កម្ពុជា

តុលាការ​សាលា​ឧទ្ធរណ៍​ជំទាស់​នឹង​ការសម្រេច​លើកលែង​ លោក​ ឈូក ​បណ្ឌិត​

លោក​ឈូក បណ្ឌិត នៅ​សាលាឧទ្ធរណ៍ ថ្ងៃទី២៨ កុម្ភៈ ២០១៣
លោក​ឈូក បណ្ឌិត នៅ​សាលាឧទ្ធរណ៍ ថ្ងៃទី២៨ កុម្ភៈ ២០១៣ RFI/Channa Siv

នៅ​រសៀល​ថ្ងៃ​ទី​៤ មីនា​នេះ លោក​ចៅក្រម ឃុន លាង​ម៉េង ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​របស់​សភា​ស៊ើបសួរ នៅ​តុលាការ​សាលាឧទ្ធរណ៍ បាន​ប្រកាស​សម្រេច​ចោទ​ប្រកាន់​ឡើងវិញ លើ​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ក្នុង​អំពើ​បាញ់​ស្ត្រី​កម្មករឲ្យ​របួស​ធ្ងន់។ ចៅក្រម ក៏បាន​បង្វិល​សំណុំរឿង​ក្តី​នោះ ទៅ​កាន់​​តុលាការ​ខេត្ត​ស្វាយរៀង ឲ្យបើក​សវនាកា​​កាត់ទោស​លោក ឈូក បណ្ឌិត ផង​ដែរ។ ក៏ប៉ុន្តែ​អតីត​អភិបាល​ក្រុងបាវិត​ដែលស្និទ្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់ គណបក្ស​ប្រជាជន​កម្ពុជា មិនត្រូវ​បាន​ចៅក្រម​បង្គាប់​ឲ្យ​ចាប់​ឃុំ​ខ្លួន​ឡើយ។

ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេច​របស់​ចៅក្រម​តុលាការ​សាលា​ឧទ្ធរណ៍​យ៉ាង​ដូច្នេះ ត្រូវ​បាន​ប្រកាស​កាលពី​រសៀល​​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០១៣ ដោយ​​មិន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នកកាសែត និង​សកម្មជន​សិទ្ធិ​មនុស្ស​ចូល​ស្តាប់​ឡើយ។​ រីឯ​លោក ឈូក បណ្ឌិត និង​មេធាវី​មិន​បាន​បង្ហាញ​ខ្លួន​ក្នុង​បន្ទប់​សវនាការ​ទេ​។ គឺមាន​តែ​ស្ត្រី​រង​គ្រោះ​​ទាំង ៣​នាក់ មេធាវី​ពីរ​រូប​ការពារ​ជនរងគ្រោះ​ និង​ជំនួយការ​មេធាវី​របស់​លោក ឈូក បណ្ឌិត។​

មេធាវី​ការពារ​ស្ត្រីរងគ្រោះ​បានប្រាប់​អ្នក​កាសែត​ថា ​ សាល​ដីកាប្រកាស​ដោយ​អសាធារណៈ ហើយ​បិទ​ផ្លូវ​តវ៉ា​​​របស់​សភា​ស៊ើបសួរ​របស់​តុលាការ​សាលាឧទ្ធរណ៍ មាន​៥​ចំណុច រួម​មាន៖ 
បដិសេធ​​​ដីកា​ដំណោះស្រាយ​របស់​តុលាការ​សាលា​ដំបូង ខេត្ត​ស្វាយរៀង ដែល​លើក​លែង​​ការ​ចោទ​ប្រកាន់​លើ​លោក ឈូក បណ្ឌិត​ តុលាការ​សាលាឧទ្ធរណ៍​ធ្វើការ​ចោទប្រកាន់​លើ​លោក ឈូក បណ្ឌិត ពីបទ​"​បង្ក​របួស​ស្នាម​​ដោយ​អ​ចេតនា​" យោងតាម​មាត្រា​ ២៣៦​នៃ​ក្រម​ព្រហ្មទណ្ឌ និង​បញ្ជូន​សំណុំរឿង​នេះ និង​ជន​ត្រូវ​ចោទលោក ​ឈូក​ បណ្ឌិត ទៅ​តុលាការ​ខេត្ត​ស្វាយរៀង ដើម្បី​ជំនុំជម្រះ​ តាម​ផ្លូវ​ច្បាប់។

ការ​សម្រេច​របស់​ចៅក្រមតុលាការ​សាលាឧទ្ធរណ៍ ដែល​បាន​បង្វិល​សំណុំរឿង និង​ចោទ​ប្រកាន់​​លោក ឈូក បណ្ឌិត ហើយ​តម្រូវ​ឲ្យ​តុលាការខេត្តស្វាយរៀង​បើក​សវនាកា​​ លើ​រឿងក្តី​បាញ់​ស្ត្រី​កម្មករ​ឲ្យ​របួសធ្ងន់​ស្ទើរតែ​ស្លាប់​នោះ​ ត្រូវ​បាន​ស្ត្រី​រងគ្រោះ​ទាំង​បី​នាក់​បាន​បង្ហាញ​ការ​ពេញចិត្ត និង​ទទួលយក​ដោយ​ញញឹម​ញញែម។

កញ្ញា ប៊ុត ចិន្តា ដែល​រងរបួស​ធ្ងន់​ជាង​គេ ក្នុង​ចំណោម​ស្ត្រី​កម្មករ​ទាំង​បី​នាក់ បាន​ប្រាប់​ក្រុម​អ្នកកាសែត​ថា នាង​មាន​អារម្មណ៍​សប្បាយចិត្ត​និង​​ទទួលយកបាន​នូវ​ការសម្រេច​របស់​តុលាការ​​សាលា​ឧទ្ធរណ៍។ ចំណែក​លោក ជិន លីដា មេធាវី​ការពារ​ស្ត្រី​កម្មករ​រងគ្រោះ​ទាំង​បី​នាក់ បាន​ប្រាប់​អ្នកកាសែត​យ៉ាងដូច្នេះថា "ខ្ញុំ​គិតថា ការសម្រេច​នឹង គឺ​ផ្តល់​យុត្តិធម៌​ដល់​កូនក្តី​របស់​ខ្ញុំបាទ ដែល​ជា​ជនរងគ្រោះ​ទាំង​បី​នាក់​។ តែ​បើ​គិត​ទៅ​យុត្តិធម៌ វា​មិន​ទាន់​ពេញលេញ​ទេ គ្រាន់តែ​ថា យើង​នឹង​ព្យាយាម​ជាមួយ​នីតិវិធី​របស់​តុលាការ​ស្វាយរៀង​ទៀត ដើម្បី​ស្វែងរក​យុត្តិធម៌​ឲ្យ​គាត់ (ស្ត្រី​កម្មករ​កាត់ដេរ​រងគ្រោះ) ឲ្យ​បាន​ពេញលេញ​១០០​ភាគរយ​ទៅតាម​ផ្លូវច្បាប់ នៅ​ពេល​សវនាកា​នៅ​ថ្ងៃមុខ"។

មួយទៀត លោក​មេធាវី ជិន លីដា បាន​បន្ថែម​ថា "បើ​យើង​ពិនិត្យ​លើ​ទិដ្ឋភាព​ទូលាយ យើង​ឃើញ​ថា សាលដីកា​នេះ វា​ផ្តល់​យុត្តិធម៌​មួយ​ហើយ​ទៅ​ដល់​ជន​រងគ្រោះ មួយ​ទៀត​វា​ក៏​ជា​ការជំរុញ​ឲ្យមាន​ការ​អនុវត្តន៍​ច្បាប់ ការ​ការពារ​នូវ​ច្បាប់​ហើយ​និង​ប្រឆាំង​នឹងនិ​រទណ្ឌ​ភាព"។​

យ៉ាងណា​ក៏ដោយមេធាវី​ការពារ​ក្តី​របស់​ស្ត្រី​រងគ្រោះ​ចង់ឲ្យ​ចៅក្រម​តុលាការ​ខេត្ត​ស្វាយរៀង ប្តូរ​បទ​ចោទ​ប្រកាន់​លើ​លោក ឈូក បណ្ឌិត ពី​បទ​ល្មើស​មជ្ឈឹម ទៅ​ជា​បទឧក្រិដ្ឋ គឺ​បទ​ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​អ​ចេតនា ប្រព្រឹត្ត​ដោយ​អ្នក​រាជការ​សាធារណៈ​ ដែល​អាច​នឹង​សុំ​ឲ្យ​តុលាការ​ចាប់ឃុំ​ខ្លួន​លោក ឈូក បណ្ឌិត។

សូម​រមឹ្លកថា តុលាការ​សាលាឧទ្ធរណ៍ បាន​លើកយក​សំណុំរឿង​ក្តី​លោក ឈូក បណ្ឌិត បាញ់​ស្ត្រី​កម្មករ​ឲ្យ​រងរបួស​ធ្ងន់ មក​សួរ​ដេញដោល​រយៈពេល​ពីរ​ថ្ងៃ កាលពី​ថ្ងៃ​ទី​២៧ និង​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៣។​ ជាការស៊ើបសួរ បន្ទាប់ពី​តុលាការ​សាលាដំបូង​ខេត្ត​ស្វាយរៀង កាលពី​ខែ​ធ្នូ ឆ្នាំ​២០១២ បាន​សម្រេច​លើកលែង​ការ​ចោទប្រកាន់​លើ​លោក ឈូក បណ្ឌិត ថា​មិន​ពាក់ព័ន្ធ​នឹង​បទ​បង្ក​របួសស្នាម​ដោយ​អ​ចេតនា ដែល​ត្រូវ​តុលាការ​នោះ​បាន​ចោទប្រកាន់​ពី​មុន​ឡើយ។ ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​ស្វាយរៀង សំអាង​ថា ខ្លួន​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទប្រកាន់​លើ​លោក ឈូក បណ្ឌិត។

ក៏ប៉ុន្តែ​ក្នុង​សវនាកា​ ស្ត្រី​រងគ្រោះ​និង​សាក្សី​យ៉ាងតិច​ពីរ​នាក់ ដែលជា​ប៉ូលិស​នៅ​ក្រុងបាវិត បាន​បញ្ជាក់​ច្បាស់​ថា បាន​ឃើញ​លោក ឈូក បណ្ឌិត កាន់​កាំភ្លើង​បាញ់​ហើយ​ក្រោយ​មក​ស្ត្រី​រងគ្រោះ ត្រូវ​គ្រាប់​កាំភ្លើង​និង​ដួល​សន្លប់។

នៅ​រសៀល​ថ្ងៃចន្ទ​នេះ សកម្មជន​សិទ្ធិមនុស្ស​មួយ​ក្រុម បាន​ស្កាត់​ពី​ភ្នំពេញ​ទៅជួប​ប៉ូលិស និង​ក្រុមគ្រួសារ​ទាំងពីរ​នាក់​ ដល់​ផ្ទះ​នៅជាប់​ព្រំដែន​វៀតណាម។ ប៉ូលិស​ជា​សាក្សី និង​ក្រុមគ្រួសារ បានបង្ហាញ​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន បន្ទាប់ពី​ផ្តល់​ចម្លើយ​ពិត​នៅ​តុលាការ​សាលាឧទ្ធរណ៍ កាលពី​សប្តាហ៍​មុន​ថា លោក ឈូក បណ្ឌិត បាញ់ស្ត្រី​កម្មករ​ទាំង​បី​នាក់។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក អំ សំអាត សកម្មជន​សិទ្ធិ​មនុស្ស លីកាដូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI