ជញ្ជីងពាណិជ្ជកម្មជប៉ុន ជួបឱនភាពមិនធ្លាប់មាន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅខែកក្កដាកន្លងទៅនេះ ជញ្ជីងពាណិជ្ជកម្មជប៉ុនបានស្គាល់ឱនភាពយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានក្នុងប្រវត្តិពាណិជ្ជកម្មជប៉ុន។ ឱនភាព ក្នុងទំហំទឹកប្រាក់ ប្រមាណ៥២០០លានអឺរ៉ូ ក្នុងពេលតែមួយខែកក្កដា ដែលបណ្តាលមកពីការនាំចេញទៅចិន និងអឺរ៉ុបបន្ថយល្បឿន ជាតួលេខដ៏អាក្រក់បំផុតសម្រាប់មហាអំណាចសេដ្ឋកិច្ចទីបីលើពិភពលោក។ អាក្រក់ជាងការប៉ាន់ប្រមាណទុកដល់ទៅពីរដង។
កាលពីខែកក្កដាឆ្នាំ២០១១ បួនខែក្រោយគ្រោះមហន្តរាយនុយក្លេអ៊ែរ និងទោះបីជាឧស្សាហកម្មត្រូវគាំងស្តូកស្តឹងអស់ជាច្រើនសប្តាហ៍មែន តែជញ្ជីងពាណិជ្ជកម្មជប៉ុននៅពេលនោះគ្មានឱនភាពទេ។ ប៉ុន្តែនៅខែកក្កដាឆ្នាំ២០១២ ការនាំចេញបានធ្លាក់ចុះដល់ទៅ៨,១% មកនៅត្រឹមតែ ៥៣១៣,៣ពាន់លានយ៉េន ក្នុងមួយឆ្នាំ។ ការនាំចេញធ្លាក់ចុះលើគ្រប់វិស័យ ៖ ឧបករណ៍ឧស្សហកម្មធុនធ្ងន់ អគ្គិសនី ម៉ាស៊ីនផលិតក្រណាត់ វត្ថុធាតុដើមបំផ្លែង (ដែក គីមី ក្រដាស) និងផលិតផលអេឡិចត្រូនិក (ម៉ាស៊ីនថត ម៉ាស៊ីនចាក់វីដេអូ) ។ល។ និង។ល។ លើកលែងតែឧស្សាហកម្មរថយន្តមួយចេញ។
ប្រាក់ចំណូលដែលបានមកធ្វើការលក់ផលិតផលនៅបរទេសមានតិចតួច ក៏ព្រោះតែប្រាក់យ៉េនឡើងថ្លៃខ្លាំង ជាពិសេសនៅចំពោះមុខប្រាក់អឺរ៉ូ មួយឆ្នាំចុងក្រោយនេះ។ ប្រាក់យ៉េនខ្ពស់ បានធ្វើឱ្យអ្នកវិនិយោគជប៉ុននៅតំបន់អឺរ៉ូទទួលបានប្រាក់ចំណេញតិចពេលប្តូរយករូបិយប័ណ្ណជាតិ។ ប្រឈមនឹងវិបត្តិប្រាក់បំណុល និងដំណើរសេដ្ឋកិច្ចដើរថយក្រោយ សហភាពអឺរ៉ុប តំបន់ចាយប្រាក់អឺរ៉ូ បានត្បិតត្បៀតចំណាយ ដែលនៅទីបំផុត ការនាំចេញរបស់ជប៉ុន មកអឺរ៉ុបធ្លាក់ចុះអស់មួយភាគបួន។
ធ្ងន់ធ្ងរជាងនេះទៅទៀត ជប៉ុនក៏កំពុងឥទ្ធិពលនៃកំណើនសេដ្ឋកិច្ចបន្ថយល្បឿនរបស់ចិន។ ការនាំចេញទៅកាន់ប្រទេសដៃគូពាណិជ្ជកម្មទីមួយនេះ បានធ្លាក់ចុះអស់១១,៩% និងជាង១៤%នៅកាន់ប្រទេសកូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងសិង្ហបុរី។ មានតែការលក់ រថយន្តទៅអាមេរិកមួយប៉ុណ្ណោះ ដែលស្គាល់ការកើនឡើងប្រមាណជាង៤,៧%។
ការនាំចេញថយចុះ ឯការនាំចូលកើនឡើង គ្មានឈប់ឈរក្នុងរយៈពេលពីរឆ្នាំកន្លះចុងក្រោយនេះ ៖ ការនាំចូលទូរស័ព្ទ ឧស្ម័នធម្មជាតិ ដើម្បីបង្កើនការផលិតអគ្គិសនី ព្រោះមជ្ឈមណ្ឌលអគ្គិសនីនុយក្លេអ៊ែរ ទាំង៥០ ត្រូវបានបិទជាបន្តបន្ទាប់ស្ទើរតែទាំងអស់ ក្នុងហេតុផលសុវត្ថិភាព (ពីរទើបបើកឱ្យដំណើរការវិញកាលពីខែកក្កដា)។
ជាសរុប ជញ្ជីងពាណិជ្ជកម្មជប៉ុនជួបឱនភាព ហើយបើស្ថានភាពនេះកាន់តែដុនដាបបន្តទៀត នោះវានឹងអាចធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជប៉ុន ដែលបានគឿងនៅត្រីមានទីពីរ ព្រោះចំណាយក្នុងស្រុកគ្មានកើនបន្តិចសោះ។ អ្នកជំនាញសេដ្ឋកិច្ចព្យាករថាសកម្មភាពសេដ្ឋកិច្ចនឹងអាចកំរើកវិញពីពេលនេះដល់ដំណាច់ឆ្នាំ២០១២៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ