កម្ពុជា​-ថៃ

សំណុំ​រឿង​ព្រះវិហារ​នៅ​តុលាការ​អន្តរជាតិ ៖ សវនាការ​ថ្ងៃ​ទី២

លោក ហោ ណាំហុង និង លោក វ៉ា គឹមហុង នៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ
លោក ហោ ណាំហុង និង លោក វ៉ា គឹមហុង នៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ©CIJ

នៅថ្ងៃ​​ទី៣១ ឧសភា ២០១១​នេះ ​ជា​ថ្ងៃ​ទី២ និង​ជា​ថ្ងៃ​ចុង​ក្រោយ នៃ​សវនាការ​តុលាការ​ក្រុង​ឡាអេ​ ដើម្បី​ជំនុំជម្រះ​បណ្តឹង​របស់​កម្ពុជា ដែល​សុំ​បកស្រាយ​សាលក្រម ឆ្នាំ​១៩៦២ និង​សុំ​ឲ្យ​តុលាការ​ចាត់វិធានការ​បន្ទាន់។ នៅថ្ងៃ​ទីពីរ​​នេះ តុលាការ​ទុក​ពេល​ឲ្យ​ភាគី​នីមួយៗ ឆ្លើយ​តប​ទៅនឹង​អ្វី ដែល​ភាគី​មួយ​ទៀត បាន​លើក​ឡើង ​នៅ​ក្នុង​សវនាការ​ កាល​ពី​ថ្ងៃ​ចន្ទ​ទី៣០​ឧសភា។

ផ្សាយពាណិជ្ជកម្ម

 

នៅ​ក្នុង​សវនាការ​ព្រឹកថ្ងៃ​អង្គារ​នេះ កម្ពុជា​មាន​ពេល​មួយ​ម៉ោង ដើម្បី​ឆ្លើយតប​ទៅ​នឹង​អ្វី ដែល​ថៃ​បាន​លើក​ឡើង កាល​ពី​រសៀល​ម្សិលមិញ។ ​នៅ​ក្នុង​សវនាការ​ នៅ​ថ្ងៃ​រសៀល​ (ត្រូវ​នឹង​ម៉ោង ១០​យប់ នៅ​កម្ពុជា) ថៃ​នឹង​មាន​ពេល​មួយ​ម៉ោង​ដែរ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អ្វី ដែល​កម្ពុជា​លើក​ឡើង កាល​ពី​ព្រឹក​ម្សិលមិញ។

ប៉ុន្តែ តាមពិតទៅ ម្សិលមិញ​នេះ ដោយសារ​តែ​ថៃ​ឡើង​និយាយ ​​នៅ​ពេល​រសៀល (៤​ម៉ោង​ក្រោយ​កម្ពុជា) ថៃ​​មាន​ពេល​រៀបចំ​ចម្លើយ​​តប​ទៅ​កម្ពុជា​ តាំង​ពី​ម្សិលមិញ​ខ្លះៗ​រួច​ហើយ។ នៅ​ក្នុង​សវនាការ​​រសៀល​ថ្ងៃ​អង្គារ​​នេះ (៥​ម៉ោង​កន្លះ ក្រោយ​កម្ពុជា) ថៃ​នឹងមាន​​ពេល​ឆ្លើយ​តប​នឹង​កម្ពុជា​បន្ថែម​ទៀត។ ផ្ទុយ​ទៅ​វិញ អ្វី​ដែល​ថៃ​លើក​ឡើង​នៅ​រសៀល​នេះ កម្ពុជា​នឹង​គ្មាន​ឱកាស​ឆ្លើយ​តប​ទៅវិញ​ទេ។

ខាងក្រោម​នេះ គឺ​ជា​ចម្លើយ​ខ្លះៗ​របស់​កម្ពុជា ក្នុង​សវនាការ​ព្រឹក​ថ្ងៃ​ទី៣១ ដើម្បី​ឆ្លើយ​តប​នឹង​ទឡ្ហីករណ៍​របស់​ថៃ ក្នុង​សវនាការ ថ្ងៃ​ទី៣០ ម្សិលមិញ៖

កម្ពុជា​ជា​អ្នក​វាយប្រហារ​លើ​ថៃ​មុន

ថៃ​បានលើក​ឡើង​ថា ថៃ គឺ​ជា​ប្រទេស​ស្រឡាញ់​សន្តិភាព។ ថៃ​មិន​ចង់​ឈ្លោះ​ជាមួយ​ប្រទេស​ជិត​ខាង​ទេ។ នៅ​ក្នុង​​ការ​ប៉ះទង្គិច​ប្រដាប់​អាវុធ​កន្លង​មក គឺ​​កម្ពុជា​ជា​អ្នក​វាយប្រហារ​ទៅលើ​ថៃ​មុន។ ថៃ​គ្រាន់តែ​ឆ្លើយតប ដើម្បី​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ។

កម្ពុជា​បាន​ឆ្លើយ​តប​ទៅ​វិញ​ថា បើ​ថៃ​ជា​ប្រទេស​ស្រឡាញ់​សន្តិភាព ជា​ប្រទេស​រងគ្រោះ ដោយ​ការ​ឈ្លានពាន​របស់​កម្ពុជា ហេតុអ្វី​បាន​ជា​ថៃ​តែងតែ​បដិសេធ​មិន​ទទួល​យក​​យន្តការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី? ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​ ក៏​ថៃ​មិន​ព្រម។ ឲ្យ​ភាគី​ទីបី​ណាមួយ​ចូល​មក​ជួយ​សម្របសម្រួល​ ក៏​ថៃ​បដិសេធ។ អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី​ក៏​ថៃ​ចេះតែ​យក​លេស​ពន្យារ​ពេល​មិន​ឲ្យ​មក​ព្រំដែន​រហូត​មក​ទល់​ពេល​នេះ។ នៅ​ពេល​នេះ​ទៀត ពេល​​កម្ពុជា​ប្តឹង​មក​ដល់​តុលាការ​អន្តរជាតិ នៅ​ឡាអេ​នេះ​ហើយ ក៏​ថៃ​ព្យាយាម​ច្រាន​ចោល​សមត្ថកិច្ច​របស់​តុលាការ មិន​ឲ្យ​យក​បណ្តឹង​មក​ជំនុំជម្រះ​ដែរ។ ​កម្ពុជា ដែល​ថៃ​អះអាង​ថា​ជា​អ្នក​ឈ្លានពាន គឺ​ជា​អ្នក​រត់​រក​យន្តការ​សន្តិវិធី​ទាំងអស់នេះ។

កម្ពុជា​បាន​ចោទ​ជា​សំណួរ​ទៅ​អង្គចៅក្រម​ថា បើសិន​ជា​កម្ពុជា​ជា​អ្នក​ឈ្លានពាន​ថៃ​ដូច​ថៃ​ថា​មែន តើ​វា​ជា​រឿង​ដែល​សម​ហេតុ​ផល​ទេ ដែល​អ្នក​ឈ្លានពាន​គេ រត់ទៅ​ប្តឹង​ទៅ​តុលាការ ចំណែក​ឯ​អ្នក​ដែល​ត្រូវ​គេ​ឈ្លានពាន​បែរ​ជា​បដិសេធ​មិន​ឲ្យ​តុលាការ​ជំនុំជម្រះ​បែប​នេះ?

អនុស្សរណៈយោគយល់​គ្នា​ឆ្នាំ​២០០ (MoU)

ថៃ​បាន​លើក​យក​អនុស្សរណៈ​យោគយល់​គ្នា ឆ្នាំ​២០០០ មក​ធ្វើ​ជា​ភស្តុតាង​បញ្ជាក់​ថា កន្លង​មក កម្ពុជា​ក៏បាន​ទទួល​ស្គាល់​ដូច​ថៃ​ដែរ គឺ​ថា សាលក្រម ឆ្នាំ​១៩៦២ ​និយាយ​តែ​ពី​តួ​ប្រាសាទ​ព្រះវិហារ​ប៉ុណ្ណោះ មិន​បាន​កំណត់​អំពី​ព្រំដែន​ទេ។ ដោយសារ​តែ​តុលាការ​មិនទាន់​កំណត់​ព្រំដែន​នេះ​ហើយ ទើប​កម្ពុជា និង​ថៃ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ២០០០ ដើម្បី​កំណត់​ព្រំដែន។ ដូច្នេះ កម្ពុជា និង​ថៃ​មិនមាន​វិវាទ​លើ​ការ​បក​ស្រាយ មាន​ន័យ​ថា តុលាការ​អន្តរជាតិ​ គ្មាន​សមត្ថកិច្ច​ជំនុំជម្រះ​បណ្តឹង​សុំ​បក​ស្រាយ​របស់​កម្ពុជា​បានទេ។

កម្ពុជា​ឆ្លើយ​បក​ទៅ​វិញ​ថា អនុស្សរណៈ​យោគយល់គ្នា ឆ្នាំ​២០០០ មិនមែន​ចុះ​ ដើម្បី​កំណត់​ខ្សែ​បន្ទាត់​ព្រំដែន​ដូច​ការ​អះអាង​របស់​ថៃ​ទេ គឺ​ចុះ​ដើម្បី​បោះបង្គោល​ព្រំដែន មាន​ន័យ​ថា ព្រំដែន​​​មាន​រួច​ហើយ នៅ​លើ​ផែនទី គ្រាន់តែ​មិនទាន់​បោះបង្គោល។ ដូច្នេះ​ហើយ​ ទើប​កម្ពុជា​​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ថៃ ដើម្បី​​បោះបង្គោល។ កម្ពុជា​ក៏​បាន​ផ្តល់​សេចក្តី​ចម្លង​​អនុស្សរណៈ ឆ្នាំ​២០០០​នេះ​មួយ​ច្បាប់​ឲ្យ​ទៅ​អង្គ​ចៅក្រម ដើម្បី​ពិនិត្យ​មើល​ខ្លឹមសារ​កិច្ចព្រមព្រៀង​នេះ​​ដោយ​ខ្លួន​ឯង។ ដូច្នេះ កម្ពុជា​មិនបាន​យល់​ស្រប​ជាមួយ​នឹង​ការ​បកស្រាយ​របស់​ថៃ​ទេ។

កម្ពុជា​ប្រឌិត​វិវាទឡើង​ ដើម្បី​ឲ្យ​តុលាការ​បកស្រាយ​សាលក្រម

ថៃ​បាន​ព្យាយាម​លើក​ឡើង​ទៀត​ថា វិវាទ​ទៅ​លើ​អត្ថន័យ​ និង​វិសាល​ភាព​នៃ​សាលក្រម ឆ្នាំ​១៩៦២ ត្រូវ​បាន​កម្ពុជា​ប្រឌិត​ឡើងទេ។ តាម​ការពិត វា​មិនមាន​វិវាទ​អ្វី ដែល​ត្រូវ​​ឲ្យ​តុលាការ​​បកស្រាយ​នោះ​ទេ។ ថៃ​បាន​លើក​យក​​ចំណុច​ទី២ នៃ​សាលក្រម ឆ្នាំ​១៩៦២ ដែល​កម្ពុជា​ស្នើ​សុំ​ឲ្យ​តុលាការ​បកស្រាយ។ ត្រង់​ចំណុច​នេះ ​តុលាការ​អន្តរជាតិ​តម្រូវ​ឲ្យ​​​ថៃ​ដក​កងទ័ព និង​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​​ចេញ​ពី​ប្រាសាទ​​ព្រះវិហារ និង​ពី​តំបន់​ជុំវិញ​​ប្រាសាទ​ព្រះវិហារ។ កម្ពុជា​ចង់​ឲ្យ​តុលាការ​បញ្ជាក់​ថា កាតព្វកិច្ច​របស់​ថៃ នៅ​ក្នុង​ចំណុច​នេះ គឺ​ជា​កាតព្វកិច្ច ដែល​ថៃ​ត្រូវ​អនុវត្ត​​ដោយ​ជាប់លាប់។ ថៃ​លើក​ឡើង​ថា ការ​លើក​ឡើង​របស់​កម្ពុជា​នេះ គ្រាន់តែ​ជា​ការ​ប្រឌិត​បង្កើត​ឲ្យ​មាន​វិវាទ ដើម្បី​ប្តឹង​មក​តុលាការ​ឲ្យ​បកស្រាយ​សាលក្រម​តែ​ប៉ុណ្ណោះ។ តាម​ការពិត កាតព្វកិច្ច​​របស់​ថៃ​ត្រង់​ចំណុច​នេះ ​គឺ​ជា​កាតព្វកិច្ច ដែល​ដាក់​ទៅលើ​ថៃ តែ​នៅ​ក្នុង​ពេល​តុលាការ​ចេញ​សាលក្រម​នោះ​ប៉ុណ្ណោះ (ឆ្នាំ​១៩៦២) ហើយ​​មិនមាន​សុពលភាព​​ជា​បន្តបន្ទាប់​រហូត​មក​ទល់​ពេល​នេះ​ទេ។

កម្ពុជា​បាន​​ឆ្លើយ​តប​ទៅ​ថៃ​វិញ​ថា គ្រាន់តែ​ស្តាប់​ហេតុផល​របស់​តំណាង​ភាគី​ថៃ និង​តំណាង​ភាគី​ខ្មែរ កាល​ពី​ម្សិលមិញ​នេះ អង្គ​ចៅក្រម​ក៏​អាច​មើលឃើញ​យ៉ាង​ច្បាស់​ដែរ​ថា ភាគី​ទាំងពីរ​មាន​ការ​យល់ឃើញ​ខុសគ្នា ទៅលើ​អត្ថន័យ​នៃ​សាលក្រម ឆ្នាំ​១៩៦២។ ថៃ​យល់​ថា ជា​កាតព្វកិច្ច​តែ​មួយ​ពេល។ ឯ​កម្ពុជា​យល់ថា​ជា​កាតព្វកិច្ច​ដែល​ត្រូវ​អនុវត្ត​ជា​បន្តបន្ទាប់ ​ជាប់​រហូត។ ​ដូច្នេះ ដោយសារ​តែ​​គូភាគី​មាន​ការ​បកស្រាយ​ខុសគ្នា តុលាការ​ក្រុង​ឡាអេ​​​មាន​សមត្ថកិច្ច​​ពេញលេញ​ ដើម្បី​​បកស្រាយ​សាលក្រម។​ (ថៃ​ដាក់​អន្ទាក់​ជាប់ ក ខ្លួន​ឯង?)

គ្មាន​ការប៉ះទង្គិច​នៅ​ព្រះវិហារ គ្មាន​លក្ខណៈ​បន្ទាន់​ដែល​ត្រូវ​ចាត់វិធានការ

ថៃ​បាន​លើក​ឡើង​ថា បណ្តឹង​សុំ​ចាត់​វិធានការ​បន្ទាន់​របស់​កម្ពុជា​មិនមាន​មូលដ្ឋាន​ទេ។ កម្ពុជា​បាន​លើក​យក​ការប៉ះទង្គិច​​ដោយ​អាវុធ នៅ​ប្រាសាទ​តាមាន់ និង​តាក្របី ដែល​ស្ថិត​នៅ ១៥០​គ.ម. ពី​ប្រាសាទ​ព្រះវិហារ ហើយ​ជា​តំបន់​ដែល​មិន​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​​របស់​តុលាការ ក្នុង​ក្របខ័ណ្ឌ​សាលក្រម ឆ្នាំ​១៩៦២។ ​នៅឯ​តំបន់​ប្រាសាទ​​ព្រះវិហារ​វិញ តាំង​ពី​ខែ​កុម្ភៈ​មក មិន​ដែល​មាន​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ទៀត​ទេ។ ដូច្នេះ មិនមាន​អ្វី​ជា​លក្ខណៈ​បន្ទាន់ ដែល​ត្រូវ​ឲ្យ​តុលាការ​ចាត់​វិធានការ​ទេ។

កម្ពុជា​ឆ្លើយ​តប​ទៅ​វិញ​ថា កាលពី​ខែ​មេសា និង​ខែ​ឧសភា កន្លង​ទៅ​នេះ នៅ​ពេល​ដែល​កម្ពុជា​ដាក់ពាក្យ​បណ្តឹង​មក​តុលាការ​ក្រុង​ឡាអេ ការប៉ះទង្គិច​ដោយ​អាវុធ​ក៏​កើតមាន​ដែរ នៅ​តំបន់​ប្រាសាទ​​ព្រះវិហារ។ ​ថៃ​បាន​ហោះហើរ​រំលោភ​ចូល​ដែន​អាកាស​របស់​កម្ពុជា និង​បាន​បាញ់​កាំភ្លើងធំ​ចូល​ក្នុង​តំបន់​ព្រះវិហារ។ ការ​ដែល​កម្ពុជា​លើកឡើង​ពី​ការប៉ះទង្គិច​នៅ​តាមាន់ និង​តាក្របី គឺ​គ្រាន់តែ​ចង់​ទាញ​ស្មារតី​ចៅក្រម ឲ្យ​មើលឃើញ​អំពី​ស្ថានភាព​ជា​រួម នៅតាម​បណ្តោយ​ព្រំដែន​ខ្មែរ​ ថៃ ដែល​មាន​ការ​ប្រឈមមុខ​ដាក់​គ្នា​ដោយ​ប្រដាប់​អាវុធ​​តែ​ប៉ុណ្ណោះ។ វិធានការ​បន្ទាន់​ដែល​កម្ពុជា​ស្នើ​សុំ គឺ​សម្រាប់​ក្នុង​តំបន់​ព្រះវិហារ ដែល​ជា​ដែន​សមត្ថកិច្ច​​យ៉ាង​ពេញ​លេញ​របស់​តុលាការ​អន្តរជាតិ។

យុទ្ធសាស្រ្ត​ប្រថុយ​ប្រថាន​របស់ថៃ

គេ​សង្កេត​ឃើញ​ថា នៅ​ក្នុង​សវនាការ​ថ្ងៃ​ទី១ ថៃ​បាន​ផ្តោត​សំខាន់​ទៅលើ​បណ្តឹង​សុំ​បកស្រាយ​សាលក្រម។ ក្នុង​រយៈពេល ២ម៉ោង ដែល​ថៃ​មាន ថៃ​បាន​ចំណាយ​ពេល​រហូត​ដល់​ទៅ ១​ម៉ោង​កន្លះ ដើម្បី​ទាញ​ហេតុផល​​បញ្ជាក់​ថា តុលាការ​មិនមាន​សមត្ថកិច្ច​ជំនុំជម្រះ​បណ្តឹង​សុំ​បកស្រាយ​សាលក្រម​ ដែល​ស្នើឡើង​ដោយ​កម្ពុជា។ ថៃ​ចំណាយ​ពេល​តែ​ប្រមាណ​កន្លះ​ម៉ោង​ប៉ុណ្ណោះ និយាយ​អំពី​វិធានការ​បន្ទាន់។

តាមរយៈ​យុទ្ធសាស្រ្ត​នេះ ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ថា ថៃ​ហាក់​​មាន​ប្រៀប​ជាង​កម្ពុជា ព្រោះ​ថៃ​មាន​ទឡ្ហីករណ៍ និង​មាន​មូលដ្ឋាន​ច្បាប់​ច្រើន​ជាង។ ថៃ​ទំនង​ជា​គិត​ថា បើសិន​ជា​អាច​​ទាមទារ​ឲ្យ​តុលាការ​បដិសេធ​បណ្តឹង​សុំ​បកស្រាយ​សាលក្រម ១៩៦២​បាន បណ្តឹង​សុំ​ចាត់​វិធានការ​បន្ទាន់​ក៏​នឹង​ត្រូវ​រលត់​ដោយ​ស្វ័យ​ប្រវត្តិ​ដែរ ព្រោះ​ថា បណ្តឹង​សុំ​ចាត់​វិធានការ​បន្ទាន់ ស្ថិត​ក្រោម​បណ្តឹង​សុំ​បក​ស្រាយ ដែល​ជា​សំណុំ​រឿង​គោល។

ក៏ប៉ុន្តែ យុទ្ធសាស្រ្ត​នេះ​មាន​លក្ខណៈ​ប្រថុយប្រថាន​ច្រើន ព្រោះ​ថា នៅ​ក្នុង​សំណុំ​រឿង​កន្លង​មក ក្នុង​ពេល​ជំនុំជម្រះ​លើ​បណ្តឹង​សុំ​ចាត់​វិធានការ​បន្ទាន់ ចៅក្រម​​មិន​ពិនិត្យ​មើល​ថា តើ​បណ្តឹង​សុំ​បក​ស្រាយ​មាន​មូលដ្ឋាន​ច្បាប់ ដើម្បី​ឲ្យ​តុលាការ​លើក​យក​ចាត់ការ​ដែរ​ឬ​ក៏​អត់​នោះ​ទេ។ ចៅក្រម​ពិនិត្យ​មើល​តែ​ចំណុច​ថា តើ​​មាន​ស្ថានភាព​បន្ទាន់ ដែល​ចាំបាច់​ត្រូវ​តែ​ចាត់​​វិធានការ​​ដែរ​ឬ​អត់​តែ​ប៉ុណ្ណោះ។​

វិធាន​ផ្ទៃ​ក្នុង​​របស់​តុលាការ​អន្តរជាតិ​ក៏​មាន​ចែង​ដែរ​ថា ក្នុង​សវនាការ​រឿង​វិធានការ​បន្ទាន់ គូ​ភាគី​មិនត្រូវ​លើក​យក​សំណុំ​រឿង​គោល (បណ្តឹង​សុំ​បកស្រាយ)​ មក​និយាយ​នោះទេ លើកលែង​តែ​វា​មាន​ភាព​ចាំបាច់ ដើម្បី​ជា​សំអាង​ដល់​បណ្តឹង​សុំ​ចាត់​វិធានការ​បន្ទាន់​តែ​ប៉ុណ្ណោះ។

ក្នុង​សវនាការ​ព្រឹកថ្ងៃ​ទី៣១ ឧសភា កម្ពុជា​ក៏​បាន​​តប​ទៅនឹង​ទឡ្ហីករណ៍​របស់​ថៃ​វិញ​ដែរ ដោយ​លើក​ឡើង​ថា ទាក់ទង​នឹង​បណ្តឹង​សុំ​បកស្រាយ កម្ពុជា​នឹង​ផ្តល់​ទឡ្ហីករណ៍ និង​ភស្តុតាង​ពេញលេញ​ដែល​បញ្ជាក់​អំពី​ការ​ខ្វែងគំនិត​គ្នា​រវាង​កម្ពុជា និង​ថៃ​ នៅ​ពេល​ក្រោយ។ សវនាការ​នៅ​ពេល​នេះ​មាន​គោលដៅ​ជំនុំជម្រះ​តែ​បណ្តឹង​សុំ​ចាត់​វិធានការ​បន្ទាន់​តែ​ប៉ុណ្ណោះ។ ដូច្នេះ កម្ពុជា​នឹង​មិនដើរ​តាម​គន្លង​របស់​ថៃ ទៅ​និយាយ​បូរបាច់​រឿង​បណ្តឹង​សុំ​បកស្រាយ​ ដែល​នាំ​ឲ្យ​ខុសពី​វិធាន​ផ្ទៃក្នុង​របស់​តុលាការ​នោះទេ។

ដូច្នេះ ភាព​ប្រថុយប្រថាន​របស់​ថៃ គឺ​នៅ​ត្រង់​ថា ថៃ​បាន​ចំណាយ​ពេល​ស្ទើរ​តែ​ទាំងអស់​ លើក​ឡើង​តែ​​អំពី​ទឡ្ហីករណ៍​ ដែល​ចៅក្រម​អាច​នឹង​បដិសេធ​មិន​លើក​យក​មក​ពិចារណា នៅ​ពេល​នេះ។ ទោះ​ជា​យ៉ាងណា ថៃ​នៅ​មាន​ពេល​មួយ​ម៉ោង​ទៀត នៅ​រសៀល​ថ្ងៃ​ទី៣១ ដើម្បី​ឆ្លើយ​បំភ្លឺ៕​

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI