អានតួអត្ថបទ
ចិន-ជប៉ុន-FMI

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ដាស់​ចិនពី​ជម្លោះ​ដែនដី ​ឱ្យ​​​មក​គិតគូរ​ពី​កំណើន​សេដ្ឋកិច្ច

លោកស្រី​អគ្គនាយិកា​​​អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ Christine Lagarde
លោកស្រី​អគ្គនាយិកា​​​អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ Christine Lagarde REUTERS/Jonathan Ernst
ដោយ៖ អៀង សុខម៉ិញ
1 នាទី

ជម្លោះ​ដែនដី​ចិន​និងជប៉ុន​មិន​បាន​ធូរ​ស្បើយ​ទេ ! នៅ​ថ្ងៃពុធ​នេះ នាវា​រដ្ឋាភិបាល​ចិន​បី​គ្រឿង​បាន​ធ្វើ​ដំណើរ​ជា​ថ្មី​ទៀត ទៅកាន់​ដែន​ទឹក​ត្រង់​ម្តុំ​ប្រជុំ​កោះ​មាន​ជម្លោះ​ សេនកាគូ ឬ​ទាវយូ។ ជម្លោះ​ដែន​ដី​ ដែល​ទំនង​ជាបុព្វហេតុ​នាំ​ឱ្យ ធនាគារ​ធំៗ​របស់​ចិន​ ប្រកាស​ធ្វើ​ពហិការ​មិន​ទៅ​ចូល​រួមជំនួប​ប្រជុំ​ប្រចាំ​ឆ្នាំ​ អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (FMI) និង​ធនាគារពិភពលោក​ នៅ​ទីក្រុង​តូក្យូ សប្តាហ៍​ក្រោយ។ ​ ក្នុង​បរិបទ​បែប​នេះ អគ្គនាយិកា​ លោកស្រី​ Christine Lagarde អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​ បាន​អំពាវ​នាវ​ឱ្យ​ចិន​ជប៉ុន គិត​គូរ​អំពី​បញ្ហា​កំណើន​សេដ្ឋកិច្ច​ ជា​ជាង​បន្ត​ឈ្លោះ​គ្នា​ដណ្តើម​ទឹកដី។ ម្យ៉ាង​ទៀត​សេចក្តីក្រើន​រំលឹក​​​នេះ​​ ធ្វើ​ឡើង​បន្ទាប់​ពី​ ធនាគារ​អភិវឌ្ឍន៍​អាស៊ីបាន​ចេញ​ផ្សាយ​របាយការណ៍​ព្យាករ​កំណើន​សេដ្ឋកិច្ច​អាស៊ី​បន្ថយ​ល្បឿន​ខ្លាំង។

ផ្សាយពាណិជ្ជកម្ម

 

លោកស្រី​អគ្គ​នាយិកា​អង្គការមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​អំពាវនាវ​ឱ្យ​ ចិន​និង​ជប៉ុន​រក្សាភាព​ស្ងប់​ស្ងាត់​ក្នុង​ជម្លោះ​ទឹកដី ហើយងាក​មក​ផ្ចង់​គំនិត​សហការ​ផ្នែក​សេដ្ឋកិច្ច​វិញ​ព្រោះ បើ​តាម​ការ​ព្យាករណ៍​ចុង​ក្រោយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ីចេញ​ផ្សាយ​នៅ​ថ្ងៃពុធ​នេះ ​ ​​កំណើន​សេដ្ឋកិច្ច​អាស៊ី​ធ្លាក់​ចុះគួរ​ឱ្យ​កត់​សម្គាល់​ ជាង​ការ​គុណ​គិត​ទៅ​ទៀត។​ ចិន​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ​តែ​៧,៧% (បើ​ប្រៀបទៅ​នឹង​ឆ្នាំ​មុន​៩,៣%) ឥណ្ឌា​នៅ​ទ្រឹង​ត្រឹម​៥,៦%។

ចប់​ហើយ​សករាជ​នៃ​កំណើន​សេដ្ឋកិច្ច​ពីរ​ខ្ទង់​ នៅ​អាស៊ី ! ដូច្នេះ​ចិន​និង​ជប៉ុន ដែល​មាន​សេដ្ឋកិច្ច​ចំបង​ទាំងពីរ​នាក់ មិន​អាច​រើសអើង​គ្នាព្រោះ​បញ្ហា​ទឹកដី​មួយ​ដុំតូច​នេះ​ឡើយ។ ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​បច្ចុប្បន្ន ត្រូវ​ការ​ជា​ចាំ​បាច់​​ការ​រួមសហការ​គ្នា​ យ៉ាង​ពេញទំហឹង​ និង​ការ​រួម​រស់​ដោយ​សន្តិភាព​ រវាង​​​ចិន​និង​ជប៉ុន ​មហា​អំណាច​សេដ្ឋកិច្ចពិភពលោក​​ទីពីរ​ និងទីបី​។ នេះ​ជា​ពន្យល់​បន្ថែម​របស់​លោក​ស្រី Lagarde ដែល​នឹង​អញ្ជើញ​ទៅ​កាន់​ទីក្រុង​តូក្យូ​ នៅ​សប្តាហ៍​ក្រោយ នា​ឱកាស​ជំនួប​ប្រចាំ​ឆ្នាំ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារ​ពិភពលោក។

កម្មវត្ថុ​នៃ​ជំនួប​ប្រចាំ​ឆ្នាំ គឺ​កំណត់​ឱ្យ​ប្រទេស​ជា​សមាជិក​ចូល​រួម​ប្រជុំ​ទាំង​អស់​ចាប់​ដៃ​គ្នា​ បញ្ចេញ​សកម្មភាព​ យក​ឈ្នះ​លើ​វិបត្តិ​សេដ្ឋកិច្ច​ និង​ផ្តល់សន្ទុះ​ដល់​កំណើន​សេដ្ឋកិច្ច។ ប៉ុន្តែ ជំនួប​កំពូល​ដែល​ប្រមូល​ផ្តុំ​ជា​រៀង​រាល់​ឆ្នាំ​អ្នក​ទទួល​ខុស​ត្រូវ​ហិរញ្ញវត្ថុ​ សេដ្ឋកិច្ច និង​ធនាគារ​ពិភពលោក​ មិន​ទាន់​បើក​ទ្វារ​ផង ធនាគារ​ធំៗ​របស់ចិន​ជា​ច្រើន​បាន​ប្រកាស​ធ្វើ​ពហិការ​មិនចូល​រួមប្រជុំ​ ទាំង​ក្នុង​និង​ក្រៅ​ក្របខ័ណ្ឌ​​ជំនួប​កំពូល​ប្រចាំ​ឆ្នាំ។ អវត្តមាន​របស់​ធនាគារ​ចិន ដ៏​គួរ​សោកស្តាយ ដែល​ខ្លះ​ប៉ះពាល់​ទាំង​ស្រុង ខ្លះ​មួយ​ភាគ​ដល់​កិច្ច​ប្រជុំ​នោះ មិនត្រូវបាន​បញ្ជាក់​មូលហេតុ​ពី​ខាង​ភាគ​ចិន​ទេ ​ប៉ុន្តែ​វា​ច្បាស់​ណាស់​គឺ​បណ្តាល​មក​ពី​ជម្លោះ​ដណ្តើម​ប្រជុំ​កោះ​សេនកាគូ ឬ​ទាវយូ។ នេះ​បើ​តាម​ការ​អះអាង​របស់​បុគ្គលិក​ធនាគារ​កសិកម្ម​ចិន​ប្រចាំ​ក្រុង​តូក្យូ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ