អានតួអត្ថបទ
ក្រិក

ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ក្រិក​កាន់​តែ​ធ្លាក់​ដុនដាប

ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ក្រិក​កាន់​តែ​ធ្លាក់​ដុនដាប
ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ក្រិក​កាន់​តែ​ធ្លាក់​ដុនដាប REUTERS/Yorgos Karahalis
១៤ នាទី

ប្រទេស​ក្រិក​កំពុង​បន្ត​ផុង​ខ្លួន​ទៅ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​នៅ​ក្នុង​ត្រីឆមាស​ទី២ ឆ្នំា ២០១២ ជាមួយ​នឹង​ការ​ធ្លាក់​ចុះ​នូវ​ផលិតផល​សរុប​ក្នុង​ស្រុក​ប្រមាណ​ជា ៦,២% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នំា ២០១១។ ឃើញ​ថា សេចក្តី​សង្ឃឹម​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ​នា​ពេល​ឆាប់ៗ​ខាង​មុខ​ហាក់​ដូច​ជា​នៅ​ឆ្ងាយ​នៅ​ឡើយ។ ទន្ទឹម​គ្នា​នេះ សហភាពអឺរ៉ុប​ដែល​ជា​ម្ចាស់ប្រាក់កម្ចី​នៅ​តែ​បន្ត​ដាក់​គំនាប​លើ​រដ្ឋាភិបាល​ក្រិក​ឲ្យ​បន្ត​អនុវត្ត​នយោបាយ​ត្បិតត្បៀត​ជា​បន្ត​ទៀត។

ផ្សាយពាណិជ្ជកម្ម

ជា​ថ្មី​ម្តង​ទៀត និង​អស់​រយៈ​ពេល ២​ត្រីមាស​បន្តបន្ទាប់​គ្នា​ដែល​ផលិតផល​សរុប​ក្នុង​ស្រុក​បាន​ធ្លាក់​ចុះ​ក្នុង​ឆ្នំា ២០១២​នេះ។ សម្រាប់​ត្រីមាស​ទី២ ផលិតផល​សរុប​ក្នុង​ស្រុក​បាន​ធ្លាក់​ចុះ​៦,២% ក្រោយ​ពី​បាន​ធ្លាក់​ចុះ​អស់ ៦,៥% នៅ​ក្នុង​ត្រីមាស​ទី១។ អស់​រយៈពេល ៥ឆ្នំា​មក​ហើយ​ដែល​ក្រិក​បាន​ស្គាល់​ស្ថានភាព​សេដ្ឋកិច្ច​ដុនដាប ហើយ​ផលិតផល​សរុប​ក្នុង​ស្រុក​ដែល​បាន​ធ្លាក់​ចុះ​ជិត ៧% កាល​ពី​ឆ្នំា ២០១១​នោះ នឹង​ត្រូវ​ធ្លាក់​ចុះ​បន្ថែម​ប្រមាណ​ជា ៤,៥% ទៀត​នៅ​ដំណាច់​ឆ្នំា ២០១២ នេះ។ នៅ​ពេល​នេះ គេ​ហាក់​ដូច​ជា​គ្មាន​ជំនឿ​ទៀត​ឡើយ ថា​ប្រទេស​ក្រិក​នឹង​អាច​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ជាថ្មី​នៅ​មុន​ឆ្នំា ២០១៤ នោះ។ ម្យ៉ាង​ទៀត ជាមួយ​នឹង​អត្រា​អ្នក​អត់​ការងារ​ធ្វើ​កើន​ជាង ២៣% នៃ​ប្រជាជនសកម្ម និង​វិធានការ​សន្សំសំចៃ​ថវិកា​របស់​រដ្ឋាភិបាល​នោះ ការ​ចាយវាយ​របស់​ប្រជាជន​ក្នុង​ស្រុក​អាច​នឹង​លែង​ជា​ក្បាលម៉ាស៊ីន​ជួយ​អូស​ទាញ​សេដ្ឋកិច្ច​ទៀត​ឡើយ។

ទន្ទឹម​គ្នា​នេះ និង​ក្នុង​ពេល​ដែល​ប្រទេស​ក្រិក​កំពុង​ត្រដរខ្យល់ ម្ចាស់​ប្រាក់​បំណុល​របស់​ក្រិក អង្គការ​មូលនិធិរូបិយវ្ថុ​អន្តរជាតិ សហភាព​អឺរ៉ុប និង​ធនាគារកណ្តាល​អឺរ៉ុប​នៅ​តែ​ទាមទារ​រដ្ឋាភិបាល​ក្រិក​ឲ្យ​បន្ត​កាត់​បន្ថយ​ការ​ចាយវាយ​ចំនួន ១ ១៥០លានអឺរ៉ុប​បន្ថែម​ទៀត​សម្រាប់​ចន្លោះ​ឆ្នំា ២០១៣ និង ២០១៤ ព្រោះ​ថា នេះ​ជា​លក្ខខណ្ឌ​តែ​មួយ​គត់​ដែល​នឹង​អនុញ្ញាត​ឲ្យ​ក្រិក​បន្ត​ទទួល​ជំនួយ។ ដូច្នេះ​ដើម្បី​អាច​គោរព​លក្ខខណ្ឌ​នេះ​បាន រដ្ឋាភិបាល​ក្រិក​ចំាបាច់​ត្រូវ​តែ​បញ្ចុះ​ប្រាក់ខែ​របស់​បុគ្គលិក​រដ្ឋការ និង​អ្នកចូលនិវត្តន៍។

យ៉ាង​ណា​ក៏​ដោយ ចាប់​ពី​ពេល​នេះ ទៅ​ទល់​នឹង​ដំណាច់​ខែ​សីហា លោក​នាយករដ្ឋមន្រ្តី​ក្រិក Antonis Samaras នឹង​ព្យាយាម​ជំនះ​សមាជិក​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ ពិសេស​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ Angela Merkel ដែល​លោក Samaras ត្រូវ​ជួប​នៅ​ថ្ងៃទី ២៤ សីហា​ខាង​មុខ ឲ្យ​ពន្យាល​ពេល​បន្ថែម​ទៀត​ដើម្បី​អនុញ្ញាត​ឲ្យ​ក្រិក​អាច​បញ្ចប់​​កំណែទម្រង់​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ឡើង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ