ចិន

ចិន​បញ្ចប់​ទំព័រ​គ្រប់គ្រង​ចាស់​របស់​​ ​Wen​ Jiabao​ និង​ Hu​ Jintao

ប្រធានាធិបតី​​ Hu​ Jintao និង​ប្រធានាធិបតី​ថ្មី Xi Jinping
ប្រធានាធិបតី​​ Hu​ Jintao និង​ប្រធានាធិបតី​ថ្មី Xi Jinping REUTERS/China Daily

នៅ​ថ្ងៃ​អង្គារ​នេះ សភា​​ចិន​​បាន​​បើក​​​សម័យ​​ប្រជុំ​ពេញ​អង្គ​​ប្រចាំ​ឆ្នាំ​បញ្ចប់​ទំព័រ​គ្រប់​គ្រង​​រយៈ​ពេល​ ១០​ឆ្នាំ​ កន្លង​មក​ របស់​​​នាយករដ្ឋ​មន្ត្រី​ Wen Jiaobao និង​ប្រធានាធិបតី​ Hu Jintao។ អណត្តិ​សភា​ថ្មី​របស់​ចិន នឹង​​បន្ត​ដំណើរ​ការ​​នៅ​ក្រោម​​រដ្ឋាភិបាល​ថ្មី​ ​របស់​នាយករដ្ឋមន្ត្រី Li Keqiang និង​ប្រធានាធិបតី​ថ្មី លោក Xi Jinping។ ក្នុង​ឆ្នាំ​ ២០១៣​នេះ ចិន​មាន​គោលដៅ​អោយ​កំណើន​សេដ្ឋកិច្ច​ខ្លួន​ កើន​បាន​៧,៥ ភាគរយ​ និង​ឧនភាព​​នៃ​ផលិតផល​​សរុប​​​អោយ​ចុះ​មក​នៅ​ ២ភាគរយ។

ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​អង្គារ​នេះ ​ប្រទេស​ចិន​ បាន​បើក​កិច្ច​ប្រជំ​​សភា​អណត្តិ​ថ្មី​ ​​បញ្ចប់​ទំព័រ​គ្រប់​គ្រង​​រយៈ​ពេល​ ១០​ឆ្នាំ ​របស់​​​នាយករដ្ឋ​មន្ត្រី​ Wen Jiaobao និង​ប្រធានាធិបតី​ Hu Jintao។ ចាប់​ពី​ថ្ងៃ​អង្គារ​នេះ រហូត​ដល់​ថ្ងៃ ១៧​ មីនា​ ខាង​មុខ គណប្រតិភូ​សភា ៣០០០​នាក់ ​​ជួប​ប្រជុំគ្នា​ ដើម្បី​​​​​​កំណត់​បញ្ជី​ឈ្មោះ​បេក្ខជន ដែល​​ត្រូវ​តែងតាំង ក្នុង​សមាសភាព​រដ្ឋាភិបាល​ថ្មី​ ​របស់​នាយករដ្ឋមន្ត្រី Li Keqiang និង​ប្រធានាធិបតី​ថ្មី លោក Xi Jinping។

មុន​នឹង​​​​ចាកចេញ​ពី​តំណែង​ជា​រដ្ឋមន្ត្រី​ចិន​​ លោក​​នាយករដ្ឋ​មន្ត្រីចាស់​​ Wen Jiaobao បាន​ចំណាយ​ពេល​ពីរ​ម៉ោង​ អាន​នូវ​របាយការណ៍​​ការងារ​របស់​រដ្ឋាភិបាល​​ក្នុង​អណត្តិ​ ១០​ឆ្នាំ​ កន្លង​មក។ សំរាប់​​ឆ្នាំ​ ២០១៣​នេះ លោក​ Wen Jiaobao ចង់​អោយ​ចិន​សំរេច​​កំណើន​សេដ្ឋកិច្ច​ខ្លួន​ អោយ​​​បាន​៧,៥ ភាគរយ​ និង​អោយ​ឧនភាព​​នៃ​ផលិតផល​​សរុប​​​អោយ​​មក​នៅ​ ត្រឹម​២ភាគរយ។

ចិន​របស់​ Hu Jintao និង​ Wen Jiaobao គឺ​ជា​ចិន​ដែល​បាន​​សាងសង់​លំនៅ​ដ្ឋាន​រដ្ឋ​​​ចំនួន​ ១៨ លាន​ សំរាប់​ប្រជាជន​​​ចិន​ក្រីក្រ​ ក្នុង​រយៈ​ពេល​៥ឆ្នាំ​ ចុង​ក្រោយ​នេះ។ គឺ​ជា​ចិន​ដែល​សាងសង់​បាន​ផ្លូវ​ដែក​​​​​​​ថ្មីៗ បាន​ជិត​ ពីរ​ម៉ឺន​គីឡូម៉ែត្រ​ ក្នុង​នោះ​មាន​ផ្លូវ​​រថភ្លើង​​ល្បឿន​លឿន​​​ជិត​ដល់ ៩​ពាន់​គីឡូម៉ែត្រ និង​ផ្លូវ​​ Higtway ជាង​ ៤​ម៉ឺន​គីឡូម៉ែត្រ។ លោក​ Wen Jiaobao ក៏​មិន​បាន​ភ្លេច​នឹង​លើក​ឡើង​ អំពី​ឆ្នាំ ២០០៣ ដែល​ជា​ឆ្នាំ​​ដ៏​ជូរចត់​ដែល​បង្ក​ដោយ​ជំងឺ​​​​សារ​​ ឆ្នាំ​២០០៨ ដែល​​ជា​ឆ្នាំ​​ចិន​រៀបចំ​កីឡា​អូឡាំ​ពិក ហើយ​លើស​ពី​នេះ​ទៀត គឺ​​​ការ​រីកចំរើន​​ផ្នែក​អវកាស​របស់​ប្រទេស​ចិន។

ក្នុង​ឆ្នាំ​ ២០០៩ ចិន​បាន​សំរេច​នូវ​កំណើន​សេដ្ឋកិច្ច​ ១០ ភាគរយ​​។ នាយករដ្ឋមន្ត្រី​​អណត្តិចាស់ បាន​ទទួល​ស្គាល់​ថា ចិន​​មិន​សូវ​រង​នូវ​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​បង្ក​ដោយ​វិបត្ត​សេដ្ឋកិច្ច​ កាល​ពី​ឆ្នាំ​ ២០១០​ នោះ​ឡើយ​ ប៉ុន្តែ​​មាន​បញ្ហា​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​នៅ​តែ​ត្រូវ​ប្រឈម​មុខ​ដោះ​ស្រាយ ដូច​ជា​​ការ​​ស្ទុះ​ឡើង​ខ្លាំង​ក្លា​​នៃ​សេដ្ឋកិច្ច​ដែ​ល​និយម​ប្រើ​តែ​​ផលិតផល​ជាតិ​ ការ​លាក់​កំបាំង​ដែល​អាច​នឹង​កើត​មាន​ក្នុង​ផ្នែក​ហិរញ្ញ​វត្ថុ បញ្ហា​​​​ពិបាក​រកការងារ​ធ្វើ​​របស់​ប្រជាជន​​​​ និង​​បញ្ហា​ដែល​ជនជាតិ​ចិន​នៅ​តែ​​ខ្វះ​ខាត​​លំនៅ​ដ្ឋាន​រស់​នៅ។

ក្នុង​គោលការណ៍​នេះ លោក​​​​ Wen Jiaobao បាន​សំណូម​ពរ​អោយ​រដ្ឋាភិបាល​ចិន​ថ្មី​បន្ត​ផែនការសំរេច​​​សន្ទុះ​​សេដ្ឋកិច្ចតទៅ​ទៀត​ បើ​ទោះ​​​បី​ជា​​នយោបាយ​​នេះ​អាច​អោយ​ចិន​ជួប​​ឧនភាព​ថវិកា​ក៏ដោយ។

ដោយ​ឡែក​​សំរាប់​​​កិច្ច​ប្រជុំ​សភា​អណត្តិ​ថ្មី​​​​នេះ ​ចិន​មាន​គំរោង​ធ្វើ​កំណែ​ទំរង់​មួយ​ចំនួន​ ដូច​ជា​ កំណែ​​ទម្រង់​នយោបាយ​កូន​មួយ​​ បន្ថយ​ការ​ចាយវាយដែល​គ្មាន​​ប្រយោជន៍​សំរាប់​​​រដ្ឋ​​ កាត់​បន្ថយ​​​វិសមភាព​ក្នុង​សង្គម​​​​​​​​ជា​ដើម។ គួរ​បញ្ជាក់​ថា​តួលេខ​នៃ​វិសមភាព​​សង្គម​​នៅ​ចិន មាន​រហូត​ដល់​ ០,៥ ដែល​​ស្ថិត​ក្នុង​ចំណោម​តួលេខ​មួយ​​​ខ្ពស់បំផុត​​ នៅ​ក្នុង​ពិភព​លោក។​

​គេ​សង្កេត​ឃើញ​ថា ​នាយករដ្ឋមន្ត្រី​ថ្មី​​ Li Keqiang និង​ប្រធានាធិបតី​ថ្មី​ Xi Jinping ​មាន​​​ទឹកចិត្ត​​​មោះ​មុត ដើម្បី​​​​បន្ត​ដោះស្រាយ​នូវ​​រាល់​បញ្ហា​​​​​​របស់​​ចិន៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI