ជប៉ុន-ចិន

ជប៉ុន​ពង្រាយ​យន្តហោះ​ចំបាំង​ច្រើនគ្រឿង​ តប​ទៅនឹង​យន្តហោះ​ចិន​ដែល​ហោះលើ​ដែនទឹក​ជុំវិញ​កោះ​អូគីណាវ៉ា​

សារព័ត៌មាន​ជប៉ុន​បាន​​ប្រាប់​អោយ​ដឹង​នៅថ្ងៃ​អាទិត្យ​នេះថា ជប៉ុនបាន​ដាក់​​ពង្រាយ​យន្តហោះចំបាំង​ខ្លួន​ជាច្រើន​គ្រឿង បន្ទាប់​ពី​យន្តហោះ​យោធា​ចិន​ចំនួន​៤ បាន​ហោះ​លើ​ដែន​ទឹកអន្តរជាតិ​ ​ជុំវិញ​កោះ​អូគីណាវ៉ា ដែល​ស្ថិត​នៅ​ក្បែរ​ប្រជុំកោះ​ជម្លោះ​សេនកាគូ។ គួររំលឹក​ឡើងវិញ​ថា ទំនាក់ទំនង​រវាង​ចិន​និង​ជប៉ុន​បានចាប់តានតឹង​តាំងពី​​ខែកញ្ញា​ ឆ្នាំ​២០១២ម្ល៉េះ ដោយសារ​តែ​ជប៉ុន​បាន​ទិញ​យក​កោះចំនួន៣​ នៃ​ប្រជុំ​កោះ​ជម្លោះ​សេនកាគូ ដាក់​ជា​កម្មសិទ្ធិ​ជាតិជប៉ុន។

យន្តហោះ​ជប៉ុន​ហោះល្បាត​ក្បែរ​ប្រជុំ​កោះ​សេនកាគូ នាពេល​កន្លងមក។
យន្តហោះ​ជប៉ុន​ហោះល្បាត​ក្បែរ​ប្រជុំ​កោះ​សេនកាគូ នាពេល​កន្លងមក។ REUTERS/Kyodo/Files
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​អាទិត្យនេះ យោងតាម​ទីភ្នាក់ងារ​​សារព័ត៌មាន​ជប៉ុន Jiji Press និង​ Kyodo News, ជប៉ុនបាន​ដាក់​​ពង្រាយ​យន្តហោះចំបាំង​ខ្លួន​ជាច្រើន​គ្រឿង ត្រឹមតែ​៤៨ម៉ោង​ប៉ុណ្ណោះ ក្រោយ​​​​យន្តហោះ​យោធា​ចិន​​ចំនួន​៤​ ហោះ​លើ​ដែន​ទឹកអន្តរជាតិ​ ​ជុំវិញ​កោះ​អូគីណាវ៉ា ដែល​ស្ថិត​នៅ​ក្បែរ​ប្រជុំកោះ​សេនកាគូ​ជា​កោះជម្លោះ​​​រវាង​​ចិន និង​ជប៉ុន។ ជប៉ុន​បាន​ដាក់ពង្រាយ​យន្តហោះ​ខ្លួន កាលពី​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍ នៅពេល​ដែល​យន្តហោះ​ចិន​ហោះ​ក្នុង​ចន្លោះ​កោះ​អូគីណាវ៉ា និង​កោះ​មីយ៉ាកូ។ យន្តហោះ​ចិនធ្វើដំណើរ​​ទៅមក ចាប់​​​ពី​សមុទ្រ​ចិន​ខាងកើត ឆ្ពោះ​រហូត​ទៅដល់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ប៉ុន្តែ​មិន​បាន​ចូល​ក្នុង​ដែន​អាកាស​ជប៉ុន​ទេ។

ហេតុការណ៍​នេះ​កើតឡើង ចំពេល​ដែល​នាយករដ្ឋមន្ត្រី​ជប៉ុន​ ស្ហ៊ីនសូ អាបេ ទើបតែ​បាន​ព្រមាន​ចិន ​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ ជុំវិញ​​ជំហរ​ចិន​​​ក្នុង​តំបន់​។ ​​លោក​អាបេប្រាប់ថា ប្រទេស​​ជា​ច្រើន​ក្នុង​តំបន់​​ បារម្ភ​ខ្លាច​ចិនមិនគោរព​ច្បាប់​ និង​​ប្រើកំលាំងបាយ​​ដណ្តើម​​យក​​ដែនដី​ដែល​កំពុង​មាន​ជម្លោះ​។ ​​នាយករដ្ឋមន្ត្រីជប៉ុន​​​​ព្រមាន​ចិន​ថា ប្រសិន​បើ​ចិន​ហ៊ាន​ជ្រើសរើស​ផ្លូវ​​នេះមែន​ នោះ​ចិន​​គ្មាន​ច្រក​ចេញ​ដោយ​សន្តិវិធី​ឡើយ។

ជប៉ុន​បាន​ត្រៀម​រៀបចំ​សមយុទ្ធ​តាម​ផ្លូវអាកាស​ នៅខែ​កញ្ញា​ខាងមុខ​នេះ ដើម្បី​ពង្រឹង​សមត្ថភាព​ការពារ​ដែនកោះ​របស់ខ្លួន ហើយ​ក៏​ប្រហែល​ជា​ដើម្បី​បង្ហាញទៅចិន​ផងដែរ​​នូវ​សក្តានុពល​​ជប៉ុន។

ដោយឡែក កាលពី​ម្សិលមិញនេះ​​ រដ្ឋាភិបាល​ក្រុងប៉េកាំង​បាន​ព្រមាន​​​ជាទូទៅ​ ដោយ​ចាត់​ទុក​​​​​រាល់​សកម្មភាព​វាយប្រហារ​ប្រឆាំង​ទៅនឹង​យន្តហោះ​ចិន​ ថា​ជា​​​ទង្វើ​សង្គ្រាម។

ទំនាក់ទំនង​រវាង​ចិន​និង​ជប៉ុន​ ចាប់តានតឹង​តាំងពី​​ខែកញ្ញា​ ឆ្នាំ​២០១២ មកម្ល៉េះ បន្ទាប់​ពី​ជប៉ុន​បាន​ទិញ​យក​កោះចំនួន៣​ នៅ​ប្រជុំ​កោះ​ជម្លោះ​សេនកាគូ ដាក់​ជា​កម្មសិទ្ធិ​ជាតិ​ជប៉ុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI