កម្ពុជា

ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍

លោក កឹម សុខា​ ប្រធាន​គណបក្ស​សិទ្ធិមនុស្ស
លោក កឹម សុខា​ ប្រធាន​គណបក្ស​សិទ្ធិមនុស្ស © សុវណ្ណារ៉ា

ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​លោក កឹម សុខា ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​ បរិហារកេរ្តិ៍ ក្រោយពី​មាន​បណ្តឹង​របស់​ក្រុម​អតីត​បុគ្គលិក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ កម្ពុជា​កាលពី​ចុង​ឆ្នាំ​២០០៦។ ទន្ទឹម​នឹង​ការ​ចោទ​ប្រកាន់​នេះ អយ្យការ​អម​សាលា​ដំបូង​ក៏​បាន​ធ្វើ​លិខិត​ទៅ​រដ្ឋសភា​ដើម្បី​ស្នើ​សុំ​ដក​ អភ័យ​ឯកសិទ្ធិ​របស់​លោក​ កឹម សុខា ផង​ដែរ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ លាង ដឺលុច

កាល​ពី​៤​ឆ្នាំ​មុន មុន​នឹង​ក្លាយ​ជា​មេដឹកនាំ​គណបក្ស​សិទ្ធិមនុស្ស លោក​ កឹម សុខា​ គឺ​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។ នៅ​ពេល​នោះ លោក​ កឹម សុខា​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ក្រុម​បុគ្គលិក​មួយ​ក្រុម​អំពី​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន​នៅក្នុង​ការ​គ្រប់គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះ។ ជម្លោះ​រវាង​បុគ្គលិក និង​លោក កឹម សុខា​ ជា​ប្រធាន បាន​បង្ក​អោយ​មាន​ការ​ឆ្លើយឆ្លង​គ្នា​ជាច្រើន​នៅ​ពេល​នោះ។ លោក ​ឈឹម ផលវរុណ តំណាង​មួយ​រូប​នៃ​ក្រុម​បុគ្គលិក​ដែល​មាន​ទំនាស់​ជាមួយ​លោក​ កឹម សុខា​ បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​អោយ​ដឹង​ថា ក្រុម​របស់​លោក​បាន​ដាក់​បណ្តឹង​ជាច្រើន​ប្រឆាំង​លោក​ កឹម សុខា។ ក្នុង​នោះ​មាន​បណ្តឹង​បរិហារ​កេរ្តិ៍ បណ្តឹង​ស្តី​ពី​ការរំលោភ​លើ​សេចក្តី​ទុកចិត្ត និង​ការ​បន្លំ​ហត្ថលេខា​ជាដើម។

យោង​តាម​ប្រភព​គួរ​អោយ​ទុកចិត្ត​បាន​អោយ​ដឹង​ថា នៅ​ថ្ងៃ​ចន្ទ​ទី​៣០​សីហា​នេះ អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​លោក ​កឹម សុខា​ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ពី​បទ​បរិហារកេរ្តិ៍។

            នេះ​អាច​ជា​ការ​ចាត់ការ​លើ​បណ្តឹង​មួយ​ក្នុង​ចំណោម​បណ្តឹង​ផ្សេង​ទៀត។ លោក​ ឈឹម ផលវរុណ​ ដែល​ជា​តំណាង​ក្រុម​ដើម​បណ្តឹង​បាន​ប្រាប់​អោយ​ដឹង​ថា លោក​មិន​បាន​ដឹង​អំពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ​រាជធានី​ទៅលើ​លោក​ កឹម សុខា​ នោះ​ឡើយ។ ប៉ុន្តែ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក​ក៏​បាន​ចូល​ខ្លួន​បំភ្លឺ​ក្នុង​សំណុំ​រឿង​មួយ​នៅ​សាលា​ដំបូង​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​លោក កឹម សុខា។

            នៅខាង​គណបក្ស​សិទ្ធិ​មនុស្ស​ឯណោះ​វិញ ពេល​នេះ លោក​កឹម សុខា​កំពុង​មាន​វត្តមាន​នៅ​ឯ​សហរដ្ឋ​អាមេរិក។ លោក​ញ៉ែម ប៉ុញ្ញារិទ្ធ ​តំណាងរាស្ត្រ​មួយ​រូប​របស់​គណបក្ស​នេះ ក៏​បាន​អះអាង​ដូចគ្នា​ថា​លោក​នៅ​មិនទាន់​ទទួល​បាន​ព័ត៌មាន​អំពី​ការ​ចោទ​ប្រកាន់​ប្រធាន​របស់​លោក​ច្បាស់លាស់​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​បាន​ឃើញ​លិខិត​បង្គាប់​អោយ​លោក​ កឹម សុខា​ ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី៦​ខែ​កញ្ញា​ខាងមុខ​នេះ ក្នុង​សំណុំរឿង​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​សេចក្តី​ទុកចិត្ត និង​ការ​ក្លែង​បន្លំ​លិខិត​ឯកជន តាម​បណ្តឹង​របស់​លោក​ ឈឹម ផលវរុណ។

បើទោះ​នេះ ហាក់​មិនមែន​ជា​សញ្ញា​ល្អ​សម្រាប់​ជីវិត​នយោបាយ​របស់​លោក កឹម សុខា​ ក៏​ដោយ លោក​ ញ៉ែម ប៉ុញ្ញារិទ្ធ តំណាងរាស្ត្រ​គណបក្ស​សិទ្ធិមនុស្ស​នៅតែ​អះអាង​ថា បណ្តឹងទាំងនេះនឹងមិន​បង្ក​បញ្ហា​ដល់​ប្រធាន និង​ដំណើរការ​របស់​គណបក្ស​របស់​លោក​នោះ​ទេ។ ការ​ចោទ​ប្រកាន់​ទៅលើ​លោក កឹម សុខា កំពុង​ប្រព្រឹត្ត​ទៅ នៅ​ពេល​ដែល​តុលាការ​រាជធានី​ភ្នំពេញ​កំពុង​ត្រៀម​បើក​សវនាការ​មួយ​ថ្មី​ទៀត​កាត់ទោស​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សម រង្ស៊ី​អំពី​ការ​ក្លែង​បន្លំ​ឯកសារ​ផ្លូវការ។ គឺ​ជា​សំណុំ​រឿង​ផែន​ទី​ ស្តី​អំពី​ការ​បោះ​បង្គោល​ព្រំដែន​នៅ​ក្នុង​ស្រុក​ចន្ទ្រា​ ខេត្ត​ស្វាយរៀង ដែល​លោក សម រង្ស៊ី បង្ហាញ​ថា ការ​បោះ​បង្គោល​ព្រំដែន​នោះ ត្រូវ​បាន​ធ្វើ​នៅ​លើ​ទឹកដី​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI