អានតួអត្ថបទ
ចិន-អាមេរិក

ពាក់ព័ន្ធនឹង​បញ្ហា​សមុទ្រចិន​ខាងត្បូង​ប៉េកាំង​កោះហៅ​អ្នកការទូត​អាមេរិក​

ស្ថានភាព​នៅ​សមុទ្រចិន​ខាងត្បូង​បច្ចុប្បន្ននេះ​ បានក្លាយ​ទៅជា​បញ្ហា​មួយ​ដ៏​ក្តៅគគុក​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍
ស្ថានភាព​នៅ​សមុទ្រចិន​ខាងត្បូង​បច្ចុប្បន្ននេះ​ បានក្លាយ​ទៅជា​បញ្ហា​មួយ​ដ៏​ក្តៅគគុក​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ (Carte : Chemarin/RFI)
ដោយ៖ សៀក សារិន
១៥ នាទី

ក្រសួង​កាបរទេស​ចិន​បាន​កោះហៅ​អ្នកតំណាង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ទីក្រុង​ប៉េកាំង​ ​ ដើម្បី​តវ៉ា​ប្រឆាំង​ទល់នឹង​ជំហរ​របស់​ទីក្រុង​វ៉ាស៊ីនតោន​ ពាក់ព័ន្ធ​នឹង​បញ្ហា​អធិបតេយ្យ​នៅ​សមុទ្រចិន​ខាងត្បូង។​ ប្រទេស​វៀតណាម​និង​ប្រទេស​ហ្វីលីពីនក៏បាន​ប្រឆាំង​តវ៉ា​ពុំយល់ព្រម​ឡើយ​ ​ ដោយ​សំអាងថា​ កោះមួយ​ចំនួន​នៅ​សមុទ្រចិន​ខាងត្បូង​ក៏​ឋិត​នៅ​ក្រោយ​អធិបតេយ្យ​របស់ខ្លួន​ផងដែរ។​

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែលបាន​ផ្សាយ​ឲ្យដឹង​នៅ​ល្ងាច​ថ្ងៃសៅរ៍​ទី៤​សីហា​ម្សិលមិញ​ ​ ក្រសួង​ការបរទេស​ចិន​បាន​ប្រកាស​ឲ្យ​ដឹងថា​ ​ អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​កាបរទេសចិន​បាន​កោះហៅ​អ្នកតំណាង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ទីក្រុង​ប៉េកាំង​ ​ លោក​ Robertt Wang ​ ដើម្បី​តវ៉ា​ប្រឆាំង​ទល់នឹង​ឥរិយាបថ​របស់​អាមេរិក​ក្នុង​បញ្ហា​អធិបតេយ្យ​នៅ​សមុទ្រ​ចិន​ខាងត្បូង។

 
ទាំងនេះ​ក៏​ដោយហេតុថា​ ​ កាលពី​ថ្ងៃសុក្រ​កន្លងទៅ​ ក្រសួង​ការបរទេស​អាមេរិក​បាន​ថ្លែង​ឲ្យ​ដឹងថា​ ​“ទីក្រុង​វ៉ាស៊ីតោន​តាមដាន​ស្ថានការណ៍​នៅ​សមុទ្រចិន​ខាងត្បូង​យ៉ាងល្អិតល្អន់​ ​ ហើយ​សហរដ្ឋ​អាមេរិក​យល់ថា​ ​ ការយក​ទ័ព​ទៅដាក់​ក្នុង​តំបន់​ដោយ​ទីក្រុង​ប៉េកាំង​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការខិតខំ​ក្នុង​វិស័យ​ការទូត​សម្រាប់​កាត់បន្ថយ​ភាព​តានតឹង​ក្នុងតំបន់”។

គួរកត់​សម្គាល់ថា​ ​ ស្ថានភាព​នៅ​សមុទ្រចិន​ខាងត្បូង​បច្ចុប្បន្ននេះ​ បានក្លាយ​ទៅជា​បញ្ហា​មួយ​ដ៏​ក្តៅគគុក​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។​ ប្រទេសចិន​បាន​ប្រកាស​ប្រាប់ថា​ ​ មួយភាគធំ​នៃ​សមុទ្រចិន​ខាងត្បូង​គឺ​ឋិតនៅ​ក្រោម​អធិបតេយ្យ​របស់​ទីក្រុង​ប៉េកាំង។​ ក៏ប៉ុន្តែ​ ប្រទេស​វៀតណាម​និង​ប្រទេស​ហ្វីលីពីន​បាន​ប្រឆាំង​តវ៉ា​ពុំយល់ព្រម​ឡើយ​ ​ ដោយ​សំអាងថា​ កោះមួយ​ចំនួន​នៅ​សមុទ្រចិន​ខាងត្បូង​ក៏​ឋិត​នៅ​ក្រោយ​អធិបតេយ្យ​របស់ខ្លួន​ផងដែរ។​ ការឈ្លោះ​ដណ្តើមគ្នា​យ៉ាង​ខ្លាំងក្លា​រវាង​ប្រទេស​ទាំងបី​បែបនេះ​ ​ ក៏​ដោយហេតុតែ​គេយល់ថា​ អាច​មាន​សម្បត្តិ​ធម្មជាតិ​យ៉ាង​ច្រើន​មហិមា​ ដូចជា​ប្រេងកាត​ឬ​ឧស្ម័ន​នៅក្នុង​តំបន់នេះ។

សូមបញ្ជាក់ថា​ ​ មាន​បញ្ហា​ជាច្រើន​ដែល​ទីក្រុង​ប៉េកាំង​និង​ទីក្រុង​វ៉ាស៊ីនតោន​មាន​ទំនាស់​នឹង​គ្នា​ ​ មានដូចជា​បញ្ហា​ប្រាក់យ័នចិន​ ​ បញ្ហា​ទីបេ​ ​ និង​បញ្ហា​តៃវ៉ាន់​ ​ ...។ល។...
ប្រទេសចិន​បាន​សម្ដែង​ឲ្យ​ឃើញ​នូវ​ការ​ខឹង​ក្រេវក្រោធ​យ៉ាងខ្លាំង​ ក្រោយពី​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ឲ្យដឹង​ពី​ជំហរ​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​បញ្ហា​អធិបតេយ្យ​នៅ​សមុទ្រចិន​ខាងត្បូង។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​ អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន​លោក​ Ain Gang ​បាន​ប្រកាស​ថា​ ​ តំបន់​សមុទ្រចិន​ខាងត្បូង​និង​កោះ​មួយ​ចំនួន​ឋិត​នៅក្រោម​អធិបតេយ្យ​របស់​ប្រទេស​ចិន​យ៉ាង​ដាច់ខាត​ ​ ដូច្នេះ​ទីក្រុង​ប៉េកាំង​មាន​សិទ្ធិ​យ៉ាង​ពេញលេញ​ក្នុង​ការ​ក្តោបក្តាប់​រៀបចំ​ឲ្យមាន​ទីក្រុង​និង​គ្រប់គ្រង​តំបន់​សមុទ្រចិន​ខាងត្បូង​ជាផ្លូវការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ