អ.ស.ប.-ស៊ីរី​

អន្តរការី​អន្តរជាតិ​ទទួល​បន្ទុក​ដោះស្រាយ​វិបត្តិ​ស៊ីរី​ឡើង​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ

លោក ឡាក់ដារ ប្រាហ៊ិមី (Lakdhar Brahimi) ត្រូវ​បង្ហាញ​របាយការណ៍​ដំបូង​របស់​លោក​ ស្តី​អំពី​វិបត្តិ​នៅ​ស៊ីរី នា​​ថ្ងៃ​ចន្ទ​ទី ២៤ កញ្ញា ២០១២​នេះ ទៅ​កាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ មុន​ការ​បើក​មហា​សន្និបាត​​មួយ​ថ្ងៃ។ សំណុំ​រឿង​ស៊ីរី នឹង​ក្លាយ​ជា​ប្រធានបទ​គោល​នៃ​ជំនួប​ការទូត​របស់​ប្រមុខ​រដ្ឋ​លើ​លោក ប៉ុន្តែ​សេចក្តី​សង្ឃឹម​រក​ច្រ​ក​ចេញ​ មាន​ស្តួច​ស្តើង​ណាស់។

លោក Lakdhar Brahimi អន្តរការី​អន្តរជាតិ​ទទួល​បន្ទុក​កិច្ចការស៊ីរី
លោក Lakdhar Brahimi អន្តរការី​អន្តរជាតិ​ទទួល​បន្ទុក​កិច្ចការស៊ីរី DR
ផ្សាយពាណិជ្ជកម្ម

 

វិបត្តិ​ស៊ីរី នឹង​ត្រូវ​លើក​យក​និយាយ​គ្រប់​ម៉ាត់​ ក្នុង​អំឡុង​ពេល​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ប៉ុន្តែ​គ្មាន​គំនិត​ផ្តួច​ផ្តើម​ណា​មួយ​ដែល​គួរ​ឱ្យ​រង់​ចាំ​ឡើយ។ ពេល​ត្រឡប់​ទៅ​កាន់​ក្រុង​ដាម៉ាស អន្តរការី​ពិសេស​របស់​អង្គការ​សហប្រជាជាតិ និង​សម្ព័ន្ធ​អារ៉ាប​ទទួល​បន្ទុក​ដោះស្រាយ​វិបត្តិ​ស៊ីរី បាន​សម្គាល់​ឃើញ​ថា​ស្ថានការណ៍​ក្នុង​ប្រទេស​ ធ្លាក់​ដុន​ដាប​ជា​រៀង​រាល់​ថ្ងៃ តែ​បានសារភាព​ថា​លោក​គ្មាន​អានុភាព​​ទេ។

ក្រុម​ប្រឹក្សាសន្តិសុខ​រង់​ចាំ​លោក ឡាដារ ប្រាហ៊ិមី បង្ហាញ​ច្រក​យុទ្ធសាស្ត្រ​ ប៉ុន្តែ​អន្តរការី​ជាតិ​អាល់ហ្សេរី​រូប​នេះ បាន​និយាយ​គ្មាន​ដំណោះស្រាយ​អភិនិហារ​ឡើយ។ លោក​បាន​បោះបង់​ចោល​គំនិត​ ចង់​ឱ្យ​​មាន​ការ​ឈប់​បាញ់ ហើយ​ងាក​ទៅ​ពង្រឹង​ការ​ខិត​ខំ​ប្រឹង​​ប្រែង​រក​ជំនួយ​ពី​ប្រទេស​ជិតខាង​ស៊ីរី មាន​ជាអាទិ៍ ប្រទេស​អេហ្ស៊ីប អ៊ីរ៉ង់ អារ៉ាប៊ី សាអ៊ូឌីត តួកគី ដើម្បី​ដាក់​ឱ្យ​ដំណើរ​ការ​បាន​ការចរចា​នយោបាយ។

ពេញ​មួយ​សប្តាហ៍​នេះ ប្រមុខ​រដ្ឋ​ និង​រដ្ឋាភិបាល​នឹង​រំលឹក​ឡើង​វិញ​អំពី​តំបន់​ហោះហើរ​ហាម​ឃាត់ ឬ ពី​ជំនួយ​មនុស្ស​ធម៌ ប៉ុន្តែ​អ្នកការ​ទូត​ទាំងឡាយ​យល់​ថា​ជោគវាសនា​របស់​ស៊ីរី ត្រូវ​សម្រេច​នៅ​ស៊ីរី ដោយ​អាវុធ និង​មិន​មែន​ពី​បន្ទប់​ប្រជុំ​អង្គការ​សហប្រជាជាតិ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI