កម្ពុជា

នាយក​រដ្ឋ​មន្ត្រី​បារាំង​ចង់​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ធ្វើ​ការ​ជាមួយ​គ្នា​

លោក Jean-Marc Ayrault នាយករដ្ឋមន្ត្រីបារាំង។
លោក Jean-Marc Ayrault នាយករដ្ឋមន្ត្រីបារាំង។ REUTERS/Charles Platiau

នាយករដ្ឋមន្ត្រី​បារាំង លោក Jean-Marc AYRAULT បាន​ផ្ញើលិខិត​សាទរ​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ជាប់ឆ្នោត​ជាថ្មី​ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។ នាយករដ្ឋមន្ត្រី​បារាំង​ក៏បាន​កត់សម្គាល់ថា វា​ជាការ​សំខាន់​ណាស់​ដែល​តួអង្គ​នយោបាយសំខាន់ៗនៅ​កម្ពុជា​ធ្វើការ​ជាមួយគ្នា​ ដើម្បី​ធានា​ការប្រព្រឹត្ត​ទៅដោយ​រលូន​នៃ​ស្ថាប័ន។ នេះ​ជាការ​សាទរ​របស់​ប្រទេស​ប្រជាធិបតេយ្យ​ធំ​មួយទៀត បន្ទាប់ពី​នាយករដ្ឋមន្ត្រី​អូស្ត្រាលី។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សារលិខិត​ចុះ​ថ្ងៃទី ៤តុលា ដែល​ក្រសួងការបរទេស​កម្ពុ​ជា ​ទើបតែ​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី ១២តុលា​នេះ នាយករដ្ឋមន្ត្រី​បារាំង លោក Jean-Marc AYRAULT បាន​ថ្លែង​សាទរ​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាស​ដែល​លោក​បាន​ជាប់ឆ្នោត​ជាថ្មី ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។

ប្រមុខ​រដ្ឋាភិបាល​បារាំង​បាន​ថ្លែង​ក្នុង​លិខិត​នោះ​ទៀតថា ការបោះឆ្នោត​កាលពី​ខែកក្កដា​បានបង្ហាញ​ពី​ការចូលរួម​យ៉ាងច្រើន​កុះករ ​ពី​សំណាក់​អ្នកបោះឆ្នោត។ លោក​បន្តថា វា​ជាការ​សំខាន់​ណាស់​ដែល​អ្នកនយោបាយ​ខ្មែរ​ទាំងអស់ ​ធ្វើការ​ជាមួយគ្នា​ចាប់ពីពេលនេះ​តទៅ​ ដើម្បី​ធានា​​ការប្រព្រឹត្ត​ទៅដោយ​រលូន​នៃ​ស្ថាប័ន ​ដែលជា​កត្តា​មិនអាច​ខ្វះ​បាន​នៃ​លទ្ធិ ប្រជាធិបតេយ្យ​ និង​ការអភិវឌ្ឍន៍​ប្រទេស។

លោក Jean-Marc AYRAULT បន្តទៀតថា ជានិច្ចកាល បារាំង​តែង​នៅ​ជាមួយ​កម្ពុជា ជាពិសេស​ ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ ១៩៩១មក សមិទ្ធផល​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ជាច្រើន ​ត្រូវបាន​សម្រេច។ ដោយមាន​ភក្តីភាព​ជាមួយ​ចំណងមិត្តភាព​ដ៏​ជិតស្និទ្ធ​និង​យូរអង្វែង​ ដែល​បាន​ចងភ្ជាប់​ប្រទេស​ទាំងពីរ បារាំង​នឹង​បន្ត​រួម​ដំណើរ​ជាមួយ​កម្ពុជា​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ ដើម្បី​ការអភិវឌ្ឍន៍​ និង​នីតិរដ្ឋ។ នេះ​ជាការ​គូសបញ្ជាក់​​របស់​ប្រមុខ​រដ្ឋាភិបាល​ទីក្រុង​ប៉ារីស ​ចំពោះ​សម​ភាគី​ក្រុងភ្នំពេញ។

កាលពី​ថ្ងៃទី ៦តុលា នាយករដ្ឋមន្ត្រី អូស្ត្រាលី លោក ថូ​នី អាប់​បត ក៏បាន​សរសេរ​លិខិត​សាទរ​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​ផងដែរ។ នាយករដ្ឋមន្ត្រី​អូស្ត្រាលី ដែល​បានចាត់ទុក​កម្ពុជា​ជា​ដៃ​គូ​​សហប្រតិបត្តិការ​យ៉ាងសំខាន់​មួយ​នោះ បាន​សម្តែង​ការគាំទ្រ​ចំពោះ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក ថូ​នី អាប់​បត ក៏​រំពឹង​ដែរ​ថា ការសម្របសម្រួល​រវាង​គណបក្ស​ទាំងអស់​នៅ​កម្ពុជា​ គឺជា​ការធានាបាន​នូវ​សន្តិភាព សន្តិសុខ ដែលជា​មូលដ្ឋានគ្រឹះ​សម្រាប់​អនាគត​ប្រទេស​កម្ពុជា។

គួ​រកត​សម្គាល់ថា ប្រទេស​ប្រជាធិបតេយ្យធំៗទាំងពីរ​នេះ​ សុទ្ធតែ​បាន​សម្តែង​បំណង​ចង់​ឲ្យ​អ្នកនយោបាយ​នៅ​កម្ពុជា​ធ្វើការ​ជាមួយគ្នា​ ដើម្បី​អនាគត​ប្រទេសជាតិ។ គោលបំណង​ដ៏​ទទូច​នេះ ​បាន​ស្តែងឡើង​ខណៈដែល​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​នៅ​កម្ពុជា ​កំពុង​បែកបាក់​គ្នា​ដោយ​គណបក្ស​មួយ​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​ម្នាក់ឯង ចំណែក​គណបក្ស​មួយទៀត ​មិន​ព្រម​ចូល​អង្គុយ​ក្នុង​រដ្ឋសភា ហើយ​កំពុងបើក​យុទ្ធនាការ​ការទូត​ សុំ​កុំ​ឲ្យ​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​រដ្ឋាភិបាល និង​រដ្ឋសភា​អាណត្តិ​ទី៥ នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI