ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អ្នក​នយោបាយ​វ័យ​ក្មេង​នឹង​ក្លាយ​ជា​ផ្ទាំង​ស៊ីប​របស់​អ្នក​បោះឆ្នោត

ចុះផ្សាយ​នៅ​ថ្ងៃ៖

តិច​ឬ​ច្រើន គណបក្ស​នយោបាយ​ដែល​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​ក្នុង​រដ្ឋសភា​ សុទ្ធ​តែ​មាន​សមាជិក​វ័យ​ក្មេង​របស់​ខ្លួន ពិសេស​គណបក្ស​ប្រជាជន​កម្ពុជា។ ជា​ច្រើន​ឆ្នាំ​មក​ហើយ​ មហាជន​ទូទៅ​បាន​និយាយ ​ចង់​ឃើញ​វត្តមាន​យុវជន​នៅ​ក្នុង​រចនាសម្ព័ន្ធ​ដឹកនាំ​ប្រទេស ដែល​ពួកគេ​ហៅ​ថា ជា​ការ​បន្តវេន​នោះ។ នៅ​ពេល​នេះ​ គេ​ឃើញ​មាន​ហើយ​ អ្នក​នយោបាយ​វ័យក្មេង ទាំង​នៅ​ក្នុង​រដ្ឋសភា និង​នៅក្នុង​រដ្ឋាភិបាល។ ដូច្នេះ ​យុវជន​ទាំងនោះ​នឹង​ក្លាយ​ទៅ​ជា​ផ្ទាំង​ស៊ី​ប​របស់​ម្ចាស់ឆ្នោត ដែល​នឹង​ត្រូវ​វាយតម្លៃ​ការងារ​របស់​ពួក​គេ។

លោក ហ៊ុន ម៉ានី កូនប្រុស​លោកហ៊ុនសែន ប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធ​​ជនរងគ្រោះ​ និង​យុទ្ធជន​ពលី​ក្នុង​របប​ខ្មែរ​ក្រហម​ នៅ​ជើងឯក ​កាលពី​ខែ​មករា​២០១២។
លោក ហ៊ុន ម៉ានី កូនប្រុស​លោកហ៊ុនសែន ប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធ​​ជនរងគ្រោះ​ និង​យុទ្ធជន​ពលី​ក្នុង​របប​ខ្មែរ​ក្រហម​ នៅ​ជើងឯក ​កាលពី​ខែ​មករា​២០១២។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​ជា​ការ​ចង់​ឃើញ​របស់​ម្ចាស់​ឆ្នោត ឬ​ពលរដ្ឋ​ខ្មែរ​ទូទៅ​ តាំង​ពី​យូរ​មក​ហើយ​នោះ គឺ​វត្តមាន​យុវជន​ជំនាន់​ក្រោយ​ នៅ​ក្នុង​ឆាក​នយោបាយ យុវជន​នៅ​ក្នុង​ក្រសួង​របស់​រដ្ឋាភិបាល​ជា​ដើម។ ដោយ​សារ​តែ​កម្ពុជា​ត្រូវ​បាន​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​រៀងរហូត តាំង​ពី​ដើម​ទស្សវត្សរឆ្នាំ​១៩​៨០ រហូត​មក​ដល់​ពេល​នេះ ពលរដ្ឋ​ខ្មែរ​បាន​លឺ​តែ​ឈ្មោះ​មន្ត្រី និង​សមាជិក​រដ្ឋាភិបាលដដែលៗ ​ក្នុង​រយៈពេល​ជាង៣០ឆ្នាំ​មក​នេះ។

ការ​ទន្ទឹង​ចង់ឃើញ និង​ចង់​បានអោយ​យុវជន​មក​ធ្វើ​ការងារ​ជំនួស​មនុស្ស​ចាស់ បាន​ធ្វើឲ្យ ពលរដ្ឋ​មួយ​ចំនួនធំ វិនិច្ឆ័យ​ជា​លក្ខណៈ​អត្តនោម័តិ ដាក់​ក្តីសង្ឃឹម​ដោយ​គ្មាន​រារែក ថា​យុវជន​នឹង​ប្រាកដ​ជា​ពាំនាំ​ចំណេះដឹង​ថ្មី របៀប​ធ្វើការ​ថ្មី ក្នុង​គោលដៅ​អភិវឌ្ឍ​ប្រទេស​ឲ្យ​បាន​ជឿនលឿន ប្រកប​ដោយ​តម្លាភាព គណនេយ្យភាព។

ឥឡូវ​នេះ ការ​ទន្ទឹង​រង់ចាំ​នោះ បាន​មក​ដល់​ហើយ។ ទាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​ទាំង​គណបក្ស​សង្គ្រោះ​ជាតិ ពួកគេ​សុទ្ធ​តែ​មាន​សមាជិក​អាយុ​ក្រោម៤០ឆ្នាំ ជា​សមាជិក​រដ្ឋសភា។ ហើយ​ក៏​មាន​​ដែរ ​សមាជិក​រដ្ឋសភា​ដែល​មាន​អាយុ​ក្រោម៥០ឆ្នាំ ដែល​អាច​ចាត់​ទុក​ថា ជា​វ័យ​ប្រកប​ដោយ​ថាមភាព ​ក្នុង​ការ​បំពេញ​ការងារ​បម្រើ​ម្ចាស់ឆ្នោត។

ដោយ​សារតែ​គណបក្ស​ស​ង្គ្រោះ​ជាតិ មាន​ត្រឹម​តែ​សមាជិក​រដ្ឋសភា ចំនួន​យុវជន​ជំនាន់​ថ្មី​នៅក្នុង​ស្ថាប័ន​នយោបាយ​នេះ ក៏មាន​ចំនួន​តិច​នៅឡើយ។ ផ្ទុយ​ទៅវិញ នៅក្នុង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ឯណោះ​វិញ ដោយ​មិន​និយាយ​អំពី​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន វ័យ៣៣ឆ្នាំ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រកាស​ហើយ​អំពី​សមាសភាព​ថ្នាក់​អនុរដ្ឋលេខាធិការ​អាយុ​ក្រោម៣០ឆ្នាំ ថ្នាក់​រដ្ឋលេខាធិការ​អាយុ​ក្រោម៤០ឆ្នាំ​ជា​ច្រើន​នោះ។ ប្រមុខ​រដ្ឋាភិបាល​ក៏បាន​ព្រលយ​ឲ្យ​ដឹង​ផងដែរ ​អំពី​លទ្ធភាព ក្នុង​ពេល​ខាងមុខ នៃ​ការ​រុះរើ​សមាសភាព​ទាំងនេះ ដើម្បី​ដំឡើង​មន្ត្រី​ថ្នាក់​អនុរដ្ឋលេខាធិការ​ទៅ​ថ្នាក់​រដ្ឋលេខាធិការ និង​ពី​រដ្ឋលេខាធិការ​ទៅ​ថ្នាក់​រដ្ឋមន្ត្រី​នោះ ប្រសិនបើ​ពួកគេ​មាន​សមត្ថភាព​។

ដោយ​សារ​តែ​វា​ជាការ​ទន្ទឹង​រង់ចាំ​ជា​យូរ​មកហើយ​ នូវ​ឈាម​ថ្មី​ក្នុង​ការងាររដ្ឋបាល​សាធារណៈ មន្ត្រី​វ័យ​ក្មេង​ទាំងនេះ ជាពិសេស​កូន​របស់​មេដឹកនាំ​កំពូល​ផង មិន​អាច​ចៀសផុត​ឡើយ ពី​ការយក​ចិត្ត​ទុក​ដាក់ និង​ការតាមដាន​ពី​ពលរដ្ឋ​ម្ចាស់ឆ្នោត ទៅ​លើ​ការ​ការ​បំពេញ​ភារកិច្ច​របស់​ពួកគេ​នោះ។ ក្នុង​ន័យ​នេះ មន្ត្រី​វ័យក្មេង​ទាំងនេះ ហាក់​កំពុង​រង​នូវ​ការ​ទទួល​ខុសត្រូវ​ខ្ពស់​មួយ ដែល​មាន​លាយឡំ​នឹង​សម្ពាធ​​ផ្លូវ​ចិត្ត​ ​ពី​ពលរដ្ឋ​ម្ចាស់ឆ្នោត​ទៀត​ផង។

ពីព្រោះថា ពួកគេ​ត្រូវអនុវត្ត​គោលនយោបាយ​របស់​រដ្ឋាភិបាល​ឲ្យ​បាន​ជោគជ័យ​ ដើម្បី​កិត្តិនាម​ខ្លួនឯង​ផង ដើម្បី​ប្រជាប្រិយភាព​របស់​គណបក្ស​ផង និង​ដើម្បី​បម្រើ​និង​ទទួល​បាន​ការគាំទ្រ​ពី​ពលរដ្ឋ​ម្ចាស់ឆ្នោត​ផង។ ទន្ទឹមគ្នា​នេះ ឈ្មោះ​ថា​ជា​យុវជន​ជំនាន់​ថ្មី ពួកគេ​គេ​ក៏ត្រូវ​មាន​របៀប​ធ្វើការ​ថ្មី​ដែរ។ ឧទាហរណ៍​ការចុះ​ជួបពិភាក្សា និង​ដោះស្រាយ​បញ្ហា​អោយ​ពលរដ្ឋ ដោយ​មិន​ផ្តោតជា​សំខាន់​ទៅលើ​ការ​ចែក​អំណោយ​នោះ។

តាម​ពិត​ទៅ ត្រង់​ការអនុវត្ត​ន៍​​របៀប​ធ្វើការ​ខ្លួនឯង​នេះ​ហើយ ​ដែល​ជាការ​​លំបាក​របស់​យុវជន​តំណាងរាស្ត្រ និង​យុវជន​ជា​សមាជិក​រដ្ឋាភិបាល​នោះ។ ពីព្រោះ ពួកគេ​ត្រូវ​ស្ថិតនៅ​ចំ​កណ្តាល​នៃ​ការ​អនុវត្ត​ន៍​បញ្ជា​ថ្នាក់លើ ​ដែលជា​មនុស្ស​ចាស់ និង​ការទាមទារ​សិទ្ធិ​សេរីភាព​ក្នុងការ​​បញ្ចេញ​គំនិត​ផ្ទាល់​ខ្លួន ក្នុង​ពេល​បំពេញ​ភារកិច្ច។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​រដ្ឋាភិបាល និង​បាន​បញ្ចូល​មនុស្ស​ជំនាន់​ថ្មី​ច្រើន​ចូលទៅក្នុង​ក្រសួង​នានា​នោះ ក៏​ប្រឈម​នឹង​ការវាយតម្លៃ​ពី​ពលរដ្ឋ​ដ៏​ស្រួចស្រាវ​ដែរ។ ការបញ្ចូល​មនុស្ស​ជំនាន់​ថ្មី​ទៅ​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​របស់​ប្រទេស​ដែល​ខ្លួន​ដឹកនាំ​នេះ ត្រូវ​បាន​គេ​មើលឃើញថា វា​គឺជា​កំណែទម្រង់​របស់​គណបក្ស​នេះ ដែល​បាន​ធ្លាក់​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ហើយ​នោះ។ ដូច្នេះ ប្រសិន​បើពលរដ្ឋ​មិន​អាច​មើល​ឃើញ​លទ្ធផល​ការងារ​ដ៏​ប្រសើរ​នោះ​ទេ វា​នឹងមាន​ការ​វាយតម្លៃ​កាន់តែ​មិន​ល្អ​ ចំពោះ​សមត្ថភាព​របស់​គណបក្ស​ដែលមាន​វ័យ​ចំណាស់​ជាង​គេ​នេះ ហើយ​វា​ក៏​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​​របស់​សមាសភាព​យុវជន​ជំនាន់​ក្រោយ​ទៀត​ផង។

តាម​ពិត​ទៅ ការដាក់បញ្ចូល​ក្រុមយុវជន​ជំនាន់​ថ្មី​ទៅក្នុង​រចនាសម្ព័ន្ធ​រដ្ឋា​ភិ​បាល វា​គ្រាន់តែ​ជា​ជ្រុង​មួយ​នៃ​កំណែទម្រង់ ហើយ​វា​ក៏​អាច​ជា​ការ​ចាប់ផ្តើម​ការ​ហ្វឹកហាត់​មនុស្ស​ជំនាន់​ថ្មី​របស់​គណបក្ស​នេះដែរ។ ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​ចង់​ស្តារ​ប្រជាប្រិយភាព​នោះ គឺ​កំណែទម្រង់​ស៊ីជម្រៅ​លើ​ប្រព័ន្ធ​យុត្តិធម៌ ការ​ប្រឆាំង​អំពើ​ពុករលួយ កាត់​បន្ថយ​គម្លាត​រវាង​អ្នកមាន​និង​អ្នក​ក្រ​ឯណោះ​ទេ ដែល​គណបក្ស​នេះ​ត្រូវ​អនុវត្ត​ឲ្យ​បាន ដោយ​រួមផ្សំ​នឹង​ការ​ផ្តល់​ឱកាស និង​សិទ្ធិសេរីភាព​ឲ្យ​សមាជិក​ថ្មី​បាន​បញ្ចេញ​ស្នាដៃ​ ដោយ​គំនិត​ផ្ទាល់​របស់​ពួកគេ​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត