កូរ៉េខាងត្បូង-ជប៉ុន

ជម្លោះ​ដែនកោះ​ឈាន​ដល់​ការផ្អាក​ផ្តោះប្តូរ​យោធា​រវាង​សេអ៊ូល​និង​តូក្យូ

កោះ​Dokdo ហៅតាមកូរ៉េ ឬ Takeshima ឈ្មោះ​ជប៉ុន ដែ​លលោក​ Lee Myung-back ទៅ​ទស្សនា​នៅ​ថ្ងៃទី​១០ សីហា ២០១២
កោះ​Dokdo ហៅតាមកូរ៉េ ឬ Takeshima ឈ្មោះ​ជប៉ុន ដែ​លលោក​ Lee Myung-back ទៅ​ទស្សនា​នៅ​ថ្ងៃទី​១០ សីហា ២០១២ REUTERS/Han Jong-chan/Yonhap

វិវាទ​ការទូត​រវាង​កូរ៉េខាង​ត្បូង​និង​ជប៉ុន បាន​ចូល​ដល់​ដំណាក់កាល​ថ្មី។ ប្រទេស​ទាំង​ពីរ​បាន​ផ្អាក​ តាំងពី​ថ្ងៃចន្ទ​ទី ៣ កញ្ញា​ម្សិលមិញ​មក ការ​ផ្តោះ​ប្តូរ​កម្មវិធី​យោធារួម​គ្នា។ មូលហេតុ គឺ​បណ្តាល​មក​ពី​ជម្លោះ​ដណ្តើមបូរណភាព​​ប្រជុំ​កោះ​នៅ​ក្នុង​សមុទ្ទ​ជប៉ុន។

ផ្សាយពាណិជ្ជកម្ម

តាកេស្ហ៊ីម៉ា (Takeshima) ហៅ​តាម​ជប៉ុន ចំណែក​កូរ៉េខាង​ត្បូង​ដែល​កំពុង​គ្រប់​គ្រង​កោះ​នោះ​ដាក់​ឈ្មោះ​ថា ដុកដូ (Dokdo) ជា​ដើម​ហេតុ​នៃ​ជម្លោះ​​រវាង​សេអ៊ូល និង​តូក្យូ។ ប្រជុំ​កោះ​នេះ​ធ្លាប់​ស្ថិត​ក្រោម​អំណាច​រដ្ឋបាល​របស់​ជប៉ុន ក្នុង​សម័យ​ជប៉ុន​ឈ្លានពាន​ឧបទ្វីប​កូរ៉េ ប៉ុន្តែ​កូរ៉េខាង​ត្បូង​បាន​​ដណ្តើម​យក​វិញ​នៅ​ឆ្នាំ​១៩៥៤។

ជប៉ុន​ដែល​តែង​ទាមទារ​ថា​​កោះ​តាកេស្ហ៊ីម៉ា​ជា​បូរណភាព​ដែនដី​របស់​ខ្លួន បាន​ស្នើ​ជា​លើក​ទី​បី នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍មុន យក​ជម្លោះ​នេះ​ទៅ​ដោះស្រាយ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុង​ឡាអេ។ ឯ​កូរ៉េ​ខាង​ត្បូង ក៏​បាន​សម្តែង​កាយវិការ​ មិន​ព្រម​ ជា​លើក​ទី​បី​ ទទួល​ដឹង​សំណើ​ជប៉ុន​។

វិបត្តិ​នេះ​មិន​មែន​ថ្មី​ថ្មោង​ឡើយ ប៉ុន្តែ​វា​រើ​ និង​រីក​រាល​ដាល​ធ្ងន់ធ្ងរខ្លាំង​នៅពេល​នេះ ក៏​ព្រោះ​តែ កាលពី​ថ្ងៃទី​១០ សីហា ​លោក​ លី​ ម្យ៉ុងបាក់ (Lee Myung Back) ប្រធានាធិបតី​កូរ៉េខាង​ត្បូង បាន​ធ្វើ​ដំណើរ​ទៅ​ប្រជុំ​កោះ​ដុកដូ​។ តាំង​ពី​ថ្ងៃ​នោះ​មក​ សង្គ្រាម​ពាក្យ​សម្តី​ និង​ការ​គំរាម​កំហែង​ រម្លើក​អំពី​អតីត​កាល​កើត​មាន​ជា​បន្តបន្ទាប់ ៖ ដំបូង​ឡើង​មាន​ការ​​គំរាមលុប​ចោល​កិច្ច​ព្រមព្រៀង​ហិរញ្ញវត្ថុ ឥ​ឡូវ​ដល់​ការ​ផ្អាក​លែង​ផ្តោះប្តូរ​នាយទាហាន។ ការ​ផ្តោះប្តូរ​យោធា ដែល​កូរ៉េខាង​ត្បូង​និង​ជប៉ុន​ ត្រូវ​ចុះ​ហត្ថលេខា​ នៅ​ក្នុង​ឆ្នាំនេះ ជា​លើក​ទី​មួយ​។

ប្រទេស​ទាំង​ពីរ​មាន​ទំនាស់​នឹង​គ្នា បាន​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក ដែល​កំពុង​ផ្តុំ​កម្លាំង​ប្រឆាំង​នឹង​ការ​គំរាមកំហែង​របស់​ចិន មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង និង​បាន​ស្នើ​សុំ​ឱ្យ​សេអ៊ូល និងតូក្យូ​ដោះស្រាយ​វិបត្តិ​ តាម​ផ្លូវចរចា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI