កូរ៉េខាងជើងតែងតាំងសេនាប្រមុខរងថ្មី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កាលពីថ្ងៃចន្ទ ទី ១៦ កក្កដា គឺនៅមួយថ្ងៃក្រោយការប្រកាសដកតំណែងមេទ័ពកំពូលពីលោករី យ៉ុងហូ លោកគីម ជុងអ៊ុន មេដឹកនាំជាន់ខ្ពស់កូរ៉េខាងជើងបានជ្រើសតាំងឧត្តមសេនីយថ្មីម្នាក់ឲ្យមកធ្វើជាសេនាប្រមុខរង ដែលពីមុនជាតំណែងមួយ ក្នុងចំណោមតំណែងជាន់ខ្ពស់ជាច្រើនរបស់លោករី យ៉ុងហូ។
យោងតាម ការចុះផ្សាយ នៅថ្ងៃអង្គារនេះ របស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA គណៈកម្មការមជ្ឈិមកងទ័ព និងគណៈកម្មការកងទ័ពជាតិបានសម្រេច កាលពីថ្ងៃចន្ទម្សិលមិញ តែងតាំងលោកឈុង យុងឈុល(Hyon Yong Chol) ជាសេនាប្រមុខរងថ្មីនៃកងទ័ពជាតិកូរ៉េខាងជើង។
ប៉ុន្តែ ទីភ្នាក់ងារព័ត៌មានKCNA មិនបានបញ្ជាក់ទេថា តើបន្ទាប់ទៅទៀត លោក ឈុង យុងឈុល នឹងត្រូវឡើងទៅជំនួសលោករី យ៉ុងហូ ក្នុងតំណែងកំពូលជា នាយអគ្គសេនាធិការចម្រុះកងទ័ពកូរ៉េខាងជើង ដែរឬទេ។ យ៉ាងណាក៏ដោយ ការតែងតាំង លោក យុងឈុល គឺជារឿងភ្ញាក់ផ្អើលមួយ ព្រោះថា លោក យុងឈុល មិនមែនជាសមាជិកសំខាន់របស់គណៈកម្មការមជ្ឈិមយោធា ហើយក៏មិនដែលធ្លាប់លេចមុខ នៅទីសាធារណៈជាមួយលោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងដែរ។ ប៉ុន្តែ អ្វីដែលគេដឹង គឺលោក យុងឈុល ត្រូវបានតែងតាំង ដំណាលគ្នាជាមួយលោកគីម ជុងអ៊ុន កាលពីឆ្នាំ ២០១០។ នៅឆ្នាំនោះ លោក យុងឈុល ត្រូវបានគណៈកម្មការមជ្ឈិមបក្ស ដឹកនាំដោយលោកគីម ជុងអ៊ីលតែងតាំងជាឧត្តមសេនីយ៍ផ្កាយបួន ជាមួយលោកគីម ជុងអ៊ុន និងឥស្សរជនជាន់ខ្ពស់បួនរូបផ្សេងទៀត ដែលរួមមានទាំងមីងរបស់របស់លោកគីម ជុងអ៊ុនផង។
សូមបញ្ជាក់ថា នៅមុនពេលដកលោករី យ៉ុងហូរ ចេញពីតំណែង លោកគីម ជុងអ៊ុន កាលពីពេលថ្មីៗនេះ បានតែងតាំងអ្នកទទួលខុសត្រូវផ្នែកស៊ីវិលរបស់គណបក្សម្នាក់ ឲ្យធ្វើជាស្នងការនយោបាយរបស់កងទ័ព។ មន្រ្តីស៊ីវិលម្នាក់នោះក៏ត្រូវតែងតាំងផងដែរឲ្យធ្វើជាសេនាប្រមុខរង និងជាអនុប្រធានគណៈកម្មការមជ្ឈិមបក្សកងទ័ព ពោល គឺមានឋានៈស្មើលោកមេទ័ព រី យ៉ុងហូរ ដែលកាន់តំណែងជាអនុប្រធាន គណៈកម្មការមជ្ឈិមបក្សកងទ័ព រហូតដល់ថ្ងៃអាទិត្យ ចុងសប្តាហ៍មុននេះ។
អ្នកតាមដាននយោបាយកូរ៉េខាងជើងវាយតម្លៃថា ការដកលោករី យ៉ុងហូ ដែលជាមេទ័ពកំពូលចេញពីតំណែង និងការតែងតាំងមនុស្សថ្មី ដែលមិនសូវមានឥទ្ធិពលឲ្យចូលកាន់តំណែងខ្ពស់ អាចជាយុទ្ធសាស្រ្តបោសសម្អាតផ្ទៃក្នុងរបស់លោក គីម ជុងអ៊ុន ដែលចង់ប្រមូលអំណាចពីមេដឹកនាំទាហានចាស់ៗ មកគ្រប់គ្រងក្នុងដៃរបស់ខ្លួន។ ម្យ៉ាងទៀត លោកគីម ជុងអ៊ុនអាចចង់បន្ថយអំណាចរបស់យោធា។ អ្នកវិភាគមកពីសកលវិទ្យាល័យកូរ៉េខាងត្បូង មួយចំនួនបានសាកល្បងបកស្រាយថា លោកគីម ជុងអ៊ុនអាចដើរនយោបាយខុសពីឪពុក ដែលធ្លាប់តែផ្តោតខ្លាំងលើកងទ័ព។ លោកគីម ជុងអ៊ុនដែលជាមេដឹកនាំវ័យក្មេងជាងគេបង្អស់ នៅក្នុងពិភពលោក អាចធ្វើការផ្លាស់ប្តូរ ទៅតាមការណែនាំរបស់សម្ព័ន្ធមិត្តចិន ដែលចង់ឲ្យកូរ៉េខាងជើងឈប់ដាក់ខ្លួនជាប្រទេសឯកោរ និងបែរមកធ្វើសេដ្ឋកិច្ចទីផ្សារសេរី ដូចចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ