សាលាក្តី​ខ្មែរ​ក្រហម ៖ សំណុំ​រឿង​ថ្មី បញ្ហា​ថ្មី

សំឡេង ០៣:២៣
អង្គ​ជំនុំ​ជម្រះវិសាមញ្ញ​ក្នុង​​​តុលាការ​ខ្មែរក្រហម
អង្គ​ជំនុំ​ជម្រះវិសាមញ្ញ​ក្នុង​​​តុលាការ​ខ្មែរក្រហម ©វណ្ណារ៉ា/RFI

លោក​ រីឆាដ ​រូឈ័រ ​(Richard J Roger) ​ប្រធាន​អង្គភាព​គាំពារក្តី​នៃ​សាលាក្តី​ខ្មែរក្រហម​​បាន​ប្រកាស​លាលែង​ពី​ តំណែង​នៅ​ដើម​សប្តាហ៍​នេះ​ ក្រោម​ហេតុផល​ថា​សាលាក្តី​នេះ​​មាន​ការ​ជ្រៀតជ្រែក​ពី​អ្នក​នយោបាយ។ ​បញ្ហា​នេះ​មិនមែន​ជារឿង​ថ្មី​ទេ ​ប៉ុន្តែ​វា​ជា​ព្រឹត្តិការណ៍​មួយ​ទៀត​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​បញ្ហា​ ដដែល។ ​ការ​លាលែង​របស់​​មន្ត្រី​ភាគី​សហប្រជាជាតិ​នៅ​ពេល​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​​បង្ហាញ​ជំហរ​ថា​ខ្លួន​ចង់ ​បញ្ចប់​រឿង​ក្តី​ខ្មែរក្រហម​ត្រឹម​សំណុំ​រឿង​០០២។ ​តើ​ជំហរ​របស់​​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​បង្ហាញ​ក្នុង​ដំណើរ​ទស្សនកិច្ច​ របស់​លោក​ បាន​ គីមូន​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បញ្ហា​ថវិកា​របស់​សាលាក្តី​ខ្មែរក្រហម​ដែរ​ឬ​ទេ?

ផ្សាយពាណិជ្ជកម្ម

 

បន្ទាប់​ពី​ជោគជ័យ​មួយ​ឈុត​នៅ​លើ​ឆាក​អន្តរជាតិ​ដោយសារ​សាលក្រម​កាត់ក្តី​ឌុច​​ សាលាក្តី​ខ្មែរក្រហម​ហាក់​បាន​ឈាន​ដល់​ផ្លូវ​បំបែក​ជា​ថ្មី។​ ការ​លាលែង​របស់​លោក​ ​រីឆាដ ​រូឈ័រ ​តែ​ម្នាក់​ប្រហែល​ជា​មិន​អាច​ជះ​ឥទ្ធិពល​ដល់​សាលាក្តី​ទាំងមូល​ទេ ​ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​បាន​កើត​ឡើង​ជួន​ចំពេល​ដែល​សាលាក្តី​ខ្មែរក្រហម​កំពុង​តែ​ស្វះស្វែង​​រក​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​បន្ត​ដំណើរការ​របស់​ខ្លួន។

        ជាការពិត​ណាស់ ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ បាន​ គីមូន​ អគ្គលេខាធិការ​​អង្គការ​សហប្រជាជាតិ​មក​កាន់​កម្ពុជា​ កាល​ពី​ខែ​តុលា​កន្លង​ទៅ ​ក៏​មាន​ន័យ​សំខាន់​ក្នុង​​ការ​កៀងគរ​ប្រទេស​ផ្តល់​ជំនួយ​ឲ្យ​បន្ត​គាំទ្រ​ដល់​សាលាក្តី​ខ្មែរក្រហម។ ​ប៉ុន្តែ ​ដំណាល​​គ្នា​នេះ ​ព័ត៌មាន​មិន​សូវ​ល្អ​ក៏​បាន​លេច​ឮ​ឡើង ​នោះ​គឺ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​​ជំហរ​ប្រាប់​លោក ​បាន​ គីមូន ​ថា​ខ្លួន​ចង់​បញ្ចប់​រឿង​ខ្មែរក្រហម​ត្រឹម​សំណុំ​រឿង​០០២​​ ពោល​គឺ​ចប់​ត្រឹម​ការ​កាត់​ទោស ​នួន ជា​ ខៀវ សំផន ​អៀង សារី​ និង​អៀង ធិរិទ្ធ។​

        ជំហរ​នេះ​មិនមែន​ជារឿង​ថ្មី​ទេ​ ពីព្រោះ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ធ្លាប់​បាន​បញ្ជាក់​​ម្តង​ហើយ​ម្តងទៀត​តាំង​ពី​យូរណាស់​មក​ហើយ​ អំពី​ការ​កម្រិត​ចំនួន​ជន​ត្រូវ​ចោទ​ត្រឹម​​ចំនួន​៥​នាក់​ដែល​កំពុង​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង​រាប់​ទាំង ​កាំង ហ្គិចអ៊ាវ ​ហៅ ឌុច ​អតីត​​ប្រធាន​គុក​ទួលស្លែង​ដែល​ត្រូវ​បាន​គេ​កាត់​ទោស​រួច​ផង​ដែរ។ ​ប៉ុន្តែ​ការ​បញ្ជាក់​ជំហរ​​នេះ​ឡើង​វិញ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ​បាន ​គីមូន ​បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាច្រើន​ចាប់​ផ្តើម​និយាយ​ឡើង​វិញ​អំពី​ការជ្រៀតជ្រែក​ខាង​នយោបាយ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​​របស់​តុលាការ។

        ប្រធានបទ​នេះ​ក៏មិនមែន​ជារឿង​ថ្មី​ថ្មោង​ដែរ ប៉ុន្តែ ​សង្គ្រាម​ពាក្យ​សម្តី​អំពី​បញ្ហា​នេះ​ហាក់​បាន​និង​​កំពុង​ញ៉ាំង​ឲ្យ​ប្រទេស​ផ្តល់​ជំនួយ​មាន​ពិភាល់​ក្នុង​ចិត្ត​ក្នុង​ការ​សម្រេច​ផ្តល់​ការ​គាំទ្រ​​ផ្នែក​ហិរញ្ញវត្ថុ​បន្ត​ទៀត​ដល់​សាលាក្តី​នេះ។ ​ក្រុម​អ្នក​សង្កេត​ការណ៍​សាលាក្តី​​ខ្មែរក្រហម​បាន​មើល​ឃើញ​ថា ​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​ដំណើរការ​បន្ត​នៃ​អង្គ​ជំនុំ​ជម្រះ​​វិសាមញ្ញ​ អាច​នឹង​ត្រូវ​ម្ចាស់​ជំនួយ​ខ្លះ​ចង​ភ្ជាប់​ទៅ​នឹង​លក្ខខណ្ឌ​នៃ​សំណុំ​រឿង​០០៣។ ​ប្រសិន​បើ​ដូច្នេះ​មែន ​សាលាក្តី​ខ្មែរក្រហម​ប្រាកដ​ជា​ជួប​ការលំបាក​ផ្នែក​ថវិកា​ ដើម្បី​​បញ្ចប់​សំណុំ​រឿង​០០២​ ដោយ​ចៀស​មិន​ផុត។

        យ៉ាងណាក៏ដោយ ​សម្រាប់​រដ្ឋាភិបាល​ភ្នំពេញ ​តុលាការ​ខ្មែរក្រហម​មិនអាច​​ទ័ល​ច្រក​ឡើយ។ ​មិន​ទ័លច្រក​ដោយហេតុ​ថា​ អ្វីៗ​គេ​បាន​គូសវាស​ទុក​ជាស្រេច​អស់​​ទៅហើយ​ តាំង​ពី​ដើម​ទី​មក​ម្ល៉េះ​ ពោល​គឺ​ប្រសិន​បើ​តុលាការ​កូនកាត់​ត្រូវ​ជាប់​គាំង​​កណ្តាល​ទី ​តុលាការ​ជាតិ​នឹង​ចូល​មក​បន្ត​ការងារ​នេះ​រហូត​ដល់​ទី​បញ្ចប់។ ​លក្ខខណ្ឌ​​នេះ​ក៏​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្តីពី​ការ​បង្កើត​តុលាការ​ខ្មែរក្រហម​រួចស្រេច​ទៅ​ហើយ។​ ដូច្នះ​ភាគី​អន្តរជាតិ​ហាក់​ដូច​ជា​គ្មាន​ជម្រើស​អ្វី​ច្រើន​ប៉ុន្មាន​ឡើយ​ក្រៅ​តែ​ពីការ​សម្រេច​​ចិត្ត​ថា​ត្រូវ​បន្ត​ដំណើរ​ជាមួយ​ភាគី​កម្ពុជា​រហូត​ដល់​ចប់​ឬ​ក៏​ត្រូវ​ដកខ្លួន​ពាក់​កណ្តាល​ទី។

        នេះ​ជា​ជម្រើស​ដែល​ពិបាក​ ពីព្រោះ​ថា​បើ​ដក​ខ្លួន​វា​នឹង​ធ្វើ​ឲ្យ​តុលាការ​ជួប​នឹង​​បរាជ័យ​ដ៏​អាម៉ាស់​មួយ។ ​ប៉ុន្តែ​ប្រសិន​បើ​ត្រូវ​បន្ត​រហូត​ដល់​ចប់​ គឺ​ចប់​ត្រឹម​សំណុំ​រឿង​​០០២​ បើ​ទោះ​បី​ជា​គេ​យល់​ថា​វា​ជា​ការ​ជ្រៀតជ្រែក​ខាង​នយោបាយ​ពីសំណាក់​រដ្ឋាភិបាល​ភ្នំពេញ​ក៏ដោយ។​ តើ​ជម្រើស​មួយ​ណា​ដែល​អង្គការ​សហប្រជាជាតិ​ត្រូវ​ប្រកាន់​យក?​ តើ​តុលាការ​ខ្មែរក្រហម​ពិត​ជា​បរាជ័យ​ពាក់​កណ្តាល​ទី​ដូច​មនុស្ស​មួយ​ចំនួន​បាន​ទាយ​​ទុក​មែន​ឬ? ចម្លើយ​ពិតប្រាកដ​នឹង​បង្ហាញ​ឲ្យ​យើង​ឃើញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI