ម៉ាឡេស៊ី

ប៉ូលិស​ម៉ាឡេស៊ី​ហាមឃាត់​បក្ស​ប្រឆាំង​មិនអោយ​បាតុកម្ម​

មេដឹកនាំ​បក្សប្រឆាំង​ Anwar Ibrahim កាលពី​ថ្ងៃ​១២​មករា នៅ​ពហុកីឡាដ្ឋាន​ Kuala Lumpur
មេដឹកនាំ​បក្សប្រឆាំង​ Anwar Ibrahim កាលពី​ថ្ងៃ​១២​មករា នៅ​ពហុកីឡាដ្ឋាន​ Kuala Lumpur SAEED KHAN / AFP

ប៉ូលិស​​ម៉ាឡេស៊ី​បាន​ហាម​ឃាត់​បក្ស​ប្រឆាំង​​របស់​​អតីត​ឧបនាយករដ្ឋមន្ត្រី​Anwar Ibrahim ​​​​ ​​​​ដែល​បាន​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត​សភា​​នៅ​ថ្ងៃ​អាទិត្យ​កន្លង​មក មិន​អោយ​​ធ្វើ​បាតុកម្ម​​​​នៅ​ក្នុង​ប្រទេស​ នៅ​​ល្ងាច​ថ្ងៃ​​ពុធ​នេះឡើយ។ ប៉ូលិស​បានលើកឡើង​​ថា បាតុកម្ម​នេះជា​បាតុកម្ម​មិន​ស្រប​ច្បាប់ ព្រោះបក្ស​ប្រឆាំង​មិន​បាន​​ជូនដំណឹង​ដល់​ប៉ូលិស​ ១០​ថ្ងៃ​ មុន​កាលកំណត់ អោយ​បាន​ស្រប​ទៅតាម​ច្បាប់​។​ ទោះ​យ៉ាងនេះក្តី សកម្ម​ជន​បក្ស​ប្រឆាំង​នៅ​តែ​គ្រោង​ជួបជុំគ្នា​នៅ​ល្ងាចថ្ងៃពុធ​នេះតាម​ការ​គ្រោងទុក ​​ហើយ​​​​ Anwar Ibrahim នឹង​ថ្លែង​បរិហារ​​អំពី​ភាព​មិន​ប្រក្រតី ​ក្នុង​ពេល​បោះឆ្នោត​​កន្លង​មក។

ផ្សាយពាណិជ្ជកម្ម

យោងតាម​ប៉ូលិស​ម៉ាឡេស៊ី បាតុកម្ម​ដែល​បក្ស​ប្រឆាំង​មាន​គំរោង​ធ្វើ​នៅ​​​ថ្ងៃ​ពុធ​នេះ គឺ​ជា​បាតុកម្ម​ខុសច្បាប់ទាំងស្រុង ព្រោះ​បក្ស​ប្រឆាំង​មិន​បាន​ជូនដំណឹង​អំពី​គំរោង​ជួបជុំ​គ្នា​នេះ អោយ​បាន​១០​ថ្ងៃ​មុនឡើយ។ ហើយ​ការ​ដង្ហែក្បួន​បាតុកម្ម​​ដើម្បី​បង្ក​​អោយ​ផ្ទុះ​កំហឹង​ក្នុង​ស្រុក គឺ​ជា​អំពើ​ដែល​ខុសច្បាប់​សុទ្ធសាធ។

ទោះ​ជា​មាន​​ការ​ហាមឃាត់​យ៉ាងនេះ​ក្តី បក្សប្រឆាំង​នៅ​តែ​គ្រោង​ជួបជុំគ្នា​ដូច​ការ​ព្រាងទុក នៅ​ល្ងាច​ថ្ងៃពុធ​នេះ នៅ​ពហុកីឡាដ្ឋាន​​មួយ​កន្លែង​ នៅ​​ក្បែរ​ក្រុង Kuala Lumpur។ យោងតាម​បក្ស​ប្រឆាំង​ លោក​ Anwar Ibrahim​ ដែល​ជា​មេដឹកនាំ​បក្ស​​នឹង​ឡើង​ពន្យល់​សកម្មជន​របស់​ខ្លួន អោយបាន​ដឹង​​អំពី​ភាព​មិន​ប្រក្រតី​​ដែល​បាន​កើតឡើង​​ក្នុង​ការ​បោះឆ្នោត​សភា​កន្លងមក។ គួររំលឹកឡើងវិញ​ថា បក្ស​​ប្រឆាំង​ដែល​មាន​ឈ្មោះថា Pakatan Rayak បាន​ទទួល​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត​សភា ដោយ​ទទួល​បាន​អាសនៈ ​៨៩ អាសនៈ​ ហើយ​គណបក្ស​កាន់អំណាច​របស់​នាយករដ្ឋមន្ត្រី Najib Razak ទទួលបាន​អាសនៈ​ចំនួន​ ១៣៣ ក្នុង​ចំណោមអាសនៈ​សរុប​នៅ​សភា​ចំនួន​ ២២២។

បក្ស​ប្រឆាំង​មិន​ទទួលស្គាល់​លទ្ធផល​នៃ​​ការបោះ​ឆ្នោតឡើយ។ ដូច្នេះ បក្ស​ប្រឆាំង​ត្រូវ​តែ​បញ្ចេញ​សកម្មភាព​​​ខ្លាំងក្លា ដើម្បី​លើកតំកើង​​អោយ​មាន​កំណែ​ទម្រង់​​ក្នុង​ការ​បោះឆ្នោត​​ ក្នុង​ប្រទេស។ បក្ស​ប្រឆាំង​ក៏​បានប្រាប់​ផងដែរ​ថា នឹង​បង្ហាញ​​​ភស្តុតាង​បញ្ជាក់​ថា​ ការបោះឆ្នោត​សភា​កាលពី​ថ្ងៃ​អាទិត្យ ​មាន​ភាព​មិន​ប្រក្រតី។

នៅ​ថ្ងៃពុធ​នេះ​ដែរ អង្គការ​ឯករាជ្យ​ចំនួន​ពីរ​​បាន​​ចេញ​ផ្សាយនូវ​​របាយការណ៍​​​មួយ​​ចែង​ថា ការបោះឆ្នោត​​សភា​មាន​ភាព​លំអៀង និង​មិន​ប្រក្រតី។ ហើយ​ប្រព័ន្ធ​នៃ​ការបោះឆ្នោត​ទៀតសោត​ នៅ​មាន​គុណវិបត្ត​ច្រើន។ ទន្ទឹម​នេះ​ដែរ​ យោងតាម​របាយការណ៍​របស់​វិទ្យស្ថាន​​ដើម្បី​ប្រជាធិបតេយ្យ​និង​កិច្ចការ​​សេដ្ឋកិច្ច និង​​មជ្ឈមណ្ឌល​នយោបាយ​​​មួយ​នៅ​ម៉ាឡេស៊ី ការបោះ​ឆ្នោត​​កាលពី​ថ្ងៃ​អាទិត្យ​គ្មាន​ភាព​យុត្តិធម៌​នោះទេ។ របាយការណ៍​នេះ​​បាន​លើកឡើង​ថា ទឹកខ្មៅ​​ដែល​ប្រើ​សម្គាល់​ម្រាមដៃ​​ងាយ​នឹង​រលុប​បាត់ ​អាច​អោយ​​មនុស្សម្នាក់​បោះឆ្នោត​បាន​ច្រើនដង។ ​ ​​​​

ដោយឡែក បន្ទាប់​ពី​មាន​លទ្ធផល​​​ប្រកាស​​ជោគជ័យ​របស់​បក្ស​កាន់អំណាច នៅ​ថ្ងៃ​ចន្ទ​​​ដើម​សប្តាហ៍​ នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak អាយុ​៥៩​ឆ្នាំ​​ បាន​ឡើង​កាន់តំណែង​ជា​ផ្លូវការ​ ដើម្បី​បន្ត​​អណត្តិ​របស់​លោក​តទៅទៀត។ គណបក្ស​កាន់អំណាច​​បាន​ដឹកនាំ​​ប្រទេស​អស់​រយៈ​ពេល​ជាង​៥៦​ឆ្នាំ​មកហើយ។ តែ​ក្នុង​រយៈ​ពេល​២៥​ឆ្នាំ​ប៉ុណ្ណោះ នៅ​ទ្វីប​អាស៊ី គណបក្ស​កាន់អំណាច​បាន​លើកស្ទួយ​​សេដ្ឋកិច្ច​​​ម៉ាឡេស៊ី ធ្វើ​អោយ​ប្រទេស​នេះ​​​ប្តូរ​​​ឈ្មោះ​​ពី​ប្រទេស​កំពុង​​អភិវឌ្ឈន៍​​​ មក​ជា​ប្រទេស​អភិវឌ្ឈន៍​​មួយ​ដ៏​គួរអោយ​កត់សម្គាល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI