសកម្ម​លើ​ខ្លួន ​មនុស្ស​ដែល​ទើប​ចាកចេញ​ពី តំបន់​ជុំវិញ​រោងចក្រ​នុយក្លេអ៊ែរ Kim Kyung-Hoon / Reuters

មន្រ្តីជំនាញ​នុយក្លេអ៊ែរ​ជប៉ុន​បាន​ប្រកាស​ទទួល​ស្គាល់​ នៅ​ថ្ងៃ​អាទិត្យ​ទី ១៣ មីនា ២០១១ នេះ ថា ស្នូល​របស់​ម៉ាស៊ីន​ប្រតិករ ទីមួយ និង​ទីបី ក្នុង​រោងចក្រ​នុយក្លេអ៊ែរ Fukushima កំពុង​ស្ថិតក្នុង​ដំណាក់កាល​ Fusion នុយក្លេអ៊ែរ។ ទោះយ៉ាងណា អាជ្ញាធរ​ជប៉ុន​អះអាង​ថា គេ​បាន​គ្រប់គ្រង​ស្ថានការណ៍​ ហើយ​ស្នូល​អ៊ុយរ៉ានីញ៉ូម​របស់​ម៉ាស៊ីន​ប្រតិករ​នឹង​មិន​រង​ការខូចខាត ហើយក៏​មិន​​​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ប្រជាជន​ដែរ។

ផ្សាយពាណិជ្ជកម្ម

ម៉ាស៊ីន​ប្រតិករ​ទីមួយ និង​ទីបី ​ស្ថិតក្នុង​ដំណាក់កាល​Fusion នុយក្លេអ៊ែរ មានន័យ​ថា ស្នូល​ផ្ទុក​អ៊ុយរ៉ានីញ៉ូម ក្នុង​ម៉ាស៊ីន​ប្រតិករ អាច​បង្ក​ជាកម្លាំង​ផ្ទុះឡើង។ បើស្នូលអ៊ុយរានីញ៉ូមផ្ទុះ ធាតុ​វិទ្យុ​សកម្មនៅ​ក្នុង​នោះ​នឹង​បែក​សាយភាយ​ចេញមកក្រៅ គ្មានអ្វី​ទប់បាន​ទេ។

ស្ថានការណ៍​ថ្ងៃអាទិត្យ​​នេះ អាចឈាន​ចូល​ដំណាក់កាលប្រកាសអាសន្ន និង​មាន​លក្ខណៈ​តានតឹង​ជាង​កាលពី​ថ្ងៃសៅរ៍ ​ម្សិលមិញ។ កាលពីថ្ងៃ​ម្សិលមិញ អាជ្ញាធរ​ជប៉ុន​បាន​ប្រកាស​ថា កម្តៅ​ក្នុង​ស្នូល​អ៊ុយរ៉ានីញ៉ូម​កើនឡើង​មិន​ឈប់។ នោះគឺ​ដោយសារ ប្រព័ន្ធ​រក្សា​សីតុណ្ហភាព ខូច​មិន​ដំណើរការ។ ប្រព័ន្ធបំពង់​បូមទឹកត្រជាក់​នៅ​ម៉ាស៊ីន​ប្រតិករ​ទីមួយ​បាន​ផ្ទុះខូច កាលពីម្សិលមិញ ដោយសារ​គេ​បង្ខំបូមទឹកត្រជាក់​ទៅ​ទប់កំដៅស្នូល​ម៉ាស៊ីន​ប្រតិករ។

ចូល​ដល់​ពេលយប់​ថ្ងៃ​សៅរ៍ គេ​បាន​បង្ហាញថា ប្រព័ន្ធ​រក្សា​សីតុណ្ហភាព​នៅ​ម៉ាស៊ីន​ប្រតិករ​ទីបី ក៏​ជួប​​បញ្ហា​ដូចគ្នា​ទៀត។ ម៉ាស៊ីន​បូមទឹក​ត្រជាក់​សម្រាប់​រក្សា​កំដៅ​ស្នូល​អ៊ុយរ៉ានីញ៉ូម មិន​ដំណើរការ រហូត​ដល់​អាជ្ញាធរ​ជប៉ុន​បាន​សម្រេច​បូម​ទឹកសមុទ្រ​ដើម្បីយក​មក​ បន្ថយ​កំដៅ​ស្នូល​អ៊ុយរ៉ានីញ៉ូម។

ការបូម​យក​ទឹកសមុទ្រ​មក​បន្ថយ​កំដៅ ម៉ាស៊ីន​ប្រតិករ​នេះ    ជា​ជម្រើស​ចុងក្រោយ​ហើយ​របស់​អាជ្ញាធរ​ជប៉ុន ប៉ុន្តែ អ្នកជំនាញ​នុយក្លេអ៊ែរអន្តរជាតិ ជាទូទៅ ចាត់ទុក​ថា ជា​ប្រតិបត្តិការ​មួយ​ដែល​មិនត្រឹមត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ។

​បើទោះជា​មាន​ទឹកសមុទ្រ​មកជួយ​បន្ថយ​កំដៅ ប៉ុន្តែ ម៉ាស៊ីន​ប្រតិករ​ទីបី នៅតែ​ឡើង​កំដៅ។ អាជ្ញាធរ​ជប៉ុន​បាន​វាយតម្លៃ​នៅថ្ងៃ​នេះ ថា ស្នូល​អ៊ុយរ៉ានីញ៉ូម​ក្នុង​ម៉ាស៊ីន​ប្រតិករ​ទីមួយ និង​ទីបី ចាប់ផ្តើម​​រលាយ​ដោយសារ​ការឡើង​កំដៅខ្ពស់។ ជាមួយ​គ្នានេះ កម្រិត​អ៊ីដ្រូសែន​នៅ​បន្ទប់​​ដាក់​​ម៉ាស៊ីន​ប្រតិករ​ទីបី បាន​កើនឡើង​ខ្ពស់ រហូត​ដល់​អាច​ធ្វើ​ឲ្យមាន​សម្ពាធខ្លាំង និង ផ្ទុះ​បាក់​ដំបូល​គ្រប​ម៉ាស៊ីន​ប្រតិករ ដូច​ករណី​ម៉ាស៊ីន​ប្រតិករ ទីមួយ។ ក្នុង​ករណី​ដែល​ស្នូល​ប្រតិករផ្ទុះ បញ្ចេញ​ធាតុវិទ្យុសកម្ម ហើយ​ដំបូល​​ម៉ាស៊ីន​ប្រតិករ​បាក់បែក​ទៀត នោះគឺ​​ធាតុវិទ្យុសកម្ម​ចេញ​មកក្រៅ​បាន​ទេបាន​ដោយ​សេរី។ នៅពេល​នេះ អ្នកជំនាញ​ខាង​នុយក្លេអ៊ែរ​​អន្តរជាតិ​បាន​ព្រមាន ថា បញ្ហា ​នៅ​ជប៉ុន​ពេលនេះ គឺ​ នឹង អាច​ឈាន​ដូច​ករណី​ដែល​កើតឡើងនៅ Three mile island នៅ​អាមេរិក និង​អាច​ឈាន​ធ្ងន់ធ្ងរ ដូច​ករណី Tchernobyl នៅ​អ៊ុយក្រែន កាលពី​ឆ្នាំ ១៩៨៦។
 

ការរៀបរាប់​របស់និស្សិត​ ភឹម រុនណារ៉េតស្តី​ពី​វិធានការ​ការពារ​ធាតុវិទ្យសកម្ម នៅ​ជប៉ុន

នៅថ្ងៃអាទិត្យ នេះ អាជ្ញាធរ​ជប៉ុន​បាន​និយាយ​ពី​វិធីសាស្រ្ត​មួយទៀត ដែលគេ​បាន​ប្រើ កាលពី​ថ្ងៃសៅរ៍ ​ម្សិលមិញ។ នោះគឺ​ថា បន្ទាប់​ពី​មាន​បញ្ហា​ខ្វះទឹក​ត្រជាក់ ដើម្បី​រក្សា​សីតុណ្ហភាព​ស្នូល​អ៊ុយរ៉ានីញ៉ូមនៅ​ម៉ាស៊ីន​ប្រតិករ​ទីមួយ អ្នកជំនាញ នុយក្លេអ៊ែរ ជប៉ុន បាន​បន្ធូរ បន្ថយ​សម្ពាធ​ក្នុង​ម៉ាស៊ីន​ប្រតិករ ​តាមរយៈ​ការបង្ហើប បញ្ចេញ​ធាតុវិទ្យុសកម្ម​​ចេញ​មក​ក្រៅ​ខ្លះ។ ការជួយ​កាត់​បន្ថយ​សម្ពាធ​ អាច​ជួយ​ឲ្យ​កាត់បន្ថយ​គ្រោះថ្នាក់​ផ្ទុះពី​ក្នុង​ម៉ាស៊ីន​ប្រតិករ​​បាន​មួយ ​រយៈ។ នៅថ្ងៃនេះ គេ​បាន​បញ្ចេញ​ មកក្រៅ​នូវ សារធាតុ​វិទ្យុសកម្ម ពី​ម៉ាស៊ីន​ប្រតិករ​ទីបី។ គេ​បាន​វាយតម្លៃ​ថា សាធាតុ​វិទ្យុសកម្ម​ពេល​នេះ កំពុង​សាយភាយ​ចេញច្រើន​មក​ក្នុង​តំបន់​ជុំវិញ​រោងចក្រ ដល់​កម្រិត​មួយ​ដែល​លើស​ពី​កម្រិតធម្មតា​​ដែល​មនុស្ស​អាច​ទទួលបាន។

នៅប្រទេស ​ជប៉ុន ពេលនេះ មនុស្ស​ជាច្រើន​សែន​​នាក់​ត្រូវ​គេ​ជម្លៀស​ចេញ​ពី​តំបន់​ជុំវិញ រោងចក្រ​នុយក្លេអ៊ែរ គឺ​ស្ថិតនៅ​ឆ្ងាយ​ឲ្យ​បាន​២០គីឡូម៉ែត្រ​ពី​រោងចក្រ។ ហើយ ​មនុស្ស​រាប់ពាន់​នាក់​ត្រូវ​ឆ្លង​កាត់​បន្ទប់ ត្រួតពិនិត្យ​រក​សារធាតុ​វិទ្យុសកម្ម។ រហូត​មកដល់ពេលនេះ មាន​តែ​បុគ្គលិក​របស់​រោងចក្រ​ដែល​របួស​នៅក្នុង​ការផ្ទុះ ដំបូល​គម្រប​ម៉ាស៊ីន​ប្រតិករ​ទីមួយ​ទេ ដែល​រងធាតុវិទ្យុសកម្ម​ខ្ពស់ជាងគេ។ ចំណែក​ប្រជាជន​៩​នាក់​ផ្សេងទៀត ត្រូវ​គេ​រក​ឃើញ​​មាន​រង​ធាតុវិទ្យុ​សកម្មដែរ។ ពួកគេ​ទាំងនេះ អាចរងវិទ្យុសកម្ម ក្នុងពេល​ពួកគេ​ឈរ​រង់ចាំ​ អ្នកជួយ​សង្រ្គោះ នៅ​ខាងក្រៅ​មន្ទីរពេទ្យ ក្នុង​ពេល​រោងចក្រ​ផ្ទុះដំបូល បែកសាយភាយ​វិទ្យុសកម្មចេញមកក្រៅ។ រងវិទ្យុសកម្ម គឺ​ពួកគេ​ប្រឈម​នឹង​គ្រោះថ្នាក់​កើតជំងឺ​មហារីក។

នៅពេល​នេះ ទោះបី​មិនមាន​សមាសភាពច្រើន តែ​ធាតុវិទ្យុសកម្ម​បានសាយភាយ នៅតំបន់​ជុំវិញរោងចក្រ នុយក្លេអ៊ែរ។ ចាប់តាំងពីថ្ងៃ​សៅរ៍ម្សិលមិញ រដ្ឋាភិបាល​ជប៉ុន​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​បិទ​បង្អួច ស្ថិតនៅក្នុង​ផ្ទះ បិទមុខ និង​ឧស្សហ៍រុំខ្លួន​នឹង​ក្រណាត់​សើម​ជានិច្ច។ មួយវិញទៀត យុទ្ធនាការ​ចែក​ចែក​អ៊ីយូត​ទៅ​ប្រជាជន​ដើម្បី​ការពារខ្លួន​នឹង​ធាតុ​ វិទ្យុសកម្ម បាន​ចាប់ផ្តើម​ធ្វើ​ឡើង​នៅ​តំបន់ ជុំវិញ​ដែល​ធាតុវិទ្យុសកម្ម​មាន​កម្រិតខ្ពស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI