អានតួអត្ថបទ
ចិន-អាស៊ី

ការស្រុតចុះ​​នៃកំណើន​​សេដ្ឋកិច្ច​​ចិន​​គឺជា​​ការ​គំរាម​​ដល់​​កំណើន​​សេដ្ឋកិច្ច​​នៅ​​អាស៊ី​​

ប្រមុខដឹកនាំ​នៃ​ក្រុម​ប្រទេស​អាស៊ី-ប៉ាស៊ីហ្វិក​  Apec​ នៅ​ទីក្រុង​ហូណូលូលូ(ស.រ.អា)
ប្រមុខដឹកនាំ​នៃ​ក្រុម​ប្រទេស​អាស៊ី-ប៉ាស៊ីហ្វិក​ Apec​ នៅ​ទីក្រុង​ហូណូលូលូ(ស.រ.អា) REUTERS/Jason Reed
ដោយ៖ សៀក សារិន
1 នាទី

ការធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ចិន​គឺជា​កត្តា​គំរាម​មួយ​ដ៏​ធ្ងន់ធ្ងរ​ដល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​នៅ​ទ្វីប​អាស៊ី។​ នេះ​ជាការ​គូស​បញ្ជាក់​នៅ​ថ្ងៃពុធ​នេះ​ដោយ​ការអង្កេត​ដែលបាន​ស៊ើបសួរ​ប្រមុខ​ដឹកនាំ​និង​ឥស្សរជន​សំខាន់ៗ​នៅក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក។

ផ្សាយពាណិជ្ជកម្ម

 

បើយោងតាម​ការអង្កេត​របស់​ក្រុមប្រឹក្សា​នៃ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នៅ​តំបន់​ប៉ាស៊ីហ្វិក​ ​ Conseil de coopération économique du Pacifique (PECC)​ ​ ៥៦%​នៃ​ជន​ដែល​គេ​ស៊ើបសួរ​អង្កេត​បាន​ថ្លែងថា​ ​ “គេត្រូវ​ប្រុងប្រៀប​រៀបចំ​ខ្លួន​សម្រាប់​ទប់ទល់​នឹង​ស្ថានភាព​នៃ​សេដ្ឋកិច្ច​ចិន​ដែល​អាច​ស្គាល់​ការ​ធ្លាក់​ស្រុតចុះ​ ​ នារយៈកាល​១២ខែ​ខាងមុខនេះ”​ ​ ទល់នឹង​៣៦%​ដែល​មាន​ការ​វិនិច្ឆ័យ​បែបនេះ​កាលពី​ឆ្នាំទៅ។

ការស៊ើប​អង្កេត​នេះ​បាន​សាកសួរ​ក្នុងចំណោម​អ្នកដឹកនាំ​ប្រមាណ​៥០០នាក់​ក្នុង​តំបន់​ ​ ដែលចេញ​ពី​មជ្ឈដ្ឋាន​កិច្ចការ​ពាណិជ្ជកម្ម​ ​ មជ្ឈដ្ឋាន​សភា​បណ្ឌិត​ ​ ឬ​អ្នកទទួល​ខុសត្រូវ​រដ្ឋាភិបាល។​ គេបាន​ចេញ​ផ្សាយ​ការស៊ើប​អង្កេត​ទាំងនេះ​ នៅខណៈពេល​ដែល​ជំនួប​កំពូល​ហ្វ័ររូម​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក​ Apec ​ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ចុង​សប្តាហ៍​នេះ​នៅ​ទីក្រុង​ Vladivostok ​នៃ​ប្រទេស​រុស្ស៊ី។

លទ្ធផល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​តួនាទី​កាន់តែ​សំខាន់ឡើងៗ​នៃ​ប្រទេសចិន​ ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទីពីរ​ពិភពលោក​ហើយដែល​ជា​ក្បាល​ម៉ាស៊ីន​ជួយ​អូសទាញ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​មាន​សន្ទុះ​កើនទៅមុខ។​ នេះ​ជាការ​គូស​បញ្ជាក់​របស់លោក​ Donald Campbell ​សហប្រធាន​នៃ​ក្រុមប្រឹក្សា​នៃ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នៅ​តំបន់​ប៉ាស៊ីហ្វិក​ ​ Conseil de coopération économique du Pacifique (PECC)។

គួរកត់​សម្គាល់ថា​ ​ កាលពី​ដប់ឆ្នាំមុន​ ​ តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​តំណាង​តែ​២០%​នៃ​ផលិតផល​សេដ្ឋកិច្ច។​ ឥឡូវនេះ​តំណាង​ដល់ទៅ​៣៥%​ ​ ដូច្នេះ​ តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​គឺជា​តំបន់​ដែលមាន​សន្ទុះ​និង​មាន​ថាមពល​ជាងគេ​ ​ ហើយក៏​ដោយសារ​តែ​មាន​ប្រទេស​ចិន​ជាអ្នក​ជួយ​អូសទាញ។

សូម​បញ្ជាក់ថា​ ​ ប្រទេសចិន​ធ្លាប់បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​សមត្ថភាព​របស់​ខ្លួន​រួចហើយ​ ​ ក្នុងការ​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​អឺរ៉ុប​ ​ ហើយនិង​វិបត្តិ​សេដ្ឋកិច្ច​នៅ​សហរដ្ឋ​អាមេរិក​ ​ ប៉ុន្តែ​នារយៈពេល​ចុងក្រោយនេះ​​ ​ សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ចុះ​ទន់​ខ្សោយ​របស់​ខ្លួន។

បើយោងតាម​ការចេញផ្សាយ​ឲ្យដឹង​ដោយ​ធនាគារ​ HSBC ​ ​ នៅខែ​សីហា​កន្លងទៅ​ ​ សកម្មភាព​កម្មន្តសាល​ចិន​បាន​ធ្លាក់ចុះ​ដល់​កម្រិត​មួយ​ដ៏​ទាប​ពុំដែល​កើតមាន​ ចាប់តាំង​ពី​ខែមីនា​ឆ្នាំ២០០៩​មក​ ​ ហើយ​ផលិតផល​ដុល​សរុប​របស់​ប្រទេសចិន​បាន​កើនឡើងតែ​៧.៦%​ប៉ុណ្ណោះ​ ​ ដែលជា​សមិទ្ធិផល​មួយ​ដ៏​អន់ថយ​បំផុត​សម្រាប់​រយៈកាល​បីឆ្នាំ​ចុងក្រោយនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ