កូរ៉េខាងជើង

គីម ជុងអ៊ីល មេដឹកនាំ​ផ្តាច់ការ​ពោរពេញ​ទៅ​ដោយ​អាថ៌កំបាំង

រូប​លោក គីម ជុងអ៊ីល  ប្រធានាធិបតី​កូរ៉េ​ខាងជើង​កាល​នៅរស់
រូប​លោក គីម ជុងអ៊ីល ប្រធានាធិបតី​កូរ៉េ​ខាងជើង​កាល​នៅរស់ ©Reuters

សំរាប់​ប្រជាជន​កូរ៉េខាងជើង លោកគីម ជុងអ៊ីល ទំនង​ជា​និមិត្តរូប​ដែល ពួកគេ​គោរពស្មើ​នឹង​ព្រះជាម្ចាស់ និង​ជា​មេដឹកនាំ​ដ៏​សែន​ស្មោះត្រង់​ទៅនឹង​បក្សកុម្មុយនិស្ត​កូរ៉េ។ ប៉ុន្តែ​នៅឯ​ក្រៅប្រទេសវិញ ជាពិសេស​នៅ​បស្ចិមប្រទេស​ ប្រធានាធិបតី​រូបនេះ​ត្រូវបាន​គេចាត់​ទុក​ជា​ មេដឹកនាំ​គ្មានក្តីមេត្តា មិនមាន​ហេតុផល និង​ពិបាក​នឹង​ស្មានចិត្ត ជាពិសេស​ជាមនុស្ស​ដែល​ពោរពេញ​ដោយគ្រោះ​ថ្នាក់ ដោយសារ​តែលោក​មានកម្មវិធី​អាវុធនុយក្លេអ៊ែរ​នៅក្នុងដៃ។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​មួយជីវិត​របស់គាត់ លោកគីម​ ជុងអ៊ីល បាន​ប្រើ​កណ្តាប់ដៃ​ដែក ដើម្បី​ដឹកនាំ ប្រទេស​កូរ៉េ​ខាងជើង ដោយ​មិនអើពើ​ទៅនឹង​ការរិះគន់​របស់​បរទេស​ណាមួយ​ឡើយ។ ប្រធានាធិបតី ដែលទើប​តែ​ផុត​រលត់​ជីវិតរូបនេះ​បានឡើងកាន់​អំណាច​នៅក្នុង​វ័យ​៥២​ឆ្នាំ បន្ទាប់​ពី​មរណភាព​របស់​ឳពុក​លោក​ គឺលោក គីម អ៊ីលស៊ុង។ លោក គីម អ៊ីលស៊ុង ដែល​ជា​អ្នកបង្កើត​របបសាធារណរដ្ឋ​ប្រជាមានិត​កូរ៉េ បន្ទាប់​ពី​សង្រ្គាម​លោក​លើក​ទីពីរមក។

មិនខុស​ពី​ឳពុកលោកត្រង់​ណា​សោះ លោកគីម ជុងអ៊ីល​ជាអ្នកស្នង​តំណែង​គ្រួសារ​គីម​ដែលមាន​ចរិត​សែន​ស្មោះស្ម័គ្រ​ទៅនឹង​បក្សកុម្មុយនិស្ត​កូរ៉េ។ ប៉ុន្តែ​បុរស​ដែល​កាលពី​នៅរស់​តែងតែ​ពាក់​វ៉ែនតា​ខ្មៅ និង​ស្លៀក​ឯកសណ្ឋាន​ពណ៌កាគីរូបនេះ ត្រូវបាន​បរទេស​ជាពិសេស​ពូកបស្ចិម​ប្រទេស​ចាត់​ទុកជា​មេដឹកនាំ​ផ្តាច់ការ​ គ្មាន​ត្រា​ប្រណី និង​មិនមាន​ហេតុផល។

ចាប់តាំង​ពី​លោកកាន់​អំណាច​រយៈពេល​១៧​ឆ្នាំមក គ្រោះ​អត់ឃ្លាន​បាន​រឹតរួត​ប្រទេស​មួយនេះ។ គ្រាន់តែ​ប៉ុន្មានឆ្នាំ​ដំបូង​នៃ​ការកាន់​តំណែង​របស់​លោក ប្រជាជន​ប្រមាណ​១លាន​នាក់​បានស្លាប់​ដោយសារ​ការ​អត់ឃ្លាន។ មេដឹកនាំ​ដែល​គេដាក់ងារ​នៅក្នុង​ប្រទេស​ថា​ជា​មេដឹកនាំ​ដ៏​អស្ចារ្យ​រូបនេះ​បាន​ដឹកនាំ​សេដ្ឋកិច្ច​ប្រទេស​ដោយ​បិទទ្វារ​ជិត។​ អំពើ​ពុករលួយ​នឹងការ​ប្រកាន់បក្សពួក​ក៏​ជាមូលហេតុមួយទៀត ដែលជំរុញ​អោយ​ប្រទេសនេះ កាន់​តែ​ក្រីក្រ​ផងដែរ។

ផ្ទុយទៅវិញ​ លោក​បែ​រជា​ខិតខំ​អភិវឌ្ឍ​កម្មវិធីអាវុធ​នុយក្លេអែរ និង​បាញ់​កាំជ្រួច​មីស្ស៊ីល​ដើម្បីគំរាម​កំហែង​ប្រទេសកូរ៉េ​ខាងត្បូង និង​ជប៉ុន​ដែលជា​ប្រទេសជិត​ខាង​របស់ខ្លូន។ឥ​រិយាបថ​នេះ​ហើយ ដែល​បាន​បណ្តាលអោយ​អន្តរជាតិ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​ប្រទេស​មួយនេះ។

លោក​គីម​ ជុងអ៊ីល​ក៏ត្រូវ​បានគេ​មើលឃើញ​ថាជា​មេដឹកនាំ​ពោរពេញ​ដោយ​អាថ៌កំបាំង​នៅលើ​ឆាកនយោបាយ​អន្តរជាតិ​ដោយសារ​តែ​លោក​កម្រ​នឹង​បញ្ចេញមតិ​ជាសាធារណៈ និង​ស្ទើរ​តែមិន​ធ្វើដំណើរ​ទស្សនកិច្ច​នៅក្រៅ​ប្រទេស​ណាសោះ។

បើតាម​ប្រវត្តិ​រូប​ជាផ្លូវការ លោក​កើត​នៅ​ឆ្នាំ១៩៤២ នៅ​ក្នុងជំរំមួយ​ជាប់​ព្រំដែន​ចិន ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​មាន​សង្គ្រាម​ជាមួយ​ជប៉ុន។ ប៉ុន្តែ​បើតាម​អ្នកវិភាគ​បរទេស​វិញ លោក​កើត​នៅ​ក្នុង​តំបន់មួយ​ក្នុងអតីត​ទឹកដី​សូវៀត ដែល​ជា​រុស្ស៊ី​បច្ចុប្បន្ន។

មេដឹកនាំ​ផ្តាច់ការ​រូបនេះ​បាន​បង្ហាញ​ចរិតជា​អ្នកបដិវត្ត​តាំងពី​នៅ​បឋមសិក្សា​ដោយគាត់​បាន​ដឹកនាំ​ក្បួនដង្ហែ​មួយ​ទៅកាន់​សមរភូមិ​ប្រឆាំង​ទៅនឹង​អាណានិគមជប៉ុន។ នៅពេល​ចូល​មហាវិទ្យាល័យ គីម អ៊ីលស៊ុង លោក​បាន​ចាប់ផ្តើម​រៀន​លទ្ធិម៉ាក្ស​និយម និង​គោលកាណ៍​បដិវត្តន៍​ពី​ឳពុកលោក​ផ្ទាល់ផង​ដែរ។ នៅឆ្នាំ​១៩៦៤ លោកបាន​ឈានជើងចូល​គណបក្ស​ពលករ​ដែល​ពេលនោះ​ហើយ លោកបាន​ទទួលតំណែងធំៗ​ជាបន្តបន្ទាប់​យ៉ាងលឿន។

នៅ​ឆ្នាំ​២០០៨ លោក​បានធ្លាក់​ខ្លូនឈឺ​ធ្ងន់​ដែលជា​មូលហេតុ​ធ្វើអោយ​លោក​គិតគូរ​តែង​តាំង​កូនប្រុស​ពៅ គឺ​លោក គីម ជុងអ៊ុន បន្ត​តំណែង​ពី​គាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI