ទស្សនៈព្រឹត្តិការណ៍ពិភពលោក

«ការកម្ចាត់»ស្នា​ដៃ​និពន្ធន៍​របស់​សមិទ្ធិករ​ ប៉ាន់​ រិទ្ធី

សំឡេង ០៥:២១
«ការ​កម្ចាត់​»ស្នា​ដៃ​និ​ពន្ធន៍​របស់​សមិទ្ធិករ​ ប៉ាន់​ រិទ្ធី
«ការ​កម្ចាត់​»ស្នា​ដៃ​និ​ពន្ធន៍​របស់​សមិទ្ធិករ​ ប៉ាន់​ រិទ្ធី ©

សៀវភៅ​របស់​សមិទ្ធិករ​ខ្មែរ​Panh Rithy (ប៉ាន់ រិទ្ធី) ដែល​មាន​ចំណង​ជើង​ថា L’élimination ឬ«ការកម្ចាត់»និង​ដែល​ត្រូវ​បាន​បោះពុម្ភ​ផ្សាយ​ដោយ​គ្រឹះស្ថាន​Grasset នឹង​ចេញ​លក់​នៅ​ប្រទេស​បារាំង នៅ​ដើម​ខែ​មករា​ឆ្នាំ​២០១២​ខាង​មុខ​នេះ។ តាម​រយៈ​សៀវភៅ​នេះ ដែល​ត្រូវ​បាន​សរសេរ​រួម​គ្នា​ជាមួយ​អ្នកនិពន្ធ​បារាំង​Christophe Bataille លោក​Panh Rithy បាន​លាត​ត្រដាង​ជា​លើក​ទី​មួយ​បង្អស់​អំពី​ជីវិត​ពិត​របស់​លោក​ក្រោម​របប​ខ្មែរ​ក្រហម កាល​ពី​ជាង​៣០​ឆ្នាំ​មុន។ 

ផ្សាយពាណិជ្ជកម្ម

គ្រាន់​តែ​ឃើញ​ចំណង​ជើង​នៃ​សៀវភៅ គឺ​L'élimination បាន​ន័យ​ថា"ការ​កម្ចាត់" និង​គ្រាន់​តែ​ឃើញ​ឈ្មោះ​របស់​អ្នកនិពន្ធ គឺ​លោក​Panh Rithy គេ​យល់​ភ្លាម​ថា ជា​សៀវភៅ​មួយ​ស្តី​ពី​ខ្មែរ​ក្រហម។ ពីព្រោះ​អ្នក​និពន្ធ​ជា​សមិទ្ធិករ​ខ្មែរ​ម្នាក់ ល្បី​ខាង​ថត​ភាពយន្ត​ឯកសារ​ដែល​ទាក់​ទង​និង​របប​ប្រល័យ​ពូជសាសន៍​របស់​ប៉ុល ពត រួម​មាន​ជា​អាទិ៍​ភាពយន្ត​ឯកសារ​Bophana, S21 la machine de mort Khmère rouge។

 
ប៉ុន្តែ ពេល​ផ្តើម​អាន​សៀវភៅ​បាន​តែ​ប៉ុន្មាន​ទំព័រ​ប៉ុណ្ណោះ គេ​យល់​ភ្លាម​ថា លើក​នេះ លោក​Panh Rithy មិន​និយាយ​ពី​ខ្មែរ​ក្រហម ដូច​លើក​មុនៗ​ទៀត​ទេ មិន​សរសេរ​និង​មិន​បញ្ចាំង​ពី​អ្នក​រងគ្រោះ​ទូទៅ​ក្រោម​របប​ប៉ុល ពត​ទេ ឈប់​និយាយ​ពី​អ្នក​ស្លាប់​នៅ​ស២១ ឬ​អ្នក​រួច​ជីវិត​ពី​ស២១​ទៀត​ហើយ។ លើក​នេះ គាត់​និយាយ​ពី​រូប​គាត់​ម្តង និយាយ​ពី​កុមារ​Panh Rithy ដែល​បាន​ហែល​ឆ្លង​កាត់​របប​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ តាំង​ពី​ដើម​រហូត​ដល់​ចប់់។

តាម​រយៈ​ប្រយោគ​តែ​ប៉ុន្មាន​ឃ្លា​ប៉ុណ្ណោះ លោក​Panh Rithy លាត​ត្រដាង​ជីវិត​ពិត​របស់​លោក៖ "មាន​អាយុ​ទើប​តែ​បាន​១៣​ឆ្នាំ និង​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ ខ្ញុំ​បាត់​បង់​អស់​រលីង​គ្មាន​សល់ ក្រុម​គ្រួសារ​របស់​ខ្ញុំ។ បង​ប្រុស​ច្បង​របស់​ខ្ញុំ​បាត់​ខ្លួន។ បង​ថ្លៃ​ខ្ញុំ​ដែល​ជា​វេជ្ជបណ្ឌិត ត្រូវ​បាន​សម្លាប់​នៅ​កៀន​ចិញ្ចើម​ថ្នល់។ ឪពុក​ខ្ញុំ​ក៏​ស្លាប់ ដ្បិត​គាត់​សម្រេច​ចិត្ត​ឈប់​ទទួល​ទាន​អាហារ។ ម្តាយ​ខ្ញុំ​ស្លាប់​នៅ​មន្ទី​រពេទ្យ​មោង ដូច​កូន​ស្រី​របស់​គាត់​ដែរ។ ក្មួយៗ​របស់​ខ្ញុំ​ក៏​ដូច​គ្នា​អ៊ីចឹង​ដែរ សុទ្ធ​តែ​បាត់បង់​ជីវិត ដោយសារ​តែ​អំពើ​សាហាវ​យង់ឃ្នង​និង​ឆ្កួត​លីលា​របស់​ពួក​ខ្មែរ​ក្រហម។" សមិទ្ធិករ​Panh Rithy បន្ថែម​ថា៖"តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ ខ្ញុំ​អស់​មាន​ឪពុក​ម្តាយ​និង​បង​ប្អូន។ ខ្ញុំ​អស់​មាន​ឈ្មោះ អស់​មាន​ត្រកូល។ អ៊ីចឹង​ហើយ ទើប​ខ្ញុំ​បាន​នៅ​រស់​ពីព្រោះ​ខ្ញុំ​ក្លាយ​ជា​ភាព​សោះសូន្យ អត់​តម្លៃ​និង​អត់​អត្តសញ្ញាណ" 

៣០​ឆ្នាំ​ក្រោយ​មក ៣០​ឆ្នាំ​ក្រោយ​របប​ខ្មែរ​ក្រហម លោក​Panh Rithy ដែល​បាន​ក្លាយ​ជា​សមិទ្ធិករ​ម្នាក់​ដ៏​ល្បីល្បាញ​បាន​សម្រេច​ចិត្ត​ជួប​ជាមួយ​ឌុច ចោទ​សួរ​អតីត​មេគុក​ទួលស្លែង​អំពី​មនោគមវិជ្ជា​ខ្មែរ​ក្រហម អំពី​រាល់អ្វីៗ​ដែល​បាន​កើត​ឡើង​នៅ​ស២១ និង​អំពី​អារម្មណ៍​ស្មារតី​របស់​ឌុច​ផ្ទាល់។ សៀវភៅ​នេះ​ដែល​មាន​ចំណង​ជើង​ថា«ការកម្ចាត់»ក៏​និយាយ​បរិយាយ​អំពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​ផ្នែក​ពាក្យ​សំដី​និង​ផ្នែក​ចិត្ត​សាស្រ្ត​រវាង​អ្នកនិពន្ធ និង​ឌុច​ដែល​ជា​តួអង្គ​ម្នាក់​ដ៍​សំខាន់​នៃ​ម៉ាស៊ីន​កាប់​សម្លាប់​របស់​ខ្មែរ​ក្រហម។

នៅ​ក្នុង​សៀវភៅ​នេះ ដែល​លោក​Panh Rithy បាន​សរសេរ​រួម​គ្នា​ជាមួយ​អ្នក​និពន្ធ​បារាំង Christophe Bataille អ្វី​ដែល​ចម្លែក​គឺ​អវត្តមាន​នៃ​ពេល​វេលា៖ អតីតកាល​លាយ​ឡំ​គ្នា​ជាមួយ​បច្ចុប្បន្នកាល។ ម្តង​អ្នក​និពន្ធ​លើក​ឡើង​ពី​កុមារភាព​មុន​សម័យ​ខ្មែរ​ក្រហម ម្តង​ទៀត​អ្នក​និពន្ធ​និយាយ​ពី​ឌុច​ដែល​គាត់​បាន​ជួប​និង​បាន​ចោទ​សួរ រួច​ហើយ​ងាក​មក​និយាយ​ពី​ជីវិត​ផ្ទាល់​ខ្លួន​ក្រោម​របប​ប៉ុល ពត។ ទន្ទឹម​នេះ ជួនកាល អ្នក​និពន្ធ​បើក​វង់ក្រចក​ដើម្បី​និយាយ​ពី​ជីវិត​បច្ចុប្បន្ន​របស់​គាត់​នៅ​ទីក្រុង​ប៉ារីស និង​ជួនកាល​ទៀត​នៅ​ភ្នំពេញ។ និយាយ​បែប​ផ្សេង អ្វីៗ​ក៏​ហាក់​ដូច​ជា​បង្ហាញ​ថា​អារម្មណ៍​របស់​លោក​Panh Rithyនៅ​តែ​ចេញ​មិន​រួច​ពី​អតីតកាល​និង​នៅ​តែ​បន្ត​វិលវល់​ជុំវិញ​រូបភាព​របស់​ឪពុក​ម្តាយ បង​ប្អូន​និង​ក្មួយៗ​ដែល​បាន​ស្លាប់​យ៉ាង​អាណោចអាធម្ម​កាល​សម័យ​ខ្មែរ​ក្រហម។

គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ ដែល​គេ​អាច​យល់​ចំណង​ជើង​នៃ​សៀវភៅ នោះ​គឺ​«ការកម្ចាត់» ។ តាម​រយៈ​ការ​សរសេរ​រៀបរាប់​ជា​លើក​ទី​មួយ​បង្អស់​ជីវិត​ដ៏​អភព្វ​របស់​ខ្លួន​ក្រោម​សម័យ​ខ្មែរ​ក្រហម​កាល​ពី​៣០​ឆ្នាំ​មុន អ្នក​និពន្ធ​ប្រហែល​ជា​ចង់«កម្ចាត់»ចេញ​ពី​អារម្មណ៍​ទុក្ខសោក​និង​ការ​ឈឺ​ចុក​ចាប់។ អ្នក​និពន្ធ​ប្រហែល​ជា​ចង់«កម្ចាត់»ភាព​មន្ទិល​សង្ស័យ​និង​អាថ៌កំបាំង​ជុំវិញ​មនោគមវិជា្ជ​ឆ្កួត​លីលា និង​ជុំវិញ​ម៉ាស៊ីន​ប្រល័យ​ពូជសាសន៍​របស់​ខ្មែរ​ក្រហម តាម​រយៈ​ការ​ដេញដោល​សួរ​ឌុច អស់​រយៈ​ពេល​រាប់​សិប​ម៉ោង។

ក៏​ប៉ុន្តែ នៅ​ទី​បំផុត លោក​Panh Rithy សារភាព​ថា នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា រវាង​រូប​លោក​និង​ខ្មែរ​ក្រហម លោក​ជា​អ្នក​ចាញ់ ហើយ​ខ្មែរ​ក្រហម​ជា​អ្នក​ឈ្នះ ពីព្រោះ​នៅ​ចំពោះមុខ​Caméra និង​នៅ​ចំពោះមុខ​សំណួរ​របស់​គាត់ ឌុច​មិន​បាន​និយាយ​បំភ្លឺ​ការ​ពិត​ទេ។ ផ្ទុយ​ទៅ​វិញ បុរស​នេះ​ដែល​មិនមែន​ជា​មនុស្ស​ធម្មតា​ហើយ​ក៏​មិន​ពិត​ជា​បិសាច​សុទ្ធសាធ​ដែរ បាន​បន្ត​ភូតភរ​កុហក។

មិន​តែ​ប៉ុណ្ណោះ លោក​Panh Rithy ក៏​សារភាព​ដែរ​ថា​នៅ​ក្នុង​ការ​ប្រឈមមុខ​ដាក់​គ្នា រវាង​រូប​លោក​និង​អតីតកាល លោក​ជា​អ្នក​ចាញ់ ពីព្រោះ​លោក​នៅ​តែ​បំភ្លេច​មិន​បាន​សោះ រាល់​អ្វីៗ​ដែល​បាន​និង​កំពុង​បន្ត​ធ្វើ​ឲ្យ​គាត់​ឈឺ​ចិត្ត​ស្អិត​ទ្រូង នោះ​គឺ​រូបភាព​របស់​ឪពុក​ជាទី​សក្ការៈ រូបភាព​របស់​ម្តាយ​ប្រកប​ទៅ​ដោយ​មេត្តាធម៌ សូរ​សំឡេង​សើច​របស់​បងស្រី និង​ទឹកមុខ​របស់​ក្មួយៗ ដែល​កាល​សម័យ​នោះ​ទើប​មាន​អាយុ​៣​ឆ្នាំ ៥​ឆ្នាំ និង​៧​ឆ្នាំ។

សៀវភៅ​សរសេរ​ជា​ភាសា​បារាំង​របស់​លោក​Panh Rithy ដែល​មាន​ចំណង​ជើង​ថា L’élimination និង​ដែល​ត្រូវ​បាន​បោះពុម្ព​ដោយ​គ្រឹះស្ថាន​Grasset នឹង​ចេញ​លក់​នៅ​ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​១២​មករា​ដើម​ឆ្នាំ​ក្រោយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI