អានតួអត្ថបទ
ជប៉ុន

ជប៉ុន​ខ្លាច​បារម្ភ​ធ្លាក់​ភ្លៀង​វិទ្យុ​សកម្ម

ម៉ាស៊ីន​ប្រតិករ​ទី​បី នៅ​មជ្ឈមណ្ឌល​ Fukushima Daiichi បញ្ចេញ​ផ្សែង​ដែល​មាន​ធាតុ​អ៊ុយរ៉ាញ៉ូម និង​ភ្លុយតូញ៉ូម​ ពុល​បំផុត ថ្ងៃទី ២១ មីនា ២០១១
ម៉ាស៊ីន​ប្រតិករ​ទី​បី នៅ​មជ្ឈមណ្ឌល​ Fukushima Daiichi បញ្ចេញ​ផ្សែង​ដែល​មាន​ធាតុ​អ៊ុយរ៉ាញ៉ូម និង​ភ្លុយតូញ៉ូម​ ពុល​បំផុត ថ្ងៃទី ២១ មីនា ២០១១ Reuters/Tokyo Electric Power Co.
ដោយ៖ វីនស្តុន រតនា
១៧ នាទី

ភ្លៀង​ដែល​ធ្លាក់​នៅ​ថ្ងៃ​ចន្ទ​២១​មីនា​នេះ​ នៅ​Fukushima​ និង​Tokyo​ធ្វើ​ឱ្យ​បណ្តាជន​ខ្លាច​បារម្ភ​ធ្លាក់​ធាតុ​វិទ្យុ​សកម្ម។​ ប្រសិន​បើ​នៅ​Tokyo​ ភ្លៀង​ទំនង​ជា​មិន​បង្ហាញ​ជា​គ្រោះថ្នាក់​សំរាប់​សុខភាព​ទេ​ នោះ​ក្រសួង​សុខាភិបាល​ទូន្មាន​កុំ​ឱ្យ​បណ្តាជន​នៅ​Fukushima​ ផឹក​ទឹក​ចេញ​ពី​ក្បាល​ម៉ាស៊ីន​ទឹក។​ ចាប់​ពី​អំណើះ​ត​ទៅ​ បណ្តាជន​ទុក​ចិត្ត​លើ​កងទ័ព​ជាង​លើ​នាយក​រដ្ឋ​មន្ត្រី​ដែល​ត្រូវ​គេ​ទិតៀន​ រិះ​គន់​ នៅ​ក្នុង​ការប្រឈម​មុខ​នឹង​វិបត្តិ។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តីរាយការណ៍ របស់Frédéric Charles ពីទីក្រុង​តូក្យូ ប្រែ​សម្រួល​ដោយ​ វីនស្តុន រតនា

មាន​ភ្លៀង​ធ្លាក់​រលឹម​នៅ​រោង​ចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ នៅ​Fukushima។​ នៅ​Tokyo​ក៏​មាន​ភ្លៀង​ធ្លាក់​រលឹម​ដែរ។​ខ្យល់​បក់​រុញ​ច្រាន​ការសាយភាយ​ធាតុ​វិទ្យុ​សកម្ម​ចេញ​ពី​ម៉ាស៊ីន​ប្រតិកម្ម​រង​គ្រោះ​ថ្នាក់​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង​គឺថា​ទៅ​កាន់​Tokyo។​ នៅ​ជុំវិញ​Fukushima​និង​Tokyo​ ចុណ្ណភាគ​វិទ្យុ​សកម្ម​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ទឹក​ចេញ​ពី​ក្បាល​ម៉ាស៊ីន​ទឹក។​ នៅ​Fukushima​​ ក្រសួង​សុខាភិបាល​ទូន្មាន​កុំ​ឱ្យ​បណ្តាជន​ខ្លួន​ផឹក​ទឹក​នេះ។​ នៅ​Tokyo​ គេ​ខ្លាច​បារម្ភ​ទឹក​ភ្លៀង​មាន​បង្កប់​ធាតុ​វិទ្យុ​សកម្ម។

នៅ​លើ​ដំបូល​ស្ថានទូត​ខ្លះ​ ​ គេ​បាន​ដាក់​ឩបករណ៍​សំរាប់​វាស់​កំរិត​វិទ្យុ​សកម្ម។​កំរិត​ធាតុ​វិទ្យុ​សកម្ម​ចុះ​ផ្សាយ​ដោយ​ក្រសួង​ឩស្សាហកម្ម​ត្រូវ​គេ​យក​មក​ប្រៀប​ធៀប​គ្នា។ ​វា​ត្រូវ​នឹង​កំរិត​ស្រង់​ដោយ​ស្ថានទូត។ ​នៅ​ខណៈ​នេះ​ ​ ភ្លៀង​មិន​បង្ហាញ​ជា​គ្រោះ​ថ្នាក់​សំរាប់​សុខភាព​មនុស្ស​ទេ។

ភ្លៀង​បាន​រារាំង​មិន​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ណាអូតូ​ កាន​ អញ្ជើញ​ទៅ​កាន់​ទី​ជិត​ខាង​នឹង​រោងចក្រ​នៅ​Fukushima។​ នេះ​ប្រហែល​អាច​ជា​ការអភ័យ​ទោស​មួយ​ឱ្យ​គាត់។ ​ពួក​អ្នក​នៅ​រួច​រស់​ជីវិត​ផុត​ពី​​ការស្លាប់​មិន​ចង់​ឃើញ​មុខ​នាយក​រដ្ឋ​មន្ត្រី​ទៀត​ទេ។​ គេ​វិនិច្ឆ័យ​អំពី​របៀប​ដោះស្រាយ​វិបត្តិ​របស់​គាត់​ថា​នាំ​ឱ្យ​ហិន​ហោច​អន្តរាយ​ទៅ​វិញ។​ កងទ័ព​ទទួល​បន្ទុក​ខាង​រោង​ចក្រ​នៅ​Fukushima​ជា​ទី​ដែល​អគ្គិសនី​ត្រូវ​បាន​ស្តារ​ឱ្យ​មាន​ឡើង​វិញ​ នៅ​ក្នុង​សាល​ត្រួត​ពិនិត្យ​បី។​ សព្វថ្ងៃ​ ពួក​អ្នក​នៅ​រួច​រស់​ជីវិត​ផុត​ពី​ការស្លាប់​ផ្តល់​ទំនុក​ទុក​ចិត្ត​របស់​ខ្លួន​ច្រើន​ជាង​ពី​មុន​ទៅ​ទៀត​ទៅ​លើ​កងទ័ព៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ