លោកនាយករដ្ឋមន្ត្រី Jean-Marc Ayrault ប្តេជ្ញាការពារផែនការរដ្ឋាភិបាល
លោក Jean-Marc Ayrault បានថ្លែងពន្យល់ប្រជាជនបារាំងអស់រយៈពេលជាងពីម៉ោងនៅយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញតាមទូរទស្សន៍ France 2 ។ លោកនាយករដ្ឋមន្ត្រីបានសម្ដែងបង្ហាញឲ្យឃើញនូវឆន្ទៈដ៏មោះមុតក្នុងកិច្ចការពារសកម្មភាពរបស់លោកក្នុងវិស័យសេដ្ឋកិច្ចនិងសង្គម។ ទាំងនេះមួយថ្ងៃមុនការបង្ហាញផែនការថវិកាឆ្នាំ២០១៣នៅពេលប្រជុំគណៈរដ្ឋមន្ត្រី។ ផែនការថវិកាដែលឋិតនៅក្រោមសភាពខិតខំប្រឹងប្រែង និងការកាត់បន្ថយការចំណាយរបស់រដ្ឋ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកនាយករដ្ឋមន្ត្រីបារាំង Jean-Marc Ayrault បានថ្លែងប្រកាសយ៉ាងខ្លាំងៗជាច្រើនដងថា “ខ្ញុំពុំបោះបង់ចោលឡើយ កាតព្វកិច្ចនិងការប្រយុទ្ធរបស់ខ្ញុំ!!!”។ ទាំងនេះ ដើម្បីឲ្យប្រជាជនបារាំងមានទំនុកចិត្តកក់ក្តៅ និងដើម្បីគូសបញ្ជាក់ឲ្យដឹងថា ការតស៊ូខិតខំធ្វើការប្រយុទ្ធពុំបានធ្វើឲ្យលោកមានការញញើតអ្វីសោះឡើយ។ ពិតមែនហើយស្ថានភាពសេដ្ឋកិច្ចនិងស្ថានភាពសង្គមបារាំងកំពុងឋិតនៅក្នុងសភាពមួយដ៏គួរបារម្ភ ប៉ុន្តែវាក៏ជាពេលដែលលោក Jean-Marc Ayrault ត្រូវបង្ហាញឲ្យឃើញនូវភាពប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្លួនក្នុងការប្រយុទ្ធដើម្បីរិះរកដំណោះស្រាយជូនប្រទេសជាតិ។
ស្ថានភាពសេដ្ឋកិច្ចបារាំងធ្លាក់ចុះកាន់តែដុនដាបទៅៗ ចំនួនប្រជាជនគ្មានការងារធ្វើក៏បានកើនឡើងលើសពី៣លាននាក់ ហើយសន្ធិសញ្ញាថវិកាអឺរ៉ុបដែលនឹងត្រូវយកទៅពិនិត្យមើលនៅប៉ុន្មានថ្ងៃខាងមុខនេះនៅរដ្ឋសភា ក៏បានផងដែរធ្វើឲ្យមានការបាក់បែកនៅក្នុងជួរបក្សនយោបាយកាន់អំណាចបច្ចុប្បន្ន។ ការស្ទាបស្ទង់មតិមួយទើបនឹងបានបង្ហាញឲ្យដឹងថា មានប្រជាជនបារាំងប្រមាណ៦២%ពុំពេញចិត្តនឹងនយោបាយសេដ្ឋកិច្ចនិងនយោបាយសង្គមរបស់រដ្ឋាភិបាល។
នៅក្នុងបរិបទបែបនេះ លោកនាយករដ្ឋមន្ត្រីបារាំង Jean-Marc Ayrault ត្រូវតែខិតខំបង្ហាញឲ្យឃើញនូវភាពប្តេជ្ញាចិត្តនិងការប្រយុទ្ធដ៏មោះមុតរបស់ខ្លួន ដើម្បីសម្រេចឲ្យបាននូវគោលបំណងចម្បងរបស់រដ្ឋាភិបាលគឺ ធ្វើឲ្យឧនភាពសាធារណៈធ្លាក់មកនៅក្រោម៣%នៃផលិតផលដុលក្នុងប្រទេសនៅឆ្នាំ២០១៣ខាងមុខនេះ។ ដូច្នេះនៅក្នុងផែនការថវិកាឆ្នាំ២០១៣ រដ្ឋាភិបាលរបស់លោក Jean-Marc Ayrault គ្រោងធ្វើការដំឡើងពន្ធដារប្រមាណ១០ពាន់លានអឺរ៉ូសម្រាប់ប្រជាជនបារាំង ហើយនិង១០ពាន់លានអឺរ៉ូសម្រាប់សហគ្រាស។
គួរកត់សម្គាល់ថា ទោះបីជាលោកនាយករដ្ឋមន្ត្រីបារាំង Jean-Marc Ayrault បានថ្លែងប្រាប់ថា លោកពុំធ្វើការដំឡើងពន្ធលើតម្លៃបន្ថែម TVA ហើយនិងពន្ធ CSG ឬពន្ធជំនួយសង្គមទូទៅនៅឆ្នាំ២០១៣ក៏ដោយ ក៏លោកពុំបានថ្លែងបញ្ជាក់ប្រាប់ថាមានការប្រែប្រួលយ៉ាងណាឡើយសម្រាប់ឆ្នាំបន្តបន្ទាប់មកទៀត។
លោកនាយករដ្ឋមន្ត្រីបារាំងពុំបានធ្វើការសន្យាអ្វីថ្មីទេ។ លោកគ្រាន់តែថ្លែងប្រាប់ថា អាទិភាពចម្បងរបស់រដ្ឋាភិបាលគឺខិតខំធ្វើយ៉ាងណា ឲ្យចំនួនអ្នកឥតការងារនៅក្នុងប្រទេសបារាំងធ្លាក់ស្រុតចុះវិញ ក្នុងរយៈពេលមួយឆ្នាំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ