កម្ពុជា

ទិវាគ្រូបង្រៀន​នឹង​​ប្រារ​ព្ធ​​ធ្វើ​​នៅ​ទីលាន​​ប្រជា​​ធិប​​តេយ្យ​​ថ្ងៃ​​ស្អែក​​ទោះបី​​អាជ្ញា​ធរ​ហាម​​

លោក​ រ៉ុង ​ឈុន ​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ​ថ្លែង​សារ​នៅ​កាន់​គ្រូ​បង្រៀន​ក្នុង​ទិវា​គ្រូបង្រៀន​អន្តរ​ជាតិ​កាល​ពី​ឆ្នាំ​២០១២​។​
លោក​ រ៉ុង ​ឈុន ​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ​ថ្លែង​សារ​នៅ​កាន់​គ្រូ​បង្រៀន​ក្នុង​ទិវា​គ្រូបង្រៀន​អន្តរ​ជាតិ​កាល​ពី​ឆ្នាំ​២០១២​។​ Siv Channa/RFI

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ​របស់លោក រ៉ុង ឈុន នៅតែ​រក្សា​ការ​ប្រារព្ធ​ពិធី​ជួបជុំ​មនុស្ស ៦០០ នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ​បើទោះបីជា​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ក៏ដោយ។ ញត្តិ​ទាមទារ​ដំឡើង​ប្រាក់ខែ និង​ទាមទារ​ដោះស្រាយ​បញ្ហា​ជាច្រើន​ទៀត​របស់​គ្រូបង្រៀន​នឹងដាក់​ជូនទៅ​រដ្ឋាភិបាល​ផងដែរ។ យ៉ាងណាក៏ដោយ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស អះអាងថា នឹង​ជួយ​សម្រួល​បើសិនជា​ពិធី​នោះ​មិន​ដើរ​ហែ​ក្បួន​ដែល​ធ្វើ​ឲ្យ​ខូច​សណ្តាប់ធ្នាប់​ទេនោះ។

ផ្សាយពាណិជ្ជកម្ម

ទោះបីជា​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ក៏ដោយ ក៏​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ​បាន​ត្រៀម​រួចរាល់​ហើយ​ដើម្បី​ប្រារព្ធ​ទិវា​គ្រូបង្រៀន​នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ។ លោក រ៉ុង ឈុន ប្រធាន​សមាគម​នេះ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃនេះ​ថា ពិធី​នោះ​នឹងមាន​មនុស្ស​ប្រមាណ​ជា ៦០០ នាក់​ចូលរួម។

 
សូមបញ្ជាក់ថា សាលា​រាជធានី​ភ្នំពេញ​បានសម្រេច​កាលពី​ថ្ងៃទី៩តុលា​មិន​អនុញ្ញាត​ឲ្យ​សមាគម​គ្រូបង្រៀន​ប្រារព្ធ​ពិធី​នេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ទេ ដោយបាន​សំណូមពរ​ឲ្យ​សមាគម​នេះ​រៀបចំ​កម្មវិធី​នៅ​ទីស្នាក់ការ​សមាគម​វិញ។ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ បានផ្តល់​ហេតុផល​ថា ទិវា​គ្រូបង្រៀន​ពិភពលោក ជា​ទិវា​អន្តរជាតិ មិនមែនជា​សិទ្ធិផ្តាច់មុខ​របស់លោក រ៉ុង​ឈុន តែ​ម្នាក់ ដែល​ត្រូវ​ប្រារព្ធ​ទេ។

ម្យ៉ាងទៀត ចាប់ពីពេលនេះ​តទៅ អាជ្ញាធរ​កំពុងតែ​រវល់​នឹង​កិច្ចការពារ​សន្តិ​សម្រាប់​ព្រះរាជ​ពិធី​សម្ពោធ​វិមាន​ព្រះ​បរម​រូប និង​ព្រះ​រាជពិធី​រម្លឹក​ខួប​គម្រប់ ១ ឆ្នាំ នៃ​ការយាង​ចូល​ទិវង្គត​របស់​ព្រះមហាវីរក្សត្រ ព្រះ​បរម​រន​ត​កោដ្ឋ នរោត្តម សីហនុ នា​ថ្ងៃទី១៥តុលា។ ប៉ុន្តែ សម្រាប់​លោក រ៉ុង ឈុន នេះ​គ្រាន់តែ​ជា​លេស​របស់​អាជ្ញាធរ​ដើម្បី​រារាំង​ការជួបជុំ​តែប៉ុណ្ណោះ។ លោក​ពន្យល់ថា ទីលាន​ប្រជាធិបតេយ្យ​ត្រូវបាន​បង្កើតឡើង​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​សម្តែង​មតិ ដូច្នេះ​អាជ្ញាធរ​មិនគួរ​ហាមឃាត់​ការសម្តែង​មតិ​ឡើយ។

ក្រៅពី​ការសម្តែង​មតិ សមាគម​គ្រូបង្រៀន​មួយ​នេះ​ក៏​ត្រៀម​ដាក់​ញត្តិ​ជូន​រដ្ឋាភិបាល​ផងដែរ។ បើតាម​លោក រ៉ុង ឈុន ញត្តិ​នោះ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ជាច្រើន​ដូចជា ការទាមទារ​ដំឡើង​ប្រាក់ខែ​គ្រូបង្រៀន​ឲ្យ​ដល់​មួយ​លាន​រៀល​និង​អាច​បើក​ប្រាក់ខែ​តាម​ប្រព​ន្ធ័​ធនាគារ ទាមទារ​ឲ្យ​រដ្ឋាភិបាល​លុបបំបាត់​អំពើពុករលួយ​ក្នុង​វិស័យ​អប់រំ និង​ការគោរព​សិទ្ធិសេរីភាព​របស់​គ្រូបង្រៀន​ជាដើម។ អង្គការ​យូណេស្កូ សហការ​ជាមួយ​ក្រសួង​អប់រំ​ក៏​គ្រោង​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​នៅ​ថ្ងៃទី១៤ តុលា​ខាងមុខ​នេះដែរ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នករៀបចំ​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភពលោក​ដែល​មិន​ទទួលបាន​ការអនុញ្ញាត​ច្បាប់​នោះបាន​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​រហូត​បណ្តាល​ឲ្យ​មនុស្ស​រងរបួស​មួយចំនួន។ យ៉ាងណាក៏ដោយ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ប្រសិនបើ​ការ​ប្រារព្ធ​ពិធី​ស្អែក​នេះ​មិន​ដើរ​ហែ​ក្បួន​ដែល​នាំ​ឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​ទេ សាលា​រាជធានី​នឹង​ចាត់វិធានការ​អ្វី​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI