កម្ពុជា

តុលាការ​តម្កល់​រឿង មិន​ចាត់ការ ករណី​ឃាតកម្ម​លើ​សកម្មជន​ព្រៃឈើ លោក ឈុត វុទ្ធី

សកម្មជន​​ការពារ​​ព្រៃឈើបាន​ចេញ​​ពី​ទី​​រួម​ខេត្ត​កោះកុង​ទៅដល់​​ចំណុច​​វាលបី​​ក្នុង​​ស្រុក​​មណ្ឌល​​សីមា​
សកម្មជន​​ការពារ​​ព្រៃឈើបាន​ចេញ​​ពី​ទី​​រួម​ខេត្ត​កោះកុង​ទៅដល់​​ចំណុច​​វាលបី​​ក្នុង​​ស្រុក​​មណ្ឌល​​សីមា​ © ស៊ីវ​ ចាន់ណា
ដោយ៖ លី ម៉េងហួរ
២២ នាទី

​តុលាការ​ខេត្ត​កោះកុង បានសម្រេច​តម្កល់​រឿង មិន​ចាត់ការ​លើ​ករណី​ឃាតកម្ម បាញ់សម្លាប់​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី​។ មូលហេតុ ត្រូវបាន​ព្រះរាជអាជ្ញា អះអាងថា មក​ពី​សំណុំរឿង​ក្តី​នោះ ឃាតក​ត្រូវបាន​សម្លាប់ ដូច្នេះ​បណ្តឹងអាជ្ញា ក៏​រលត់​ផង​ដែរ​។ យ៉ាងណាក៏ដោយ នៅ​ព្រឹក​ថ្ងៃទី​៤​តុលា​ស្អែក​នេះ តុលាការ ខេត្ត​កោះកុង នឹង​បើក​សវនាការ កាត់ទោស​លើ​បុរស​ជាប់ចោទ រ៉ា​ន់ បូ​រ័ត្ន ដែល​បាន​សម្លាប់​ប៉េអឹម ឈ្មោះ អ៊ិន រតនា ក្នុង​ព្រឹត្តិការណ៍​ផ្ទុះអាវុធ កាលពី​ថ្ងៃ​ទី​២៦​មេសា​។ ក្នុង​ហេតុការណ៍​នោះ លោក ឈុត វុទ្ធី ត្រូវបាន​អាជ្ញាធរ អះអាងថា បាន​ស្លាប់ ដោយសារ​តែ​ប៉េអឹម អ៊ិន រតនា បាញ់​។​

ផ្សាយពាណិជ្ជកម្ម

 

សវនាការ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែតុលា ឆ្នាំ​២០១២ ដែល​តុលាការ​ខេត្ត​កោះកុង គ្រោង​នឹង​ធ្វើ​នោះ គឺ​មិនមែន​កាត់ទោស​លើ​រឿង​ឃាតក បាញ់សម្លាប់​លោក ឈុត វុទ្ធី សកម្មជន​ព្រៃឈើ​ទេ តែ​ជា​ការកាត់ទោស​បុរស​ឈ្មោះ រ៉ា​ន់ បូ​រ័ត្ន ដែល​បាន​បាញ់សម្លាប់​ដោយ​អ​ចេតនា លើ​ប៉េអឹម ឈ្មោះ អ៊ិន រតនា​។ ប៉េអឹម ឈ្មោះ អ៊ិន រតនា ត្រូវបាន​អាជ្ញាធរ​អះអាងថា ជា​ឃាតក បាញ់សម្លាប់​លោក ឈុត វុទ្ធី​។​

​ក្រោយ​ព្រឹត្តិការណ៍​ផ្ទុះអាវុធ កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ តុលាការ​ខេត្ត​កោះកុង បាន​បំបែក​សំណុំរឿង​ក្តី​ឃាតក​ម្មលើ​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី ជា​ពីរ​សំណុំរឿង​។ ទី​១-​សំណុំរឿង ប៉េអឹម អ៊ិន រតនា បាញ់សម្លាប់​លោក ឈុត វុទ្ធី និង​សំណុំរឿង​ទី​២-​ឈ្មោះ រ៉ា​ន់ បូ​រ័ត្ន បាញ់សម្លាប់​ដោយ​អ​ចេតនា លើ​ប៉េអឹម អ៊ិន រតនា​។​

​លោក ស្រី ម៉ា​ក់នី ព្រះរាជអាជ្ញារង របស់​តុលាការ​សាលាដំបូង ខេត្ត​កោះកុង ដែល​បាន​កាន់​សំណុំរឿង​ក្តីពាក់ព័ន្ធ​នឹ​ង​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១២ ថា "​សវនាការ នៅ​ព្រឹក​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១២ នៅ​តុលាការ​ខេត្ត​កោះកុង ធ្វើ​ឡើង​លើ​ករណី​ជនជាប់ចោទ រ៉ា​ន់ បូ​រ័ត្ន ដែល​ធ្វើឲ្យ អ៊ិន រតនា ស្លាប់ ដោយ​ការ​រា​កៃកាំភ្លើង​។ ចំណែក​ករណី​លោក ឈុត វុទ្ធី តុលាការ​តម្កល់​រឿង​ឥត​ចាត់ការ ដោយសារ អ៊ិន រតនា ក៏​ស្លាប់​ដែរ​"​។​
 

​ក្រុមគ្រួសារ​លោក ឈុត វុទ្ធី បាន​សម្តែង​ការខកចិត្ត ខណៈ​ដែល​តុលាការ​ខេត្ត​កោះកុង បានសម្រេច​តម្កល់​សំណុំរឿង​របស់លោក ឈុត វុទ្ធី មិន​ចាត់ការ​។ ផ្ទុយទៅវិញ តុលាការ​បែរជា​រក​យុត្តិធម៌ តែ​លើ​ឃាតក បាញ់សម្លាប់​លោក​ឈុត វុទ្ធី ទៅវិញ​។ នេះ​បើ​តាម​អ្នកស្រី សំ ចាន់​ធី ភរិយា​សព​លោក​ឈុត​វុទ្ធី ដែល​មិន​ត្រូវបាន​តុលាការ​កោះហៅ ឲ្យចូល​រួម​សវនាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នោះឡើយ​។

 

​អ្នកស្រី សំចាន់ធី បាន​បន្ថែមថា "​គេ​កាត់​តែ​រឿង រ៉ា​ន់ បូ​រ័ត្ន ជាមួយនឹង អ៊ិន រតនា ទេ​។ ចំណែក​ករណី​ប្តី​របស់​ខ្ញុំ គេ​តម្កល់​រឿង មិន​ចាត់ការ​។ ដូច្នេះ ខ្ញុំ​អត់​សប្បាយចិត្ត ព្រោះថា គេ​បញ្ចប់រឿង​ប្តី​ខ្ញុំ និង​អ៊ិន​រតនា​។ ខ្ញុំ​ជា​ភរិយា និង​កូន ៣ នាក់ មិន​សប្បាយ​ចិត្ត​ទេ​។ ខ្ញុំ​មាន​ភស្តុតាង​ថ្មីៗ ( ក្នុង​រឿងក្តី​ឃាតកម្ម​នោះ ) ប៉ុន្តែ​ខ្ញុំ​អត់​មាន​ឱកាស​បង្ហាញ​តុលាការ ព្រោះ​ខ្ញុំ​អត់​បាន​ចូល​តុលាការ​"​។​

យុវជន រ៉ា​ន់ បូ​រ័ត្ន ជា​សន្តិសុខ​ក្រុមហ៊ុន Timber Green ត្រូវបាន​តុលាការ ចោទប្រកាន់ ពីបទ មនុស្សឃាត​ដោយ​អ​ចេតនា ហើយត្រូវបានចាប់ឃុំខ្លួន​ភ្លាមៗ ក្រោយពីកើតហេតុ​។ យ៉ាងណាក៏ដោយ លោក​ព្រះរាជអាជ្ញារង ស្រី ម៉ា​ក់នី មិន​បាន​បញ្ជាក់ថា សំណុំរឿង​ក្តី​នោះ មាន​សាក្សី​ប៉ុន្មាន​នាក់​ទេ តែ​លោក​អះអាងថា លោក​បាន​ចេញ​ដីកា​កោះហៅ​សាក្សី​ទាំង​អស់​រួច​ហើយ ដើម្បី​ចូលរួម​សវនាការ នៅ​តុលាការ​ខេត្ត​កោះកុង នា​ថ្ងៃស្អែក​នេះ​។​

​លោក អ៊ិន គង់​ជិត សកម្មជន​អង្គការ​សិទ្ធិមនុស្ស លីកាដូ ប្រចាំ​ខេត្ត​កោះកុង បានឲ្យដឹងថា ក្នុង​សំណុំរឿង​ក្តី​នោះ មាន​សាក្សី​សរុប​ចំនួន ៧ នាក់ ដែល​តុលាការ​បាន​ធ្វើ​ការសាកសួ​រ​កន្លងមក​។ ក្នុងនោះ ក៏​មាន​ស្ត្រី​អ្នកកាសែត​ភាសា​អង់គ្លេស​-​ខ្មែរ The Cambodia Daily ពីរ​នាក់​ផង​ដែរ​។ ស្ត្រី​អ្នកកាសែត បាន​រួម​ដំណើរ​ជាមួយ​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ចុះ​ទៅ​កាន់​តំបន់​កើតហេតុ មុនពេល​មាន​ព្រឹត្តិការណ៍​ផ្ទុះអាវុធ បណ្តាល​ឲ្យ​លោក ឈុត វុទ្ធី និង​ប៉េអឹម អ៊ិន រតនា បានសម្លាប់ កាលពី​ថ្ងៃ​ទី​២៦​មេសា ឆ្នាំ​២០១២ នៅ​តំបន់​ព្រៃភ្នំ ក្នុង​ខេត្ត​កោះកុង​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI