កូរ៉េខាងជើង

គីម ជុងអ៊ុន​ត្រូវ​ដំឡើង​ឋានន្តរស័ក្តិ​ជាន់ខ្ពស់​បន្ថែម​មួយ​ទៀត

គីម ជុងអ៊ុន កូនប្រុស​របស់​អគ្គមគ្គទេសន៍​កូរ៉េខាងជើង គីម ជុងអ៊ីល​ ដែល​ត្រូវ​ស្នង​តំណែង​បន្ត​ពី​ឪពុក (រូបកណ្តាលស្លៀកពាក់ស៊ីវិល)
គីម ជុងអ៊ុន កូនប្រុស​របស់​អគ្គមគ្គទេសន៍​កូរ៉េខាងជើង គីម ជុងអ៊ីល​ ដែល​ត្រូវ​ស្នង​តំណែង​បន្ត​ពី​ឪពុក (រូបកណ្តាលស្លៀកពាក់ស៊ីវិល) ©

សមាជិក​សភា​កូរ៉េខាងជើង​ត្រូវ​ជួប​ប្រជុំគ្នា នៅថ្ងៃ​ព្រហស្បតិ៍ ទី ៧ មេសា។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង។ សម័យ​ប្រជុំ​លើកនេះ ទំនង​ធ្វើឡើង​ដើម្បី​គិតគូរ​ដំឡើង​ឋានៈ​បន្ថែម​ដល់​គីម ជុងអ៊ុន កូនប្រុស​របស់​ អគ្គមគ្គទេសន៍ គីម ជុងអ៊ីល។ ការបន្ថែម​តួនាទី ដែល​គេ​មើលឃើញ​ថា ជា​ការពង្រឹង​អំណាច​ដល់​​គីម ជុងអ៊ុន ដែល​នឹង​អាច​ត្រូវ​ស្នងតំណែង​បន្ត​ពី​ឪពុក ដែល​ជា​មេដឹកនាំ កូរ៉េខាងជើង​បច្ចុប្បន្ន។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់​ឈាង បុប្ផា

សភា​​ប្រជាជន​កូរ៉េខាងជើង ​បើក​សម័យ​ប្រជុំ​លើកទីបួន​របស់ខ្លួន នៅទីក្រុង​ព្យុងយ៉ាង ដើម្បី​អនុម័ត​គាំទ្រ ​សេចក្តី​សម្រេច​ចិត្ត​របស់​ប្រមុខរដ្ឋ​គីម ជុងអ៊ីល។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA សភា​ត្រូវ​ពិចារណា​ពីការ​ដែល​​គីម ជុងអ៊ុន កូនប្រុស​ពៅ​របស់​គីម ជុងអ៊ីល អាច​ត្រូវ​តែងតាំង​​ជា​អនុប្រធាន​គណៈកម្មាការ​ការពារ​ជាតិ​ដែល​ជា​ស្ថាប័ន​កំពូល​របស់​ប្រទេស។

 
បើតាម​រដ្ឋធម្មនុញ្ញ ឆ្នាំ ២០០៩ តំណែង​ប្រធាន​គណៈកម្មាការ ការពារជាតិ ដែល​ លោក​គីម ជុងអ៊ីល​កំពុង​កាន់បច្ចុប្បន្ន គឺ​ជា​តំណែង​មេដឹកនាំ​ខ្ពស់ជាង​គេ​បំផុត​របស់​​របប​កុម្មុយនិស្ត កូរ៉េខាងជើង។

ការដំឡើង​ឋានៈ​បន្ថែម ដល់​គីម ជុងអ៊ុន ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្តបន្ទាប់ ជា​ពិសេស នៅក្រោយ ពីមាន​ដំណឹង​សុខភាព​មិនល្អ​របស់​លោក គីម ជុងអ៊ីល។ នៅក្នុង​សម័យ​ប្រជុំ​សភា ពិសេស កាលពី​ខែ មិថុនា​ឆ្នាំ ២០១០ គីម ជុងអ៊ុន​ ត្រូវ​បាន​បំពាក់​ឋានន្តរស័ក្តិ​ជាឧត្តមសេនីយ៍ ផ្កាយបួន និង​បាន​តែងតាំង​ជា​អនុប្រធាន​គណៈកម្មាការ​យោធា មជ្ឈិមបក្ស។ តំណែង​ចុងក្រោយ​នេះ​អាច​ធ្វើ​ឲ្យ​គីម ជុងអ៊ុន ដែល ​បច្ចុប្បន្ន មានវ័យ ប្រមាណ ២៨ ឬ ២៩ ឆ្នាំប៉ុណ្ណោះ មាន​អំណាច​គ្រប់គ្រង​ទាហាន ១ លាន​ពីរសែន​នាក់។

អ្នកវិភាគ​មួយ​ចំនួន​មើលឃើញ​ថា ការពង្រឹង​អំណាច​របស់​គីម ជុងអ៊ុន ធ្វើឡើង ក្នុង​យុទ្ធសាស្រ្ត​ផ្ទេរអំណាច​ក្នុង​គ្រួសារ​ត្រកូល​គីម។ ប្អូនស្រី​របស់​លោក​គីម ជុងអ៊ីល​ក៏​ត្រូវ​បាន​ដំឡើង​ឋានៈ​ខ្ពស់ ដើម្បី​ធ្វើការ​អម​ជាមួយ​ក្មួយប្រុស​របស់​ខ្លួន។

សម្រាប់​អ្នកវិភាគ​ផ្សេងទៀត គីម ជុងអ៊ុន គ្រាន់តែ​ជា​តុក្កតា ដែល​គេ​លើក​បន្តុប ដើម្បី​​តែ​ល្អ​មើល​បុណ្ណោះ គឺ​មិន​មាន​អំណាច​អ្វីនោះទេ។ គីម ជុងអ៊ុន ដែល​ត្រូវ​ស្នងតំណែង​បន្ត​ពី​ឪពុក ត្រូវ​ជួរបក្ស​កុម្មុយនិស្ត​ជ្រើសរើស ដោយសារ គីម ជុងអ៊ុន នៅក្មេង មិន​មាន​បទពិសោធន៍​ច្រើន​ក្នុង​នយោបាយ។ គេ​វាយតម្លៃថា ថ្នាក់ដឹកនាំ​មួយចំនួន របស់​បក្ស​កុម្មុយនិស្ត​កូរ៉េខាងជើង​មិន​ចង់​បាន​អ្នកណា​ដែល​មាន​បទពិសោធន៍​ច្រើន ដើម្បី​មក​ស្នង​តំណែង​បន្ត​ពី​លោក​គីម ជុងអ៊ីលទេ។ ពួកគេ​ចង់​បន្ត​គ្រប់គ្រង​អំណាច​បច្ចុប្បន្ន​របស់ពួកគេ និង​រក​បេក្ខជន​ណា ដែល​ខ្សោយ​បំផុត​សម្រាប់​មក​បន្តវេន​ពី​លោក គីម ជុងអ៊ីល​​ទៅ​អនាគត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI