លោក មាច សុវណ្ណរ៉ា បដិសេធថា មិនពាក់ព័ន្ធនឹងចលនារំលំរដ្ឋាភិបាល
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រោយពីការចុះផ្សាយព័ត៌មានមួយរបស់ទីភ្នាក់ងារព័ត៌មានកម្ពុជាAKP និងរបស់វិទ្យុបារាំងអន្តរជាតិ អំពីចលនាប្រឆាំងរដ្ឋាភិបាល លោក មាច សុវណ្ណរ៉ា បានបដិសេធ និងច្រានចោលព័ត៌មានដែល លោកមានពាក់ព័ន្ធនឹងសកម្មភាពចង់ផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន។ អ្នកនាំពាក្យរដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បានធ្វើអត្ថាធិប្បាយថា ប្រសិនបើក្រុមប្រឆាំងរដ្ឋាភិបាលបញ្ចេញសកម្មភាពជាក់ស្តែង រដ្ឋាភិបាលនឹងចាត់វិធានការតាមច្បាប់។
លោក មាច សុវណ្ណរ៉ា បានច្រានចោលការផ្សាយព័ត៌មាននៅក្នុងគេហទំព័ររបស់ទីភ្នាក់ងារព័ត៌មានកម្ពុជា AKP ដែលថាមានក្រុមប្រឆាំងរដ្ឋាភិបាល ដឹកនាំដោយរូបលោក។ លោក មាច សុវណ្ណរ៉ា បានអះអាងថា លោកមិនបានបង្កើតចលនាប្រឆាំងរដ្ឋាភិបាល ដូចលោក ឆាំង សុង បានសរសេរប្រាប់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននោះទេ។ លោកក៏គ្មានអ្វីពាក់ព័ន្ធនឹងក្រុមរបស់លោក សួន សេរីរដ្ឋា ដែរ។
ទីភ្នាក់ងារព័ត៌មានកម្ពុជា AKPបានផ្សាយអត្ថបទមួយកាលពីថ្ងៃទី១៧ឧសភា អំពីសារអេឡិចត្រូនិករបស់លោក ឆាំង សុង ទីប្រឹក្សារដ្ឋាភិបាល ផ្ញើទៅលោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាល ដែលសារនោះនិយាយថា មានក្រុមប្រជាធិបតេយ្យនិយមចង់ប្រឆាំងរដ្ឋាភិបាល ហើយថាក្រុមនោះ ពីដំបូងឡើយដឹកនាំដោយលោក មាច សុវណ្ណរ៉ា។
ទាក់ទងនឹងព័ត៌មានអំពីក្រុមប្រឆាំងនេះ លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលបានឆ្លើយប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃព្រហស្បតិ៍នេះថា ប្រសិនបើក្រុមនេះធ្វើសកម្មភាពជាក់ស្តែង ដូចជារើសទ័ព និងចែកខិត្តប័ណ្ណបំផុសបំផុលប្រជាជននោះ រដ្ឋាភិបាលនឹងចាត់វិធានការតាមច្បាប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ