កម្ពុជា

អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​លោក រ៉ុង ឈុន ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ថ្ងៃ​១៣​តុលា​ នៅ​ទី​លាន​ប្រជាធិបតេយ្យ​ទេ​

សាលាក្រុង​ភ្នំពេញ​មិនអនុញ្ញាត​ឲ្យក្រុម​គ្រូបង្រៀន​របស់​លោករ៉ុង ឈុន ​ប្រមាណ​៣៥០នាក់​ដើរហែក្បួន​តាមផ្លូវ​ នៅថ្ងៃទិវា​គ្រូបង្រៀន។​
សាលាក្រុង​ភ្នំពេញ​មិនអនុញ្ញាត​ឲ្យក្រុម​គ្រូបង្រៀន​របស់​លោករ៉ុង ឈុន ​ប្រមាណ​៣៥០នាក់​ដើរហែក្បួន​តាមផ្លូវ​ នៅថ្ងៃទិវា​គ្រូបង្រៀន។​ © លី​ ម៉េងហួរ

ទី​បំផុត​ទៅ សាលា​រាជធានី​ភ្នំពេញ បាន​សម្រេច នៅ​ព្រឹក​ថ្ងៃ​ទី​៩​តុលា​នេះ ដោយ​មិន​អនុញ្ញាត​ឲ្យ​សមាគម​គ្រូបង្រៀន របស់​លោក រ៉ុង ឈុន ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភពលោក នា​ថ្ងៃ​ទី​១៣​តុលា នៅ​ទីលាន​ប្រជាធិបតេយ្យ​ឡើយ។ មូលហេតុ ត្រូវ​បាន​លោក ឡុង ឌី​ម៉​ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បញ្ជាក់ថា មកពី​ទិវា​គ្រូបង្រៀន​នោះ ជា​ទិវា​អន្តរជាតិ ហើយ​ម្យ៉ាងទៀត អាជ្ញាធរ​កំពុង​តែ​រវល់​នឹង​រៀប​ចំ​ព្រះរាជ​ពិធីបុណ្យ រម្លឹក​ព្រះ​វិញ្ញាណក្ខ័ន្ធ គម្រប់​ខួប​មួយ​ឆ្នាំ របស់​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នា​ថ្ងៃទី១៥តុលា។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​កិច្ចប្រជុំ​រយៈពេល​ប៉ុន្មាន​នាទី​រួច​មក នៅ​ព្រឹក​ថ្ងៃ​ទី​៩​តុលា​នេះ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ បាន​សម្រេច​ថា មិន​អនុញ្ញាត​ឲ្យ​សមាគម​គ្រូបង្រៀន របស់​លោក រ៉ុង ឈុន យក​ទីលាន​ប្រជាធិបតេយ្យ នៅ​ជិត​វត្តភ្នំ ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភពលោក នា​ថ្ងៃ​ទី​១៣​តុលា​ទេ។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ បានផ្តល់​ហេតុផល​ថា ទិវា​គ្រូបង្រៀន​ពិភពលោក ជា​ទិវា​អន្តរជាតិ មិនមែនជា​សិទ្ធិផ្តាច់មុខ​របស់លោក រ៉ុង​ឈុន តែ​ម្នាក់ ដែល​ត្រូវ​ប្រារព្ធ​ទេ។ មួយវិញទៀត ចាប់​ពី​ពេល​នេះ​តទៅ អាជ្ញាធរ​កំពុងតែ​រវល់​នឹង​កិច្ចការពារ​សន្តិសុខ និង​កិច្ច​ការរៀបចំ​ព្រះរាជ​ពិធីបុណ្យ សម្ពោធ​វិមាន​ព្រះ​បរម​រូប និង​ព្រះ​រាជពិធី​រម្លឹក​ខួប​គម្រប់ ១ ឆ្នាំ នៃ​ការយាង​ចូល​ទិវង្គត​របស់​សម្តេចព្រះ​មហាវីរក្សត្រ សម្តេចព្រះ​បរម​រន​ត​កោដ្ឋ នរោត្តម សីហនុ នា​ថ្ងៃ​ទី​១៥​តុលា។

អាជ្ញាធរ​រាជធានី​ភ្នំពេញ តម្រូវ​ឲ្យ​លោក រ៉ុង ឈុន ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក ថ្ងៃទី១៣តុលា នៅ​ទីស្នាក់ការ​របស់​សមាគម។

ក៏ប៉ុន្តែ​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ មិន​យល់ស្រប នឹង​ហេតុផល​របស់​អាជ្ញាធរ​ទេ។ លោក រ៉ុង ឈុន ប្រកាសថា នឹង​រក្សា​ជំហរ​ដដែល ដោយ​ជួបជុំ​គ្រូបង្រៀន​ប្រមាណ ៦០០នាក់ នា​ព្រឹក​ថ្ងៃទី១៣តុលា ដើម្បី​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ដើរ​ហែ​ក្បួន យក​ញត្តិ​ទៅ​ដា​ក់នៅ​ក្រសួង​អប់រំ និង​នៅ​រដ្ឋសភា។

ក្រុម​គ្រូបង្រៀន​របស់លោក​រ៉ុង ​ឈុន ទាមទារ​ឲ្យ​មាន​ការគិតគូ​រ​ដល់​គ្រូបង្រៀន និង​ស្នើ​ដល់​រដ្ឋាភិបាល ឲ្យ​តម្លើង​ប្រាក់ខែ​គ្រូបង្រៀន​យ៉ាងតិចណាស់ ១លាន​រៀល។

ដោយឡែក នៅ​ថ្ងៃទី១៣តុលា សមាគម​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​ដាក់​លិខិត​ជូនដំណឹង​ទៅ​សាលាក្រុង ដើម្បី​ធ្វើបាតុកម្ម ប្រឆាំងនឹង​ការកាត់ទោស​របស់​តុលាការ​វៀតណាម លើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ផងដែរ។ គម្រោង​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា ត្រូវ​បាន​លោក ឡុង ឌី​ម៉​ង់ អ្នក​នាំ​ពាក្យ​សាលាក្រុង អះអាងថា ទើប​តែ​ទទួលបាន​លិខិត​ជូន​ដំណឹង ហើយ​អាជ្ញាធរ មិនទាន់​សម្រេច​បែប​ទេ មកដល់​ថ្ងៃ​ទី​៩​តុលា​នេះ។

ប៉ុន្តែ​លោក​ថា ក្នុង​ដំណាក់កាល​នេះ អាជ្ញាធរ មិន​អនុញ្ញាត​ឲ្យ​មាន​ការជួប​ធ្វើ​បាតុកម្ម ហែ​ក្បួន ដូច​ករណី​អ្នករៀបចំ​ទិវា​សិទ្ធិ​លំនៅដ្ឋាន នា​ថ្ងៃទី១០តុលា​ស្អែក​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI