កម្ពុជា

ពលរដ្ឋ​ខ្មែរ​មួយ​រូប​ទៀត​ទទួល​មេដាយ​កិត្តិយស​ពី​រដ្ឋាភិបាល​បារាំង

លោកស្រី​គ្រុយ ស៊ុន​ឡាយ ដែលជា​វេជ្ជបណ្ឌិត​ខាង​វិទ្យាសាស្ត្រ​ព​ន្ធុ​វិជ្ជា ពី​សាកលវិទ្យាល័យ​Bordeaux ប្រទេស​បារាំង និង​ជា​ប្រធាន​មន្ទីរពិសោធន៍​អតិសុខុមសាស្ត្រ​ចំណីអាហារ និង​ការ​វិភាគទឹក​ នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បានទទួល​គ្រឿង​ឥស្សរ​យស La legion d'honneur ពី​រដ្ឋាភិបាល​បារាំង​ កាលពី​ចុង​សប្តាហ៍​មុន។ គ្រឿង​ឥស្សរយស​​នេះ​ត្រូវបាន​បំពាក់​ដោយ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​ប្រទេស​កម្ពុជា​លោក Serge Mostura។

លោក​​​​​ស្រី​គ្រុយ​ ស៊ុន​ឡាយ​ វេជ្ជ​បណ្ឌិត​ខាង​វិទ្យាសាស្ត្រ​ពន្ធុ​វិជ្ជា​ និង​ជា​ប្រធាន​មន្ទីរ​ពិសោធន៍​អតិ​សុខុម​សាស្ត្រ​ចំណី​អាហារ​ និង​ការ​វិភាគ​ទឹក​នៃ​វិទ្យាស្ថា​ន​ប៉ាស្ទ័រ​កម្ពុជា​ទទួល​គ្រឿង​ឥស្សរយស
លោក​​​​​ស្រី​គ្រុយ​ ស៊ុន​ឡាយ​ វេជ្ជ​បណ្ឌិត​ខាង​វិទ្យាសាស្ត្រ​ពន្ធុ​វិជ្ជា​ និង​ជា​ប្រធាន​មន្ទីរ​ពិសោធន៍​អតិ​សុខុម​សាស្ត្រ​ចំណី​អាហារ​ និង​ការ​វិភាគ​ទឹក​នៃ​វិទ្យាស្ថា​ន​ប៉ាស្ទ័រ​កម្ពុជា​ទទួល​គ្រឿង​ឥស្សរយស RFI
ផ្សាយពាណិជ្ជកម្ម

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង លោកស្រី​វេជ្ជបណ្ឌិត គ្រុយ ស៊ុន​ឡាយ បាន​ដើរតួនាទី​យ៉ាងសំខាន់ ​ក្នុងការ​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​ប្រទេស​កម្ពុជា។

លោក​ឯកអគ្គរដ្ឋទូត​បារាំង​បាន​កោតសរសើរ​លោកស្រី​គ្រុយ ស៊ុន​ឡាយ និង​បានចាត់ទុក​លោកស្រី​វេជ្ជបណ្ឌិត​ ថា​ជា​បុគ្គល​ឆ្នើម​ផ្នែក​វិទ្យាសាស្ត្រ និង​វេជ្ជសាស្ត្រ​នៅ​ប្រទេស​កម្ពុជា ព្រមទាំង​បាន​វាយតំ​លៃ​ខ្ពស់​ចំពោះ​ការងារ​ដ៏​ធំធេង​ ដែល​លោកស្រី​សំរេចបាន ដើម្បី​ការចាប់បដិសន្ធិ​ឡើងវិញ និង​ភាព​ល្បី​រន្ទឺ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា។

សូម​រម្លឹកថា មួយ​សប្តាហ៍​មុន​ការបំពាក់​មេដាយ​កិត្តិយស​ដល់​លោកស្រី​វេជ្ជបណ្ឌិត គ្រុយ ស៊ុន​ឡាយ​នេះ ឯកអគ្គរដ្ឋទូត​បារាំ​ង​ក៏​ទើបតែ​បាន​បំពាក់​គ្រឿង​ឥស្សរយស​​កិត្តិយស​នេះ ​ដល់​រដ្ឋមន្ត្រីក្រសួង​អប់រំ​កម្ពុជា លោក ហង់ ជួនណា​រ៉ុ​ន ផងដែរ។ គួរបញ្ជាក់​អោយដឹងថា គ្រឿង​ឥស្សរ​យស ដែលមាន​ឈ្មោះ​ជា​ភាសា​បារាំង​ថា La Légion d’honneur ដែល​មន្ត្រី​កម្ពុជា​ទាំងពីរ​បានទទួល​នោះ គឺជា​គ្រឿង​ឥស្សរយស​​ដ៏​ឧត្តុង្គឧត្តម​បំផុត​របស់​ប្រទេស​បារាំង ដែល​ត្រូវ​ផ្តល់អោយ​ក្នុងនាម​ប្រធានាធិបតី​សាធារណរដ្ឋ​បារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI