តុលាការធម្មនុញ្ញអាល្លឺម៉ង់ត្រូវវិនិច្ឆ័យពីការជួយស្រោចស្រង់ប្រាក់អឺរ៉ូ
នៅថ្ងៃពុធទី១២កញ្ញាឆ្នាំ២០១២នេះ តុលាការធម្មនុញ្ញអាល្លឺម៉ង់ ត្រូវសម្រេចវិនិច្ឆ័យស្ដីពីភាពស្របច្បាប់នៃយន្តការជួយស្រោចស្រង់អឺរ៉ុប ដែលជាសេចក្តីសម្រេចចិត្តមួយដ៏សំខាន់សម្រាប់អនាគតនៃរូបិយបណ្ណអឺរ៉ូ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រទេសក្នុងតំបន់ចាយប្រាក់អឺរ៉ូ នៅថ្ងៃពុធទី១២កញ្ញាឆ្នាំ២០១២នេះ បាននាំគ្នាផ្តោតចក្ខុមកលើទីក្រុងអាល្លឺម៉ង់តូចមួយឈ្មោះ Karlsruhe ជាទីកន្លែងដែលចៅក្រមនៃតុលាការធម្មនុញ្ញអាល្លឺម៉ង់ត្រូវសម្រេចវិនិច្ឆ័យពីភាពស្របច្បាប់នៃយន្តការអឺរ៉ុបដើម្បីស្ថិរភាព ហើយនិងកិច្ចព្រមព្រៀងថវិកា ដែលមានពាក្យបណ្តឹងជាច្រើនពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ បានធ្វើឲ្យកើតមានការយឺតយ៉ាវដល់ការផ្តល់សច្ចាប័ន។
ចៅក្រមទាំង៨រូប នៃតុលាការធម្មនុញ្ញអាល្លឺម៉ង់ បានសម្រេចយកពេលវេលាគ្រប់គ្រាន់សម្រាប់ពិនិត្យទៅលើសំណុំរឿងនេះ។ ពីរខែហើយដែលតុលាការធម្មនុញ្ញអាល្លឺម៉ង់បានពិនិត្យមើលពាក្យបណ្តឹងចំនួន៦ ដែលមានគោលបំណងខាឃាំងដល់ការផ្តល់សច្ចាប័នឲ្យ យន្តការអឺរ៉ុបដើម្បីស្ថិរភាព ហើយនិងកិច្ចព្រមព្រៀងថវិកា Mécanisme européen de stabilité (MES) et du pacte budgétaire។
គួរកត់សម្គាល់ថា ចាប់តាំងពីក្រុមកុម្មុយនិស្តអាល្លឺម៉ង់ថ្មី Die Linke រហូតដល់ក្រុមស្តាំនិយមជ្រុលអាល្លឺម៉ង់ ហើយនិងប្រជាជនអាល្លឺម៉ង់មួយចំនួនធំ ដោយហេតុថា មានប្រជាជនអាល្លឺម៉ង់ដល់ទៅ២/៣បារម្ភខ្លាចក្រែងប្រទេសអាល្លឺម៉ង់ត្រូវចំណាយប្រាក់ច្រើនពេកក្នុងការជួយស្តាររូបិយបណ្ណអឺរ៉ូ។ នេះបើយោងតាមការស្ទាបស្ទង់មតិ។
ប៉ុន្តែនៅព្រឹកថ្ងៃពុធទី១២កញ្ញាឆ្នាំ២០១២នេះ តុលាការធម្មនុញ្ញអាល្លឺម៉ង់បានសម្រេចបដិសេធច្រានចោលពាក្យបណ្តឹង ដែលមានគោលបំណងខាឃាំងដល់ការផ្តល់សច្ចាប័នឲ្យ យន្តការអឺរ៉ុបដើម្បីស្ថិរភាព ហើយនិងកិច្ចព្រមព្រៀងថវិកា Mécanisme européen de stabilité (MES) et du pacte budgétaire។
សេចក្តីវិនិច្ឆ័យរបស់ តុលាការធម្មនុញ្ញអាល្លឺម៉ង់នេះ មានសារៈសំខាន់ណាស់ក្នុងការជួយស្តារតំបន់ចាយប្រាក់អឺរ៉ូ ក៏ប៉ុន្តែជាសេចក្តីសម្រេចចិត្តដោយមានលក្ខខណ្ឌ។
លក្ខខណ្ឌដាក់ដោយតុលាការធម្មនុញ្ញអាល្លឺម៉ង់គឺ៖
- ក្នុងករណីដែលប្រទេសអាល្លឺម៉ង់ត្រូវធ្វើអន្តរាគមន៍ដោយចំណាយប្រាក់លើសពី១៩០ពាន់លានអឺរ៉ូ រដ្ឋាភិបាលអាល្លឺម៉ង់ត្រូវតែសុំការទទួលយល់ព្រមជាមុនសិនពីសំណាក់រដ្ឋសភាអាល្លឺម៉ង់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ