លោក គីម ជុងអ៊ុន ដឹកនាំឥស្សរជនជាន់ខ្ពស់ចូលគោរពវិញ្ញាណក្ខន្ធឪពុក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ទូរទស្សន៍ជាតិកូរ៉េខាងជើង បានបង្ហាញ នៅថ្ងៃអង្គារនេះ ជាលើកទីមួយ សាកសព ប្រមុខរដ្ឋ គីម ជុងអ៊ីល ស្លាប់កាលពីថ្ងៃសៅរ៍ និងរូបភាពឥស្សរជននយោបាយជាន់ខ្ពស់ ព្រមទាំងកូនប្រុសពៅ គីម ជុងអ៊ុន បុរសខ្លាំងថ្មីរបស់ព្យុងយ៉ាង ធ្វើគារវកិច្ចចំពោះវិញ្ញាណក្ខន្ធសាកសពអតីតអគ្គមគ្គុទ្ទេសក៍ ជាឪពុកផង។ ក្នុងនាមជាប្រទេសជិតខាង ជប៉ុន និងកូរ៉េខាងត្បូងបានចូលរួមរំលែកទុក្ខជាមួយនឹងប្រជាជនកូរ៉េខាងជើង ដែលបានបាត់បង់ប្រមុខដឹកនាំរបស់ខ្លួន។ គុយបា សម្ព័ន្ធមិត្តដ៏កម្រមួយ និងក៏ជាប្រទេសកុម្មុយនិស្តដូចកូរ៉េខាងជើងដែរ បានចេញក្រឹត្យកាន់ទុក្ខជាតិបីថ្ងៃ ចំពោះមរណភាពរបស់លោកគីម ជុងអ៊ីល។
រូបភាពបណ្តាជនកូរ៉េខាងជើងទាំងស្រី ទាំងប្រុស ទាំងមេបញ្ជាការយោធា កងទ័ព ខ្លះទ្រហោយំ ខ្លះសម្រក់ទឹកភ្នែក បង្ហាញទុក្ខសោក ចំពោះមរណភាពរបស់អគ្គមគ្គុទ្ទេសក៍ គីម ជុងអ៊ីល ត្រូវបានបង្ហាញតាមកញ្ចក់ទូរទស្សន៍រដ្ឋ ជាបន្តបន្ទាប់។ សាកសពអតីតប្រធានាធិបតី ក្នុងឯកសណ្ឋានពណ៌កាគី គ្របក្រណាត់ក្រហមពាក់កណ្តាល ក្នុងមឈូសកញ្ចក់ ព័ទ្ធជុំវិញដោយផ្កាស-ក្រហម។
លោក គីម ជុងអ៊ុន បុរសខ្លាំងថ្មីរបស់កូរ៉េខាងជើង ក្នុងវ័យមិនទាន់គម្រប់៣០ឆ្នាំផង អមដំណើរពីក្រោយ ដោយឥស្សរជននយោបាយ និងយោធាជាន់ខ្ពស់ ចូលទៅកាន់វិមានតម្កល់សព ជាមួយនឹងភ្លេងជាតិ ដើម្បីគោរពវិញ្ញាណក្ខន្ធលោក គីម ជុងអ៊ីល ជាឪពុក ជាប្រមុខរដ្ឋ ប្រធានបក្សកុម្មុយនិស្ត អគ្គមេបញ្ជាការយោធា ដ៏ថ្លៃថ្លារបស់ពលរដ្ឋកូរ៉េខាងជើង។
កូនទាហានទាំងអស់ត្រូវផ្អាកការធ្វើសមយុទ្ធ ដើម្បីត្រឡប់ចូលក្នុងបន្ទាយ ព្រោះពិធីកាន់ទុក្ខជាតិ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ២៩ធ្នូ មួយថ្ងៃក្រោយពិធីបុណ្យសពអតីតប្រធានាធិបតី ដែលក្រុងព្យុងយ៉ាងមិនអញ្ជើញប្រមុខដឹកនាំបរទេសណាម្នាក់ឲ្យចូលរួមឡើយ។
ក្នុងនាមជាប្រទេសកុម្មុយនិស្ត ដូចគ្នា និងជាមិត្តរាប់សិបឆ្នាំ ប្រទេសគុយបា បានចេញក្រឹត្យនៅល្ងាចមិញ ឲ្យកាន់ទុក្ខជាតិបីថ្ងៃគោរពចំពោះវិញ្ញាណក្ខន្ធលោក គីមជុងអ៊ីល។ បន្ទាប់ពីបានសំដែងការសោកស្តាយ និងមរណទុក្ខក្នុងនាមជាប្រទេសមហាមិត្តមក នៅថ្ងៃនេះ លោកប្រធានាធិបតីចិន ហ៊ូជិនតាវ បានអញ្ជើញទៅកាន់ស្ថានទូតកូរ៉េខាងជើង ប្រចាំទីក្រុងប៉េកាំង សំដែងមរណទុក្ខដោយផ្ទាល់ខ្លួនលោកតែម្តង។ លោក ហ៊ូជិនតាវ ថែមទាំងបានអំពាវនាវឲ្យបណ្តាជនកូរ៉េខាងជើងទាំងអស់រួបរួមគ្នាគាំទ្រប្រមុខដឹកនាំថ្មី លោក គីម ជុងអ៊ុន។
ចំណែកកូរ៉េខាងត្បូង ទោះបីមានឈ្មោះជាសត្រូវនឹងគ្នាក៏ដោយ ក៏កូរ៉េខាងត្បូង មិនកំណាញ់នឹងចូលរួមរំលែកទុក្ខជាមួយប្រជាជនកូរ៉េខាងជើង ដែលបាត់បង់ប្រមុខដឹកនាំខ្លួន។
ក្រៅពីហេតុការណ៍មរណភាពរបស់ គីម ជុងអ៊ីលនេះ សម្រាប់សហគមន៍អន្តរជាតិ មានជាអាទិ៍សហរដ្ឋអាមេរិក ស្ថិរភាពក្នុងតំបន់ ជាបញ្ហាមួយដែលគួរឲ្យព្រួយបារម្ភ ព្រោះសូមបញ្ជាក់ថាកូរ៉េខាងជើង ប្រទេសដ៏ឯកា និងក្រីក្របំផុតមួយនេះ មានមហិច្ឆតានុយក្លេអ៊ែរ។ ប្រមុខការទូតអាមេរិក ហ៊ីលឡារី គ្លីនតុន ប្រាថ្នាចង់ឃើញកូរ៉េខាងជើងឆ្លងកាត់អន្តរកាលដោយសន្តិវិធី និងស្ថិរភាព៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ