កូរ៉េខាងជើង

គីម ជុងអ៊ុន​ត្រូវ​តែងតាំង​ជា​​អគ្គមគ្គទេសក៍​កូរ៉េខាងជើង

លោក​គីម ជុងអ៊ុន ដើរអម​ជាប់រថយន្ត​ដឹកសព​លោក​គីម ជុងអ៊ីល នៅថ្ងៃ​ពុធ ទី ២៨ធ្នូ ២០១១
លោក​គីម ជុងអ៊ុន ដើរអម​ជាប់រថយន្ត​ដឹកសព​លោក​គីម ជុងអ៊ីល នៅថ្ងៃ​ពុធ ទី ២៨ធ្នូ ២០១១

នៅថ្ងៃ​បិទបញ្ចប់​ពិធីបុណ្យ​កាន់ទុក្ខ សព​លោក​គីម ជុងអ៊ីល នៅថ្ងៃ​ព្រហស្បតិ៍ កូរ៉េខាងជើង​ប្រកាស​ទទួលស្គាល់ ជាផ្លូវការ គីម ជុងអ៊ុន ជាអគ្គមគ្គទេសក៍ មេដឹកនាំ​កូរ៉េខាងជើង បន្ត​ពី​លោកគីម ជុងអ៊ីល​ដែល​បាន​ស្លាប់​ដោយ​រោគ​គាំងបេះដូង កាលពីថ្ងៃ​ទី​១៧​ធ្នូ ២០១១។

ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃទី ២៩ ធ្នូ ២០១១ លោក​គីម ជុងអ៊ុន បាន​ឈរ​អម​ដោយ​ប្រមុខដឹកនាំ​យោធា មើល​ព្យុហយាត្រា​កងទ័ព គឺ​ដូច​ឪពុក​លោក បាន​ធ្វើ កាលនៅរស់។ នៅជិតលោក​​គីម ជុងអ៊ុន លោក​គីម យុងណាម ប្រធាន​រដ្ឋស្តីទី និង​ជា​ប្រធានរដ្ឋសភា បាន​ប្រកាស​តែងតាំង​គីម ជុងអ៊ុន​ជា​មេដឹកនាំ​ថ្មី​កូរ៉េខាងជើង។

 
ថ្លែង​ទៅកាន់​ទាហាន និង​ប្រជាជន​ជាងមួយលាននាក់​ដែលចូលរួម​នៅទីលាន​ធ្វើ​ពិធីបុណ្យ​សព មេដឹកនាំ​ទីពីរ​របស់កូរ៉េខាងជើង​បាន​និយាយ​ថា “ជោគជ័យ​របស់​ប្រមុខដឹកនាំ​គីម ជុងអ៊ីល​គឺ​បាន​បញ្ចប់​ដំណើរការ​ស្នង​តំណែង នៅក្នុង​សន្តតិវង្ស​កុម្មុយនិស្ត។ សមមិត្ត​គីម ជុងអ៊ុន គឺជា​ប្រធាន​ដ៏ខ្ពង់ខ្ពស់​របស់​គណបក្ស កងទ័ព។ គាត់​បាន​ទទួលបន្ត​ពី​ឪពុក​នូវ​ប្រាជ្ញា ទស្សនវិជ្ជា និង​សមត្ថភាព​បញ្ជា ប្រកប​ដោយ​សីលធម៌ និង​ភាពក្លាហាន។ ដូច្នេះ ទុក្ខព្រួយ​របស់​ប្រជាជន​កូរ៉េ​ដែល​បាត់បង់​មេដឹកនាំ​ដ៏ថ្លៃថ្លា គឺ​លោក​គីម ជុងអ៊ីល នឹង​ប្រែក្លាយ​ជា​កម្លាំង​រួបរួម ដែល​ខ្លាំង ជាងមុន ១ពាន់ដង នៅក្រោម​ការដឹកនាំ​របស់​សមមិត្ត​គីម ជុងអ៊ុន”។

ក្នុង​រយៈពេល ជាង ១០​ថ្ងៃ​នៃការកាន់ទុក្ខ និង​ក្នុង​ពិធីបុណ្យ​សពរបស់​ឪពុក លោក​គីម ជុងអ៊ុន​បាន​បង្ហាញ​ពី​សមត្ថភាព និង​ចរិត​លក្ខណៈ ជាមេដឹកនាំ​កូរ៉េ​ខាងជើង។ តាមការបង្ហាញ​របស់​ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ គាត់តែង​ដឹកមុខ​ថ្នាក់ដឹកនាំ​ផ្សេងទៀត ដើម្បី​ចូលទៅគោរព​សព​លោក​គីម ជុងអ៊ីល។ នៅលើ​វេទិកា​ថ្ងៃនេះ ទៀត គីម ជុងអ៊ុន ក្នុង​ទឹកមុខ​ស្មើ បាន​លេចមុខ នៅក្នុង​សម្លៀកបំពាក់​ពណ៌ខ្មៅ ដូច​ដែល​ជីតា​របស់ខ្លួន គឺ​លោក​គីម អ៊ីលសុងធ្លាប់ពាក់។
 

កងទ័ព​ជាច្រើន​ម៉ឹននាក់​ឈរ​គោរព​សព​លោក​គីម ជុងអ៊ុន
កងទ័ព​ជាច្រើន​ម៉ឹននាក់​ឈរ​គោរព​សព​លោក​គីម ជុងអ៊ុន ©Reuters

ព្យុហយាត្រា​របស់​កងទ័ព​រាប់ម៉ឺននាក់ នៅក្នុង​​ពិធីបុណ្យ​សព លោក​គីម ជុងអ៊ីល ក៏​ជា​ការ​មួយ​ដែល​គេចង់​បង្ហាញ​ថា កងទ័ព​ស្មោះស្ម័គ្រ និង​គាំទ្រ​គីម ជុងអ៊ុន​ជាប្រមុខដឹកនាំថ្មី បន្ត​ពីលោក​គីម ជុងអ៊ីល។

លោក​គីម ជុងហ្គាក់ មន្រ្តីយោធា​ជាន់ខ្ពស់បាន​បញ្ជាក់ រឹតតែច្បាស់​ពីជំហរ​របស់​កងទ័ព ចំពោះ​គីម ជុងអ៊ុន។ លោក​បាន​និយាយ​ថា កងទ័ព​ប្រជាជន​នឹង​បំរើ​សមមិត្ត​គីម ជុងអ៊ុន ក្នុងនាម​ជា​មេដឹកនាំ​កងទ័ព​បដិវត្តន៍។ ការថ្លែងបែបនេះ​អាច​បញ្ចប់ការសង្ស័យ​ពីរឿងជម្លោះផ្ទៃក្នុង​ក្នុងការស្នងតំណែង នៅក្នុង​សន្តតិវង្ស​កុម្មុយនិស្ត​កូរ៉េខាងជើង។ មួយវិញទៀត វាជាសារ​បញ្ជាក់ប្រាប់​​ដល់​បរទេស ថា គ្មានទេ​អស្ថិរភាព​នយោបាយនៅក្នុង​ប្រទេស។ បន្ទាប់ពី​មរណភាព​របស់​លោក​គីម ជុងអ៊ីល ប្រទេស​សត្រូវ​របស់កូរ៉េខាងជើង​ដូចជា ជប៉ុន អាមេរិក កូរ៉េខាងត្បូង​បាន​ធ្វើសកម្មភាព​ការទូតជាមួយ​ចិន ដោយធានា​កុំឲ្យ​មាន​​អស្ថិរភាព​នយោបាយ នៅក្នុង​ប្រទេស កូរ៉េខាងជើង ដែល​នឹង​រីករាលដាល​ទៅក្នុង​តំបន់។

លោក​ គីម ជុងហ្គាក់ សេនាធិការ​កងទ័ព​កូរ៉េខាងជើង​បាន​បញ្ជាក់​ថា កងទ័ព​នឹង​ស្ថិតនៅក្រោម​ការដឹកនាំ​របស់​លោក​គីម ជុងអ៊ុន ដើម្បីអនុវត្ត​ឲ្យ​​បានសម្រេច​នូវ​នយោបាយ​យោធា​Songun​ដែល​លោក​គីម ជុងអ៊ីល​បាន​បង្កើតឡើង។ នៅឆ្នាំ ១៩៩០ ក្រោយ​ពីការចាកចេញ​របស់​សហភាព​សូវៀត លោក​គីមជុងអ៊ីល​បាន​បង្កើត​នយោបាយ​ Songun​នេះឡើង គឺ​ការពង្រឹង​វិស័យ​យោធា ធ្វើយ៉ាងណា​ដើម្បី​កុំ​ឲ្យកូរ៉េខាងជើង​ចាញ់​គំរាម​ប្រទេស​ដទៃ។ លោក​គីម ជុងអ៊ីល​បាន​បង្កើនទ័ព​កូរ៉េខាងជើង​ដល់​ទៅ​ជាង ១លាន ២សែន​នាក់។ គឺ​ជា​ប្រទេស​ទីបួន ក្នុង​ពិភពលោក​ដែល​មាន​កងទ័ពច្រើន។ ការផ្តោតលើ​វិស័យ​កងទ័ព ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​ចុះខ្សោយ​បើប្រៀបធៀប​នឹង​សម័យ​គ្រប់គ្រង​របស់​ឪពុកលោក គឺ​លោក​គីម អ៊ីលស៊ុង។ លើសពីនោះទៀត ដើម្បីទប់ទល់​អំណាច​ប្រទេស​ដទៃ កូរ៉េខាងជើង​បាន​អភិវឌ្ឍ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ ដែល​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង​ចោទថា ជាគ្រោះថ្នាក់​ប្រល័យលោក។

 

នៅពេល​កងទ័ព​និយាយ​ថា ពួកគេនៅដើរ​នយោបាយ​យោធា​បន្ត​ពី​លោក​គីម ជុងអ៊ីល លោក​គីម ជុងអ៊ុន ត្រូវយល់ស្របដើរតាម ដើម្បី​រក្សា​តំណែង​ជា​ប្រមុខដឹកនាំ​ទីក្រុង​ព្យុងយ៉ាង។ បើចង់អភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​ទាក់ទង​ប្រទេសខាងក្រៅ ជា​ពិសេស​យល់ព្រម​តាមការដាក់គំនាប​ពី​ប្រទេស​លោកខាងលិច នោះនឹង​ធ្វើ​ឲ្យ​លោក​គីម ជុងអ៊ុន​ឈ្លោះ​​ជាមួយ​ពួកកងទ័ព និង​ត្រូវ​ខ្ទាត​ចេញពី​តំណែង។

 
គីម ជុងអ៊ុន​ដែល​ធ្លាប់រៀន នៅស្វីស ប៉ុន្តែ ត្រលប់​ចូល​មករៀន នៅសាលាបណ្ឌិតសភា​យោធា គីម អ៊ីលស៊ុង នៅដើមឆ្នាំ ២០០០​ត្រូវ​គេ​រៀបរាប់ថា ចូលចិត្ត​ចាប់អារម្មណ៍​វិស័យ​យោធា តាំងពីតូច។ ដូច្នេះ មើលទៅ លោក​នឹង​មិន​ផ្លាស់ប្តូរ​នយោបាយ​សេដ្ឋកិច្ច​ដើម្បីស្រោចស្រង់​ប្រទេស ព្រោះនយោបាយនេះ​នឹង​ធ្វើ​ឲ្យ​កងទ័ព​ខាតប្រយោជន៍។ លោក​នឹង​គីម ជុងអ៊ុន ស្នង​តំណែង​បន្ត​ពី​ឪពុក និង​បន្ត​នយោបាយ​យោធា ដែល​ជា​មរតក​របស់​ឪពុករបស់លោក គឺ​គីម ជុងអ៊ីល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI