ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នាយក​រដ្ឋមន្ត្រី​ជប៉ុន​​រុះរើ​សមាសភាព​រដ្ឋាភិបាល ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ជាតិ

លោក​នាយករដ្ឋមន្ត្រី​ Yoshihiko Noda
លោក​នាយករដ្ឋមន្ត្រី​ Yoshihiko Noda REUTERS

នៅ​ថ្ងៃ​សុក្រ​ទី​១៣​មករា​នេះ លោក​នាយករដ្ឋមន្ត្រី​ជប៉ុនYoshihiko Noda បាន​ប្លាស់​ប្តូរ​សមាសភាព​នៃ​រដ្ឋាភិបាល ដោយ​បាន​ដក​រដ្ឋមន្ត្រី​ប្រាំ​នាក់​ចេញ​ពី​តំណែង ក្នុង​នោះ​មាន​ជា​អាទិ៍ លោក​Yasuo Ichikawa រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​លោក​Kenji Yamaoka​រដ្ឋមន្រ្តី​ក្រសួង​ឧបភោគ-បរិភោគ​និង​សន្តិសុខ​សាធារណៈ។ តើ​ហេតុអ្វី​បាន​ជា​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​Noda បាន​សម្រេច​ចិត្ត​ផ្លាស់ប្តូរ​សមាសភាព​នៃ​រដ្ឋាភិបាល​របស់​លោក​យ៉ាង​ដូច្នេះ?

ផ្សាយពាណិជ្ជកម្ម

 

ក្រោយ​ពី​បាន​ឡើង​មក​គ្រប់គ្រង​ប្រទេស​ជប៉ុន​បាន តែ​បួន​ខែ​ប៉ុណ្ណោះ លោក​Noda ត្រូវ​បង្ខំ​ចិត្ត​រុះរើ​រដ្ឋាភិបាល​របស់​លោក។ មូលហេតុ​ចំបង​នៃ​ការ​ផ្លាស់ប្តូរ​សមាសភាព​រដ្ឋាភិបាល​នេះ គឺ​អប្រជាប្រិយភាព​របស់​លោក​Noda អប្រជាប្រិយភាព​ដែល​ស្តែង​ចេញ​តាម​រយៈ​ការ​ស្ទាប​ស្ទង់​មតិ​ជា​បន្ត​បន្ទាប់ ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ។

ម្យ៉ាង​វិញ​ទៀត ការ​ផ្លាស់ប្តូរ​សមាសភាព​នៃ​រដ្ឋាភិបាល​នេះ មាន​គោលដៅ​នយោបាយ​មួយ​ច្បាស់​នោះ គឺ​បំពេញ​ចិត្ត​គណបក្ស​ប្រឆាំង​គឺ​បក្ស​សេរី​ប្រជាធិបតេយ្យ។ ជាក់ស្តែង លោក​Noda បាន​សម្រេច​ដក​លោក​Ichikawa ចេញ​ពី​តំណែង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ និង​លោក​Yamaoka ចេញ​ពី​តំណែង​រដ្ឋមន្ត្រី​ក្រសួង​ឧបភោគ-បរិភោគ​និង​សន្តិសុខ​សាធារណៈ ពីព្រោះ​គណបក្ស​ប្រឆាំង​ស្អប់​ខ្លាំង​ណាស់​រដ្ឋមន្រ្តី​ទាំង​ពីរ​រូប​នេះ។ ពួក​អ្នក​ប្រឆាំង​ស្អប់​លោក​Ichikawa ពីព្រោះ​យោង​ទៅ​តាម​ពួក​គេ លោក​Ichikawa គ្មាន​សមត្ថភាព មិន​ដឹង​ខ្យល់​អ្វី​ទាំង​អស់​ក្នុង​សំណុំ​រឿង​ការពារ​ជាតិ។ ដោយឡែក ពួក​អ្នក​ប្រឆាំង​ស្អប់​លោក​Yamaoka ដ្បិត​យោង​ទៅ​តាម​ពួក​គេ រដ្ឋមន្រ្តី​រូប​នេះ​ប្រហែល​ជា​បាន​ទាក់ទិន​ក្នុង​រឿង​អាស្រូវ​ជុំវិញ​ គម្រោង​វិនិយោគ​គ្មាន​តម្លាភាព​មួយ​ចំនួន។

 
លោកNodaត្រូវការបក្សប្រឆាំង ដើម្បីអនុវត្តនយោបាយបង្កើនពន្ធដារ

តាមពិត លោក​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ត្រូវការ​ការ​គាំទ្រ​ពី​សំណាក់​បក្ស​សេរី​ ប្រជាធិបតេយ្យ​ដែល​មាន​អាសនៈ​ភាគ​ច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា លោក​ត្រូវ​ការ​សម្លេង​គាំទ្រ​ពី​បក្ស​ប្រឆាំង​ដើម្បី​អនុវត្ត​នយោបាយ​ អប្រជាប្រិយ​តែ​ចាំបាច់​បំផុត​របស់​គាត់។ នយោបាយ​នោះ​គឺ ការ​បង្កើន​ពន្ធដារ​ទៅ​លើ​គ្រឿង​ឧបភោគ-បរិភោគ បង្កើន​បណ្តើរៗ ពី​៥%​ក្នុង​គ្រា​បច្ចុប្បន្ន​ទៅ​ដល់​៨%​នៅ​ខែ​មេសា​ឆ្នាំ​២០១៤ និង​ទៅ​ដល់​១០%​នៅ​ខែ​តុលា​ឆ្នាំ​២០១៥។

បើ​សិន​ជា​មិន​អនុវត្ត​នយោបាយ​បង្កើន​ពន្ធដារ​លើ​គ្រឿង​ឧនភោគ-បរិភោគ​នេះ​ទេ រដ្ឋ​ជប៉ុន​នឹង​មិន​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ទេ។ ហើយ​ការ​រក​ប្រាក់​មក​ដាក់​បញ្ចូល​ក្នុង​ហិប​រដ្ឋ គឺ​ជា​ការ​មួយ​ចាំបាច់​ណាស់ ពីព្រោះ​សេដ្ឋកិច្ច​ជប៉ុន​នៅ​ទ្រឹង​មួយ​កន្លែង​ជាង​២០​ឆ្នាំ​កន្លង​មក​ហើយ។ មិន​តែ​ប៉ុណ្ណោះ បញ្ហា​សេដ្ឋកិច្ច​នៅ​ទ្រឹង​មួយ​កន្លែង​នេះ​មាន​លក្ខណៈ​កាន់​តែ​ធ្ងន់ធ្ងរ តាំង​ពី​មាន​វិបត្តិ​​សេដ្ឋកិច្ច​សកល​កាល​ពី​ជាង​ពីរ​ឆ្នាំ​មុន​នេះ។ ចូរ​កុំ​ភ្លេច​ថា សេដ្ឋកិច្ច​ជប៉ុន​បាន​ដើរ​ថយ​ក្រោយ ពេញ​មួយ​ឆ្នាំ​២០០៨ បាន​ផ្តើម​ងើប​ក្បាល​ឡើង​វិញ​បន្តិច​នៅ​ឆ្នាំ​២០០៩-២០១០ ប៉ុន្តែ​ស្រាប់​តែ​ត្រូវ​បាន​យាយី​យ៉ាង​ដំណំ​ដោយ​ការ​រញ្ជួយ​ដី​និង​រលក​យក្ស​ស៊ូណាមី នៅ​ឆ្នាំ​២០១១​កន្លង​ទៅ​នេះ​ទៀត។
 
បើ​គេ​មើល​បញ្ជី​រាយ​នាម​នៃ​សមាសភាព​ថ្មី​របស់​រដ្ឋាភិបាល​ជប៉ុន​នៅ​ថ្ងៃ​សុក្រ​នេះ ឃើញ​ថា​មាន​តំណែង​ថ្មី​មួយ​សំខាន់ នោះ​គឺ​តំណែង​ជា​ឧបនាយក​រដ្ឋមន្ត្រី​ដែល​លោក​Nado បាន​ប្រគល់​ទៅ​ឲ្យ​លោក​Katsuya Okada អ្នក​នយោបាយ​ម្នាក់​ដ៏​ឆ្នើម នៃ​គណបក្ស​ប្រជាធិបតេយ្យ​ជប៉ុន​ដែល​កំពុង​កាន់​អំណាច​សព្វ​ថ្ងៃ។

តាម​មើល​ទៅ គឺ​លោក​Katsuya Okada​នេះ​ហើយ​ដែល​ជា​មនុស្ស​គន្លឹះ​នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី​របស់​លោក​ Nado។ អាយុ​៥៨​ឆ្នាំ លោក​Okawa ជា​អ្នក​នយោបាយ​ម្នាក់​ដែល​ពលរដ្ឋ​ជប៉ុន​ចូល​ចិត្ត​ជាង​គេ ក្នុង​គ្រា​បច្ចុប្បន្ន ជា​អ្នក​នយោបាយ​ម្នាក់​ដ៏​ឆ្នើម​ដែល​ពលរដ្ឋ​ជប៉ុន​ដាក់​នាម​ឲ្យ​ថា លោក«ស្អាតស្អំ» ដ្បិត​គាត់​ស្អប់​ខ្ពើម​អំពើ​ពុក​រលួយ​និង​មិន​ចេះ​ស៊ី​សំណូក​សូក​ប៉ាន់។ គឺ​លោក​Okawa​នេះ​ហើយ ដែល​នឹង​ត្រូវ​ក្តាប់​សំណុំ​រឿង​បង្កើន​ពន្ធដារ​លើ​គ្រឿង​ឧបភោគ-
បរិភោគ។

លោក​Noda ដ៏អប្រជាប្រិយនឹងអាចលាលែងពីតំណែងនៅពេលខាងមុខ
 
យ៉ាង​ណា​ក៏​ដោយ នយោបាយ​បង្កើន​ពន្ធដារ​ដែល​ត្រូវ​តែ​អនុវត្ត​ជា​ចាំ​បាច់ នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោក​Noda ស្គាល់​អប្រជាប្រិយភាព​នា​ពេល​ឆាប់ៗ​ខាង​មុខ។ ចូរ​កុំ​ភ្លេច​ថា ក្នុង​អំឡុង​ពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​ជប៉ុន​បាន​ផ្លាស់​ប្តូរ​នាយករដ្ឋមន្ត្រី​អស់​ប្រាំ​មួយ​នាក់ បាន​ន័យ​ថា​ប្រមុខរដ្ឋាភិបាល​នីមួយៗ គិត​ជា​មធ្យមភាគ​កាន់​អំណាច​មិន​បាន​ទាំង​មួយ​ឆ្នាំ​ផង។

បញ្ហា​ធំ​នៃ​ប្រទេស​ជប៉ុន​ជាង​ម្ភៃ​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​សេដ្ឋកិច្ច ដូច​យ៉ាង​បំណុល​សាធារណៈ​ច្រើន​វ័ណ្តក​ប្រមាណ​២៣០%​នៃ​ផលិតផល​ដុល​ក្នុង​ ស្រុក។ មិន​តែ​ប៉ុណ្ណោះ ទន្ទឹម​នេះ ប្រជាជន​ជប៉ុន​មាន​ចំនួន​កាន់​តែ​តិច​ទៅៗ និង​មាន​វ័យ​កាន់​តែ​ចាស់​ទៅៗ។ ម្ល៉ោះ​ហើយ រដ្ឋ​ត្រូវ​ការ​ស្វែង​រក​ប្រាក់​ចំណូល ដើម្បី​កាត់​បន្ថយ​ប្រាក់​បំណុល​និង​ដើម្បី​ចិញ្ចឹម​មនុស្ស​ចាស់​ជរា​ដែល​ មាន​ចំនួន​កាន់​តែ​ច្រើន។ នៅ​ក្នុង​បរិបទ​បែប​នេះ ការ​អនុវត្តន៍​នយោបាយ​បង្កើន​ពន្ធដារ​គឺ​ជា​ទង្វើ​មួយ​ជៀស​មិន​រួច ជៀស​មិន​រួច​សម្រាប់​បក្ស​កាន់​អំណាច ក៏​ដូច​សម្រាប់​រដ្ឋាភិបាល​ក្រោយៗ​ទៀត​ដែរ ហើយ​វា​ក៏​ជា​នយោបាយ​មួយ​អប្រជាប្រិយ​ជា​ទី​បំផុត។ ទន្ទឹម​នេះ ដូច​គេ​ដឹង​ស្រាប់​ហើយ​ថា ឲ្យ​តែ​ពេល​ណា​ដែល​ប្រជាប្រិយ​ភាព​ធ្លាក់​ខ្លាំង នាយក​រដ្ឋមន្ត្រី​ជប៉ុន​ជា​បន្តបន្ទាប់​ដែល​ឲ្យ​តម្លៃ​ដល់​កិត្តយស​ខ្លាំង​ មែន​ទែន តែង​តែ​លា​លែង​ចេញ​ពី​មុខ​តំណែង ទោះ​ជា​មិន​ទាន់​ដល់​ពេល​បោះឆ្នោត​ក៏​ដោយ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI