កម្ពុជា

គណបក្ស​សិទ្ធិមនុស្ស​ប្រកាស​ជំហរ​ការពារ​ខ្លួន

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី និង​លោក​កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស
លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី និង​លោក​កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស ©ម៉េងហួរ/RFI

ក្រោយ​ពី​ការទម្លាយ​ឯកសារ​សម្ងាត់​នៃ​កិច្ចសន្ទនា​រវាង​លោក​នាយក​រដ្ឋមន្ត្រី និង​លោក កឹម សុខា ទាក់ទង​នឹង​ការបង្កើត​គណបក្ស​សិទ្ធិ​មនុស្ស​រួច​មក គណបក្ស​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ជំហរ ដោយ​ចាត់​ទុក​ថា មិនមែន​ជា​ព្រឹត្តិការណ៍​សំខាន់ និង​ជា​រឿង​ធម្មតា​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ តាម​សេចក្តី​ប្រកាស ការបញ្ចេញ​ឯកសារ​នោះ គ្រាន់តែ​ជា​ល្បិច​កល ដើម្បី​បំបែក​កម្លាំង​អ្នកប្រជាធិបតេយ្យ ដែល​កំពុង​ស្វះស្វែង​បង្រួបបង្រួម​គ្នា នា​ពេល​សព្វ​ថ្ងៃ​ប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

 

គណបក្ស​សិទ្ធិមនុស្ស បាន​លើក​ឡើង​នូវ​គោលជំហរ ៤ ចំណុច ដើម្បី​បកស្រាយ​ការពារ​ខ្លួន​ចំពោះ​ឯកសារ​ទាក់ទង​តាម​ទូរស័ព្ទ​រវាង​លោក កឹម សុខា និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។​
ក្នុង​សេចក្តីប្រកាស​​ព័ត៌មាន ចុះ​ថ្ងៃ​ទី​៣០​ឧសភា ឆ្នាំ​២០១១ គណបក្ស​សិទ្ធិមនុស្ស បាន​ចាត់ទុកថា ការជួប​សន្ទនា​នោះ មិន​មាន​ចំណុច​ណា​មួយ ដែល​បញ្ជាក់​ថា លោក កឹម សុខា បាន​សុខចិត្ត​សន្យា ដោះដូរ​អ្វី​ជា​អាថ៌កំបាំង ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ឡើយ។ ការសន្ទនា​គ្នា​រវាង​មេដឹកនាំ​គណបក្ស​ណា​មួយ ទៅ​គណបក្ស​មួយ​ទៀត គឺ​ជា​រឿង​ធម្មតា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ។

​គណបក្ស​សិទ្ធិមនុស្ស ​បាន​បញ្ជាក់ថា ការបញ្ចេញ​ឯកសារ​សម្ងាត់ កាលពី​ថ្ងៃ​អាទិត្យ​នោះ គឺជា​ល្បិចកល​មួយ ដែល​ធ្វើឡើង ដើម្បី​បំបែក​កម្លាំង​អ្នកប្រជាធិបតេយ្យ ដែល​កំពុង​ស្វះស្វែង​ប្រមូល​កម្លាំង ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​របៀប​ដឹកនាំ​បច្ចុប្បន្ន។

​គណបក្ស​សិទ្ធិមនុស្ស ក៏​បាន​ប្រកាស​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​គោលការណ៍​អហិង្សា មិន​យក​ខ្មែរ​ណា​ធ្វើ​ជា​សត្រូវ និង​ប្រកាន់​ជំហរ​ដាច់ខាត មិន​ព្រម​រណប​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។​

​យ៉ាងណាក៏ដោយ ខុទ្ទកាល័យ​គណបក្ស​សម​រង្ស៊ី នៅ​ថ្ងៃ​៣១​ឧសភា​នេះ បាន​ប្រកាស​ថា លោក កឹម សុខា ជា​មនុស្ស​មិន​ស្មោះត្រង់ មិន​ត្រឹមតែ​មិន​ស្មោះត្រង់​ដើម្បី​ធ្វើ​ជា​ដៃ​គូ ជាមួយ​គណបក្ស​សម​រង្ស៊ី​ទេ តែ​លោក កឹម សុខា ក៏​មាន​ចិត្ត​វៀចវេរ ចំពោះ​អ្នក​គាំទ្រ​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ផង​ដែរ។

ចំណែក​លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី​ និង​ជា​អ្នកដឹកនាំ​ការចរចា​បង្កើត​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស បាន​កត់​សម្គាល់​ថា ទោះជា​មាន​ការបង្កើត​ព្រឹត្តិការណ៍​ពី​សំណាក់​គណបក្ស​កាន់​អំណាច​លើ​អ្នក​នយោបាយ​ក្តី តែ​ពេល​នេះ អ្វី​ដែល​សំខាន់ គឺ​គណបក្ស​សមរង្ស៊ី នឹង​ក្លាយ​ជា​ជម្រើស​តែ​មួយ​គត់ ដែល​ប្រជាពលរដ្ឋ អាច​ជឿ​ទុកចិត្ត ហើយ​គណបក្ស​សមរង្ស៊ី អាច​បង្រួបបង្រួម​កម្លាំង​ស្នេហា​ជាតិ ក្នុង​ចលនា​នយោបាយ ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​នៅ​កម្ពុជា។​

ឯកសារ​សម្ងាត់ ស្តីពី​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​លោក កឹម សុខា ដែល​មាន​លក្ខណៈ​ស្និទ្ធស្នាល និង​ថែម​ទាំង​បាន​និយាយ​មិន​ល្អ​ពី​គណបក្ស​សមរង្ស៊ី បាន​បែកធ្លាយ​កាលពី​ថ្ងៃអាទិត្យ។ កិច្ចសន្ទនា តាម​ទូរស័ព្ទ​រយៈពេល ២៤ នាទី បាន​បញ្ជាក់​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួយ​ជ្រោមជ្រែង​លោក កឹម សុខា ក្នុង​ការបង្កើត និង​រៀបចំ​សមាជ​គណបក្ស​សិទ្ធិមនុស្ស កាលពី​ខែ​កក្កដា​ឆ្នាំ​២០០៧៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI