កម្ពុជា

សមាគម​អចលន​ទ្រព្យ​ជំរុញ​អោយ​លុប​បំបាត់​សេវាកម្ម​គួកជេ​ដីធ្លី​ខុស​ច្បាប់​

រទេស​កម្ពុជា​ទាំងមូល​មាន​អ្នក​គួកជេ​ដីធ្លី ផ្ទះ​សម្បែង​មិន​ផ្លូវការ​ចំនួន​ប្រមាណ​ជា​១​ពាន់​នាក់
រទេស​កម្ពុជា​ទាំងមូល​មាន​អ្នក​គួកជេ​ដីធ្លី ផ្ទះ​សម្បែង​មិន​ផ្លូវការ​ចំនួន​ប្រមាណ​ជា​១​ពាន់​នាក់ RFI/Ky Soklim

សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា ​​ជំរុញ​អោយ​ស្ថាប័ន​ពាក់ព័ន្ធ​លុបបំបាត់​សេវាកម្ម​គួកជេ​ដីធ្លី​ខុស​ច្បាប់។ សេចក្តីស្នើ​របស់​សមាគម​បាន​ធ្វើ​ឡើង​ស្របពេល​ដែល​សេវា​ភ្នាក់ងារ​អចលនទ្រព្យ​ស្របច្បាប់ ​មាន​ចំនួន​តិច​ជាង​សេវា​រកស៊ី​មិន​ស្របច្បាប់។ សកម្មភាព​មិន​ផ្លូវការ​នេះ ​អាច​រុញ​ច្រាន​អោយ​សេវា​ស្របច្បាប់​​ដួល​រលំ។

ផ្សាយពាណិជ្ជកម្ម

លោក ចេង ខេង ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​ បាន​ថ្លែង​អោយ​ដឹង ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា សមាគម​របស់​លោក​គ្រោង​នឹង​ធ្វើ​ការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​ធ្វើ​យ៉ាង​ណា​ដើម្បី​លុប​បំបាត់​សេវា​គួកជេ​ដីធ្លី​ខុសច្បាប់​ នៅ​ក្នុង​ប្រទេស​កម្ពុជា។

បើ​យោង​តាម​តួលេខ​សមាគម​ជំនាញ​អចលនទ្រព្យ ប្រទេស​កម្ពុជា​ទាំងមូល​មាន​អ្នក​គួកជេ​ដីធ្លី ផ្ទះ​សម្បែង​មិន​ផ្លូវការ​ចំនួន​ប្រមាណ​ជា​១​ពាន់​នាក់ ក្នុង​នោះ​ ពី​៣០០​ទៅ​៤០០​នាក់​មាន​វត្តមាន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ អ្នក​គួកជេ​ទាំងនោះ​​ប្រកប​អាជីវកម្ម​តាម​របៀប​មិន​ផ្លូវការ​ និង​ជា​លក្ខណៈ​បុគ្គល។ រីឯ​ទីភ្នាក់ងារ​អចលនទ្រព្យ​ស្រប​ច្បាប់​មាន​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល​មាន​ចំនួន​ជាង​២០​ និង​ជាង​១០​ទៀត​ជា​ទីភ្នាក់ងារ​អចលន​ទ្រព្យ​លើកស្លាក​ដែរ តែ​មិន​ទាន់​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ។

សូម​រម្លឹក​ថា កាលពី​ដីធ្លី​មាន​ហាងឆេង​នៅ​មុន​ឆ្នាំ​២០០៨​កន្លង​មក ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​រូប​បាន​ក្លាយ​ទៅ​ជា​អ្នក​គួកជេ​ដី​ធ្លី។ កាលណោះ មុខរបរ​គួកជេ​ផ្ទះ​សម្បែង​កាក់កប​ត្រូវ​ប៉ាន់​ណាស់។ រីឯ​ទីភ្នាក់ងារ​អចលនទ្រព្យ​ក៏​មាន​ចំនួន​ច្រើន​ដែរ។ ប៉ុន្តែ​នៅ​ពេល​ដែល​វិស័យ​​អចលនទ្រព្យ​ជួប​ប្រទះ​នឹង​វិបត្តិ​នៅ​ឆ្នាំ​២០០៨​ ភ្នាក់ងារ​អចលនទ្រព្យ​ និង​អ្នក​គួកជេ​មួយ​ចំនួន​ធំ​បាន​បោះបង់​ចោល​មុខ​របរ​របស់​ពួកគេ។

លោក ចេង ខេង ប្រធាន​​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​​បាន​បញ្ជាក់​ថា ប្រសិន​បើមាន​អ្នក​រកស៊ី​ក្រៅ​ផ្លូវការ និង​មាន​អ្នកស៊ី​ផ្លូវការ​បង់ពន្ធ​ចូល​រដ្ឋ​យ៉ាង​ដូច្នេះ អ្នក​រកស៊ី​ក្រៅ​ផ្លូវការ​អាច​ផ្តួល​អ្នក​រកស៊ី​ស្របច្បាប់។ ម៉្យាងវិញ​ទៀត ការ​ប្រកួត​ប្រជែង​របៀប​នេះ​ វា​មិន​យុត្តិធម៌​ទេ។ លោក​បាន​បន្ត​ទៀត​ថា លោក​ចង់​អោយ​អ្នក​រកស៊ី​នៅ​ក្នុង​វិស័យ​អចលនវត្ថុ​ទាំងអស់ គោរព​ទៅ​តាម​ស្តង់ដារ​ស្រប​ច្បាប់​ទាំងអស់​គ្នា​ មាន​ន័យ​ថា ចុះ​បញ្ជី​ផ្លូវការ​ និង​បង់ពន្ធ​ចូល​រដ្ឋ​ទាំងអស់គ្នា។

ក្រៅ​ពី​ភាព​អនាធិបតេយ្យ​ក្នុង​ការ​ទិញ​លក់​អចលនទ្រព្យ​ ដោយសារ​តែ​សេវា​ក្រៅ​ផ្លូវការ សមាគម​អ្នក​វាយ​តម្លៃ​ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​គ្រោង​នឹង​ធ្វើ​ការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​ដើម្បី​ធ្វើ​សេចក្តី​ប្រកាស​នានា​ទាក់ទង​ទៅ​នឹង​ស្តង់ដារ​វាយ​តម្លៃ​អចលនវត្ថុ និង​ក្រម​សីលធម៌​នៃ​ទីភ្នាក់​អចលន​ទ្រព្យ។

ទាក់ទង​ទៅ​សំណើ​​របស់​សមាគម​វាយ​តម្លៃ​អចលនវត្ថុ​កម្ពុជា​ក្នុង​ការ​លុប​បំបាត់​សេវា​គួកជេ​ក្រៅ​ផ្លូវការ​នោះ អ្នក​គួកជេ​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ​បាន​ប្រតិកម្ម​តប​វិញ​ នៅថ្ងៃ​សៅរ៍​នេះ​ថា ទង្វើ​នេះ​វា​នឹង​សម្លាប់​អ្នក​រកស៊ី​តូចតាច​ ហើយ​វា​បង្ក​លក្ខណៈ​ល្អ​សម្រាប់​តែ​ឈ្មួញ​​រក​ស៊ី​ធំៗ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI