កម្ពុជា

ក្រុម ​IS ​កាត់​​ក្បាល​​ចំណាប់​ខ្មាំង​​ជប៉ុន​​ម្នាក់​ទៀត ​តែ​​លោក​​អា​បេ​ ប្តេជ្ញា​​ថា​​មិន​​ចុះចាញ់​

លោក​​Kenji ​Goto ​​ដែល​ត្រូវ​​សកម្មជន​អង្គការ​​​រដ្ឋអ៊ីស្លាម​​​ សម្លាប់​​ដោយ​​កាត់​ក្បាល​​(រូបភាពតាមខ្សែវីឌីអូ)
លោក​​Kenji ​Goto ​​ដែល​ត្រូវ​​សកម្មជន​អង្គការ​​​រដ្ឋអ៊ីស្លាម​​​ សម្លាប់​​ដោយ​​កាត់​ក្បាល​​(រូបភាពតាមខ្សែវីឌីអូ)

ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម IS បានប្រកាស​នៅក្នុង​វីដេអូ ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ពួកគេ​បាន​កាត់​ក្បាល​ចំណាប់ខ្មាំង​ជនជាតិ​ជប៉ុន​ម្នាក់​ទៀតហើយ ដើម្បី​បញ្ចេញ​កំហឹង​ទៅកាន់​ទីក្រុង​តូ​ក្យូ ដែល​ព្រងើយកន្តើយ​នឹង​សំណើរ​របស់​ពួកគេ។ ហើយ​នេះ​ក៏​ដើម្បី​ឆ្លើយតប​នឹង​ការ​ដាក់​ទណ្ឌកម្ម​​របស់​​ទីក្រុង​​វ៉ាស៊ីនតោន​​ផង​ដែរ​។ ​យ៉ាងណា​ក៏ដោយ ​នាយករដ្ឋមន្ត្រី​​ជប៉ុន​ លោក​អា​បេ ​នៅតែ​​ប្តេជ្ញា​​ថា​ មិន​​ចុះ​ញ៉ម ​នឹង​​អំពើ​​ភេរវ​និយម​​ឡើយ​។​

ផ្សាយពាណិជ្ជកម្ម

និយាយ​ជារួម​ទៅ ចំណាប់ខ្មាំង​ជនជាតិ​ជប៉ុន ២នាក់ គឺ​ត្រូវបាន​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម កាត់​ក្បាល​ទាំងពីរ ក្នុង​រយៈពេល​មួយ​សប្តាហ៍។ ពោលគឺ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ក្រុម​ភេរវ​និយម​នេះ បាន​បង្ហោះ​វីដេអូ ពី​ការ​កាត់​ក្បាល​ចំណាប់ខ្មាំង​គឺ លោក Shoichi Yukawa ហើយ​នៅ​ថ្ងៃ​សៅរ៍​នេះ ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម​នេះ បាន​បង្ហោះ​វីដេអូ​ជាថ្មី បញ្ជាក់ថា​ពួកគេ​បាន​កាត់​ក្បាល​ចំណាប់ខ្មាំង​ម្នាក់ទៀត ដែលជា​អ្នកកាសែត​ជប៉ុន គឺ​លោក Kenji Goto។ ប៉ុន្តែ​នៅក្នុង​វីដេអូ​នោះ ក្រុម​ភេរវ​និយម​នេះ មិនបាន​និយាយ​ពី​ចំណាប់ខ្មាំង ដែលជា​អ្នកបើកបរ​យន្តហោះ​សញ្ជាតិ​ហ្សកដានី ដែល​ពួកគេ​គម្រាម​សម្លាប់​នោះទេ។

នៅក្នុង​វីដេអូ​នោះ អ្នកកាសែត​ជប៉ុន លោក Goto ដែល​ស្លៀក​សម្លៀកបំពាក់​ពណ៌​ទឹកក្រូច ដូច​អ្នកទោស លួច​រត់​ពី​ក្នុង​ពន្ធនាគារ Quantanamo បាន​លត់​ជង្គង់ នៅ​ជិត​ភេរវជន​ជី​ហាត ដែល​ស្លៀកពាក់​ខ្មៅ​សុទ្ធ និង​មាន​បិទ​ម៉ា​ស់មុខ​ម្នាក់។ ភេរវជន​ជី​ហាត​នោះ បាន​និយាយ​ជា​ភាសា​អង់គ្លេស បន្ទោស​ទៅកាន់​រដ្ឋាភិបាល​ជប៉ុន​ថា ជាដើម​ហេតុ​នៃ​ការធ្វើ​ឲ្យ​ជនជាតិ​ខ្លួន​ស្លាប់។

ឃាតករ បាន​ថ្លែង​នៅក្នុង​វីដេអូ ទៅកាន់​នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ីន​ហ្សូ អា​បេ​ថា ឃាតកម្ម​លើ​អ្នកកាសែត Goto នេះ គឺ​ជាស​ញ្ញ​បញ្ជាក់ថា «ជប៉ុន​កំពុងតែ​ចាប់ផ្តើម​មាន​សុ​បិ​ន្ត​អាក្រក់​ហើយ»។ ឃាតករ​ដែលជា​ជន​ជី​ហាត​ដដែល បាន​ចំអក​ថា ការស្លាប់​របស់លោក Gotoនេះ គឺជា​លទ្ធផល​នៃ​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាលជ​ប៉ុន។វីដេអូ​នោះ បានបញ្ចប់​ទៅដោយ​មាន​រូបភាព​ដងខ្លួន​ជាមួយនឹង​សម្លៀកបំពាក់​ពណ៌​ទឹកក្រូច និង​ក្បាល​ដែល​ដាច់ចេញពី​ដងខ្លួន​របស់លោក Goto។

បន្ទាប់ពី​វីដេអូ​នោះ បាន​បែកធ្លាយ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ក្នុងប្រទេស​ជប៉ុន, លោក​អា​បេ បាន​ថ្លែង​ទាំង​ក្រៀមក្រំ ពី​ទីក្រុង​តូ​ក្យូ ព្រមទាំង​សន្យា​ទាំង​កំហឹង​ថា «គ្មាន​ថ្ងៃ​អត់អោន​ឲ្យ​ក្រុម​ភេរវជន​នោះឡើយ»។ លោក​អា​បេ ប្តេជ្ញា​ដោយ​មិន​ចុះ​ញ៉ម​ថា នឹង​នៅតែ​បន្ត​សហការ​ជាមួយ​សហគម​អន្តរជាតិ ដើម្បី​យក​ពួក​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ដ៏​សាហាវ​យ៉ង់​ខ្នង​ទាំងនោះ មក​ដាក់ទោស​ឲ្យ​បាន។

សហគម​អន្តរជាតិ ដូចជា​ប្រធានាធិបតី​អាមេរិក លោក​បា​រ៉ា​ក់ អូ​ម៉ា, លោក​ហ្វ្រ​ង់​ស័​រ ហូ​ឡង់ ប្រធានាធិបតី​បារាំង និង​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក​ដេវីដ កា​មេ​រ៉ូ​ន សុទ្ធតែ​បានចេញ​មុខ​ថ្កោលទោសភ្លាមៗចំពោះ​ការ​កាត់​ក្បាល​ចំណាប់ខ្មាំង​ជប៉ុន​ជា​លើក​ទី២នេះ។ ពួកគេ​បាន​ថ្កោល​ថា នេះ​ជា​ទង្វើ «ដ៏​សែន​សាហាវឃោរឃៅ» គ្មាន​មនុស្សធម៌ និង​មិនអាច​អត់ឱន​ឲ្យ​បានជា​ដាច់ខាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI