អានតួអត្ថបទ
អាមេរិក

អតីត​អ្នក​ស៊ើបការ​Jonh​ Brennan ​ទី​ប្រឹក្សា​អូបាម៉ា​ ទទួល​ដំណែង​ជា​មេ​ដឹកនាំ​CIA​

អតីត​អ្នក​ស៊ើបការ​Jonh​ Brennan ​ទទួល​ដំណែង​ជា​មេ​ដឹកនាំ​CIA​
អតីត​អ្នក​ស៊ើបការ​Jonh​ Brennan ​ទទួល​ដំណែង​ជា​មេ​ដឹកនាំ​CIA​ REUTERS/Jason Reed/Files
ដោយ៖ ព្រំ សឿន សូលីណា
១៥ នាទី

កាល​ពី​ថ្ងៃ​ចន្ទ ​ម្សិលមិញនេះ ប្រធានាធិបតី​អាមេរិក​ អូបាម៉ា​ បាន​ជ្រើស​យក​ទី​ប្រឹក្សា​របស់​លោក គឺ​លោក Jonh Brennan អោយ​ឡើង​​កាន់​​ដំណែង​ជា​មេដឹកនាំ​ ក្រសួង​ស៊ើប​ការ​សំងាត់​អាមេរិក ​CIA។ លោក​ Jonh Brennan មាន​អាយុ ៥៧ ឆ្នាំ​ ធ្លាប់​ធ្វើ​ការ​ នៅ​ CIA ២៥​ឆ្នាំ​មក​ហើយ។ លោក​បាន​ដើរ​​តួ​នាទី​សំខាន់ ក្នុង​ការ​ប្រយុទ្ធ​ជាមួយ ក្រុម​ភេរវកម្ម អាល់​កៃ​ដា ដោយ​លោក​ជា​អ្នក​អប​ នៅ​ជិត​ប្រធានាធិបតី នៅ​រូង​ក្រោម​ដី នៃ​សេតវិមាន​ នៅ​ថ្ងៃ​ដែល​កុំម៉ង់ដូ​​អាមេរិក សំលាប់​មេ​​ចេលនា​ភេរវកម្ម​ Ben Laden។ លោក​ Brennan​ ត្រូវ​ប​ន្ត​ដំណែង​ពី​លោក David Petraeus ដែល​បាន​លាលែង​​ចេញពី​ដំណែង​ កាល​ពីខែ​វិច្ឆិកា​ កន្លង​មក បន្ទាប់​ពី​មាន​រឿង​អាស្រូវ​ ជាមួយ ​ស្ត្រី​ដែល​កត់​ត្រា​ប្រវត្តិរូប​ របស់​ខ្លួន។

ផ្សាយពាណិជ្ជកម្ម

ក្នុង​ពេល​ប្រកាស​ជ្រើស​យក Jonh Brennan ជា​មេ​ដឹក​នាំ​ ​CIA ប្រធានធិបតី​អាមេរិក បាន​បង្ហាញ​ជា​សាធារណៈ​ថា លោក​ ​ Jonh Brennan​ ជា​អ្នក​ជំនាញ​ដែល​មាន​ សមត្ថភាព​ខ្ពស់​​ជាង​គេ និង​គួរ​អោយ​គោរព​ជាង​គេ​ នៅ​ក្នុង​វិស័យ​ស៊ើប​​ព័ត៌មាន និង​សកម្ម​ភាព​ប្រឆាំង​ភេរវកម្ម។ ប្រធានាធិបតី​ អូបាម៉ា បាន​អួត​សរសើរ ​អំពី​សមត្ថភាព​របស់​លោក​ Brennan ក្នុង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​ ជាមួយ​ក្រុម​ភេរវករ​ អាល់​កៃ​ដា កំចាត់​បាន​ មេដឹក​នាំ​សំខាន់ៗ នៃ​ចលនា​អាល់​កៃ​ដា បាន​ច្រើន​រូប។

លោក​ Jonh Brennan ធ្លាប់​ធ្វើ​ជា​ ប្រធាន​ការិយាល័យ​ របស់​​មេដឹក​នាំ​ ​CIA ពី​ឆ្នាំ​ ១៩៩៩​ ដល់​ឆ្នាំ​ ២០០១ និង​ជា​ ប្រធាន​មជ្ឈ​មណ្ឌល​​ជាតិ​អាមេរិក ប្រឆាំង​អំពើ​ភេរវកម្ម ពី​ឆ្នាំ​​២០០៤​ ដល់ ២០០៥។

ការ​ជ្រើស​យក​​ Jonh Brennan ជា​មេដឹកនាំ​ ​CIA ធ្វើ​អោយ​លោក​ ​ Brennan ទទួល​នូវ​សំណាង​ជាថ្មី​​ឡើង​វិញ​ ព្រោះ​ថា​ បេក្ខភាព​លោក នៅ​ ​CIA កាល​ពី​ឆ្នាំ​ ២០០៩ បាន​ទទួល​បរាជ័យ​ម្តង​មក​ហើយ ដោយ​សារ​តែ​ មាន​ការ​បរិហារ​ថា លោក​បាន​គាំ​ទ្រ​ដោយ​​ដាក់​ទារុណកម្ម​ដើម្បី​សួរ​ចំលើយ។ កាល​នោះ​ លោក Brennan ធ្វើ​ការ​​នៅ​ក្រោម​អណ្ណត្តិ​គ្រប់​គ្រង​របស់ ប្រធាធិបតី George W Bush។

ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​ប្រធានាធិបតី​អាមេរិក ឆ្នាំ​២០០៨ លោក​ Brennan ជា​អ្នក​គាំ​ទ្រ​បេក្ខភាព​ របស់​ប្រធានាធិបតី អូបាម៉ា។ បន្ទាប់​ពី​ក្លាយ​ជា​ទី​ប្រឹក្សា​របស់ ប្រធានាធិបតី អាមេរិក​មក Jonh Brennan ផ្តោត​ការងារ​សំខាន់ ទៅ​លើ​គំរោង​វាយ​ប្រហារ​ដោយ​យន្តហោះដ្រូន​ ដែល​ជា​យន្តហោះ​​គ្មាន​មនុស្ស​បើក នៅ​ក្នុង​ប្រទេស​ អាហ្កានីស្ថាន ប៉ាគីស្ថាន និង​យេម៉េន។ គំរោង​វាយ​ប្រហារ​នេះ​ ត្រូវ​បាន​ប្រធានាធិបតី​ អូបាម៉ា​ បង្កើន​អោយ​មាន​ឡើង​ មួយ​ជា​ដប់ ដើម្បី​បង្ក្រាប​សកម្ម​ភាព​ភេរវកម្ម។

លោក​អូបាម៉ា​ បាន​សុំ​អោយ​ព្រឹទ្ធិសភា​អាមេរិក អនុម័ត​ជំរើស​លោក Brennan ជា​មេដឹក​នាំ​CIA ​អោយ​បាន​ចូល​ជា​ផ្លូវ​ការ​ បាន​ឆាប់​រហ័ស​ ដើម្បី​អោយ​ប្រជាជន​អាមេរិក​ បាន​បន្ត​ជីវភាព​រស់​នៅ​​ ប្រកប​ដោយ​សុវត្ថិភាព​ល្អ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ