ជប៉ុន

ភាព​អត់​ធ្មត់ និង​ការ​ព្រួយ​បារម្ភ​របស់​ប្រជាជន​ក្រោយ​គ្រោះ​រញ្ជួយ​ដី

ក្រុម​អ្នក​សង្គ្រោះ​កំពុង​បន្ត​ប្រតិបត្តិការ​រុក​រក​ជន​រង​គ្រោះ
ក្រុម​អ្នក​សង្គ្រោះ​កំពុង​បន្ត​ប្រតិបត្តិការ​រុក​រក​ជន​រង​គ្រោះ © Reuters

ក្រុម​អ្នក​សង្គ្រោះ​បន្ត​រក​ឃើញ ជន​រង​គ្រោះ​បន្ថែម​ ពី​ម៉ោង​ទៅ​មួយ​ម៉ោង … មាន​ឃើញ​សាក​សព​​ថ្មីៗ​​ទាំង​ពាន់ៗ។ នៅ​ក្រុង Miyagi សាក​សព​ចំនួន​២០០០នាក់​ត្រូវ​បាន​​គេ​រក​ឃើញ​ស្លាប់​លង់​ទឹក នៅ​ថ្ងៃ​នេះ នៅ​តាម​ឆ្នេរ។ ១ម៉ឺន​នាក់​ផ្សេង​ទៀត​នៅ​បាត់​ខ្លួន​ឡើយ​នៅ​ក្នុង​តំបន់​នេះ។ ទាហាន​ជប៉ុន​ ១០​ម៉ឺន​នាក់ បូក​ជាមួយ​នឹង​ក្រុម​សង្គ្រោះ​បរទេស​ បន្ត​ធ្វើ​ ប្រតិបត្តិការ​ជំនួយ​សង្គ្រោះ​ យ៉ាង​​ប្រញឹក​បំផុត​។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

អាជ្ញាធរ​បាន​ប្រមូល​ផ្តុំ​កម្លាំង​យោធា ចំនួន ១០ ម៉ឺន​នាក់ ពោល​គឺ​ស្មើ​នឹង​៤០% នៃ​ទាហាន​សរុប ដើម្បី​ជួយ​ជម្លៀស​ប្រជាជន វែក​​​​គំនរ​ថ្ម​បែក​បាក់ ក្រែ​ង​អាច​រក​ឃើញ​សាក​សព​ ឬ ដោយ​អព្ភូតហេតុ អ្នក​រួច​ពី​ស្លាប់។​

ក្រុម​ជំនួយ​សង្គ្រោះ​បរទេស​ មាន​ជាអាទិ៍​បារាំង សហរដ្ឋ​អាមេរិក ចិន កូរ៉េ​ខាង​ត្បូង តែវ៉ាន់ អូស្ត្រាលី កំពុង​តែ​មក​ដល់​ជា​បន្ត​បន្ទាប់។

​ស្ថានភាព​នៅ​កន្លែង​​រង​គ្រោះ​ មាន​ការ​លំបាក​បំផុត ត្រូវ​កាត់​ផ្តាច់​ទាំង​ស្រុង​ពី​ពិភពលោកខាង​ក្រៅ​។ គេ​អាច​ទៅ​ដល់​ភូមិ​ឋាន​ដាច់​ស្រយាល បាន​តាម​រយៈ​តែ​ឧទ្ធម្ភាគចក្រ​តែ​ប៉ុណ្ណោះ។ គ្មាន​ទឹក គ្មាន​ភ្លើង គ្មាន​ទូរស័ព្ទ​អាច​ទាក់​ទង​ជា​មួយ​នឹង​ក្រុម​គ្រួសារ ខ្លះ​ខ្វះ​ទាំង​អ្វី​សម្រាប់​បរិភោគ​ផង គឺ​ខ្វះ​សព្វ​ខ្វះ​គ្រប់​តែ​ម្តង។ ចំនួន​មនុស្សស្លាប់​ និង​បាត់​ខ្លួន​កើន​ឡើង​ ដល់​រាប់​ម៉ឺន បន្ថែម​ពី​លើ​នេះ រដ្ឋាភិបាល​ជប៉ុន ត្រូវ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​សង្គ្រោះ​បន្ទាន់​ ដល់​ជន​ភៀស​ខ្លួន ប្រមាណ​ជាង ៧០​ម៉ឺន​នាក់។

ប៉ុន្តែ​ ប្រជាជន​រង​គ្រោះ​ជប៉ុន មាន​ការ​អត់​ធ្មត់ និង​អំណត់​បំផុត​ ! បើ​ទោះ​បី​ជា​ត្រូវ​បាត់​បង់​ផ្ទះ​សម្បែង ក្រុម​គ្រួសារ​​ស្ទើរ​គ្មាន​សល់​ម្នាក់​ក៏ដោយ ក៏​បណ្តា​ជន​នៅ​ក្រុង​ សិនដៃ បាន​​រក្សា​ភាព​ស្ងប់​ស្ងាត់ មាន​វិន័យ​ខ្ពស់ ប្រកាន់​ខ្ជាប់​ជា​ពលរដ្ឋ​ល្អ គោរព​គ្នា​ ក្នុង​ការ​រង់​ចាំ​ទទួល​ជំនួយ ជា​​ទឹក និង​ចំណី​អាហារសម្រាប់​រស់។ ដៃ​កាន់​ធុង​ ឬ​ថូ​សម្រាប់​ត្រង​ទឹក​ស្អាត ឬ​ប្រេងសាំង​ ជា​ជួរៗ​ ដោយ​ភាព​សន្តោស​ប្រណី​គ្នា គ្មាន​ទោសៈ គ្មាន​ពាក្យ​លើស​លស់លើ​គ្នា​សោះ។

ចំណែក​នៅទីក្រុង​តូក្យូ ក្រុង​ដែល​មាន​បណ្តា​ជន​រស់​នៅ​ជាង ៣៥​លាន​នាក់​វិញ ​បណ្តា​ជន​ទាំង​ក្នុង​ទីក្រុង និង​ជាយ​ក្រុង​ កំពុង​តែ​ចាប់​ផ្តើម​ព្រួយ​បារម្ភ​ប្រឈម ដោយ​ហេតុ​តែ​​​កង្វះ​អគ្គិសនី​ គ្រឿង​ឧបភោគ​បរិភោគ ដែល​អូស​បន្លាយ​ចំនួន​បី​ថ្ងៃ​មក​ហើយ។ ម្យ៉ាង​វិញទៀត​ ​អារម្មណ៍​ជ្រួល​​ច្របល់ និង​សំណួរ​ជា​ច្រើន​កំពុង​ចោទ​ឡើង ថា​តើ​គេ​ត្រូវ​ភៀស​ខ្លួន​យ៉ាង​ដូច​ម្តេច និង​ទៅ​ទីណា​ ប្រសិន​បើ​មាន​​​​គ្រោះ​ថ្នាក់​បង្ក​ឡើង​​ជាតិ​វិទ្យុ​សកម្ម ព្រោះ​​ចរាចរណ៍​​ផ្លូវដែក​​ជួប​នឹង​ការ​រអាក់​រអួល​យ៉ាង​ខ្លាំង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

ប្រឈម​នឹង​គ្រោះ​ផ្ទុះ​មជ្ឈមណ្ឌល​​នុយក្លេអ៊ែរ ស្ថានទូត​នៃ​បណ្តា​ប្រទេស​នៅ​​​​អឺរ៉ុប​ បារាំង ហូឡង់​ អាល្លឺម៉ង់ អូទ្រីស លើក​លែង​តែ​សហរដ្ឋ​អាមេរិកបាន​ចេញ​អនុសាសន៍​ឲ្យ​ ប្រជាជន​របស់​ខ្លួន​ចាក​ចេញ​ពី​តំបន់​តូក្យូ។ ស្ថានទូត​ខ្មែរ​ក៏បាន​សេច​ក្តី​ណែនាំ​នេះ​ដូច​គ្នា។ និស្សិត​ខ្មែរ ជាង​បី​រយ​នាក់ ដែល​ក្នុង​នោះ បួន​នាក់ នៅ​តំបន់​​រង​គ្រោះ សុទ្ធ​តែ​មាន​ភព្វ​សំណាង​បាន​រួច​ផុត​ពី​គ្រោះរញ្ជួយ​ដី​ គ្រប់​ៗគ្នា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI