បញ្ហានៃការស្នងតំណែងពី គីម ជុងអ៊ីល
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ពីរឆ្នាំចុងក្រោយនេះ អគ្គមគ្គទេសក៍កូរ៉េខាងជើង គីម ជុងអ៊ីលដែលមានជំងឺប្រចាំកាយនិងដែលដឹងខ្លួនថាមិនអាចនៅរស់បាន យូរទៀតទេនោះ បានរៀបចំការស្នងតំណែងយ៉ាងម៉ត់ចត់ជាទីបំផុត។ អ្នកដែលត្រូវឡើងមកដឹកនាំប្រទេសកូរ៉េខាងជើង គឺកូនពៅរបស់លោកគីម ជុងអ៊ីលឈ្មោះគីម ជុងអ៊ុន។
ជាគោលការណ៍ លោកគីម ជុងអ៊ីលបានរៀបចំដាច់ស្រេចអស់ហើយ ឲ្យកូនប្រុសពៅគីម ជុងអ៊ុន ស្នងតំណែងពីលោក។ គីម ជុងអ៊ុន ដែលទើបតែមានអាយុ២៨ឆ្នាំ ធា្លប់បានរៀនសូត្រនៅប្រទេសស្វីស និងដែលចេះភាសាអង់គ្លេស បារាំងនិងអាល្លឺម៉ង់។ រដ្ឋសភាជាតិ តាមរយៈកិច្ចប្រជុំវិសាមញ្ញមួយ កាលពីថ្ងៃទី៧មិថុនាឆ្នាំ២០១០ បានឲ្យសច្ចាប័នទៅលើគម្រោងការស្នងតំណែងនេះរួចហើយ។ រីឯគណបក្សពលករដែលជាបក្សតែមួយគត់នៅកូរ៉េខាងជើងវិញ ក៏បានតែងតាំងរួចអស់ហើយដែរ ថ្នាក់ដឹកនាំកំពូលរបស់បក្ស កាលពីថ្ងៃទី២៨កញ្ញាឆ្នាំទៅមិញ។ មិនតែប៉ុណ្ណោះ លោកគីម ជុងអ៊ីលក៏ថែមទាំងបានណែនាំឲ្យថ្នាក់ដឹកនាំចិនស្គាល់កូនសំណព្វគីម ជុងអ៊ុន រួចហើយដែរ។
ក៏ប៉ុន្តែ អ្វីដែលបំផុសឲ្យមានការព្រួយបារម្ភ គឺការផ្ទេរអំណាចមិនបានប្រព្រឹត្តទៅ មុនមរណភាពរបស់លោកអគ្គមគ្គទេសក៍គីម ជុងអ៊ីល។ ក្រុមអ្នកសង្កេតការណ៍បានអះអាងថា គីម ជុងអ៊ីលគ្រោងនឹងលាលែងពីតំណែងយ៉ាងយូរនៅឆ្នាំ២០១២ ដើម្បីផ្ទេរអំណាចទាំងស្រុងទៅឲ្យកូនប្រុស ទាន់ពេលលោកនៅរស់។ នៅទីបំផុត អ្វីៗមិនបានប្រព្រឹត្តទៅតាមការគ្រោងទុកឡើយ។ ម្ល៉ោះហើយ បានជាក្រុមអ្នកសង្កេតការណ៍បារម្ភ បារម្ភក្រែងនៅពេលឆាប់ៗខាងមុខនេះ កូរ៉េខាងជើងបង្កដោយចេតនាឲ្យមានភាពតានតឹងកើតឡើងជាថ្មីនៅក្នុងតំបន់ ឧទាហរណ៍តាមរយៈការសាកល្បងអាវុធនុយក្លេអ៊ែរជាលើកទីបី។ គោលដៅគឺបង្កើតបរិយាកាសតានតឹងនៅក្នុងជួរថ្នាក់ដឹកនាំ និងបង្វែរអារម្មណ៍មតិជាតិឲ្យផ្តោតទៅលើរឿងផ្សេង ដើម្បីឲ្យគីម ជុងអ៊ុន អាចយកពេលពង្រឹងអំណាចរបស់ខ្លួននៅក្នុងជួរកងទ័ព និងអាចស្នងតំណែងពីឪពុកបានជាស្ថាពរ។
យ៉ាងណាក៏ដោយ បើគ្មានឧបសគ្គអ្វីកើតឡើងទេ គីម ជុងអ៊ុន នឹងត្រូវក្លាយជាស្វ័យប្រវត្តទៅជាប្រធានាធិបតី ជាអគ្គលេខាធិការនៃបក្ស និងជាពិសេសជាប្រធានគណៈកម្មការការពារជាតិដែលជាតំណែងសំខាន់ជាងគេ ដ្បិតវាអនុញ្ញាតឲ្យក្តាប់កងទ័ពនៃប្រទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ