Lakhdar Brahimi ទទួលបរាជ័យនៅក្នុងបេសកកម្មលើកទី១នៅស៊ីរី
លោក Lakhdar Brahimi បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ និងសម្ព័ន្ធអារ៉ាប់បានចាកចេញពីប្រទេសស៊ីរីនៅថ្ងៃអាទិត្យ ទី១៦ កញ្ញាម្សិលមិញ។ នៅក្នុងបេសកកម្មលើកទី១នៅស៊ីរី លោក Brahimi បានជួបសន្ទនាជាមួយលោកប្រធានាធិបតីស៊ីរីបាស្ហារ អាល-អាសាដ និងក្រុមតំណាងអ្នកប្រឆំាង។
ចុះផ្សាយនៅថ្ងៃ៖
ក៏ដូចជាលោក Koffi Annan អតីតបេសកជនពិសេសរបស់អង្គការសហប្រជាជាតិ និងសម្ព័ន្ធអារ៉ាប់ដែរ លោក Lakhdar Brahimi បានទៅស៊ីរីដើម្បីព្យាយាមនិយាយសម្រុះសម្រួលភាគីជម្លោះទំាងពីរនៅស៊ីរី។ ប៉ុន្តែអ្វីជាការកត់សម្គាល់ បេសកកម្មលើកទី១របស់លោក Lakhdar Brahimi បានបញ្ចប់ទៅ ដោយទទួលបរាជ័យ។ ទំាងខាងរដ្ឋាភិបាល និងទំាងក្រុមអ្នកប្រឆំាង គ្មានភាគីណាមួយបានត្រៀមខ្លួនដើម្បីចរចាទេ។
លោកប្រធានាធិបតីស៊ីរី បាស្ហារ អាល-អាសាដបានសន្យាគំាទ្រកិច្ចខិតខំប្រឹងប្រែងរបស់ លោក Lakhdar Brahimi។ ប៉ុន្តែលោក បាស្ហារ អាល-អាសាដ បានបន្ថែមភ្លាមៗថា ជាដំបូង គេត្រូវតែដាក់គំនាបលើក្រុមប្រទេសដែលបាននិងកំពុងផ្តល់លុយកាក់ និងគ្រឿងសព្វាវុធឲ្យក្រុម ដែលលោក បាស្ហារ អាល-អាសាដ បានចាត់ទុកជាពួកភេរវជន។ ចំណែកខាងពួកអ្នកប្រឆំាងវិញ ក្រុមប្រមុខឧទ្ទាមដែលលោក Lakhdar Brahimi បានជួបសន្ទនាតាមប្រព័ន្ធ Skype បានវាយតម្លៃរួចជាស្រេចថា បេសកកម្មរបស់លោក Lakhdar Brahimi បានទទួលបរាជ័យ និងថា មានតែការប្រើកម្លំាងបាយទេ ទើបគេអាចផ្តួលរលំរបបរបស់លោក បាស្ហារ អាល-អាសាដបាន។
យ៉ាងណាក៏ដោយ លោក Lakhdar Brahimi បានទទួលស្គាល់ខ្លួនឯងថា លោកគ្មានផែនការច្បាស់លាស់អ្វីដើម្បីបញ្ចប់វិបត្តិនៅស៊ីរីទេ។ លោក Lakhdar Brahimi ត្រូវធ្វើដំណើរទៅកាន់ទីក្រុងញូយ៉ក ដើម្បីបន្តកិច្ចសន្ទនាជាមួយក្រុមប្រទេសដែលជាប់ពាក់ព័ន្ធនៅក្នុងជម្លោះស៊ីរី ក្នុងនោះ មានអ៊ីរ៉់ និងក្រុមប្រទេសនៅក្នុងតំបន់ឈូងសមុទ្រពែក។ ក្រុមអ្នកការទូតខ្លះបានលើកឡើងពីលទ្ធភាពបង្កើតឲ្យមានកតិកាសញ្ញាជាតិមួយ និងការបែងចែកអំណាចរវាងក្រុមជនជាតិភាគតិច ដោយយកគំរូតាមប្រទេសលីបង់។
ដោយឡែកនៅថ្ងៃច័ន្ទ ទី១៧ កញ្ញានេះ ក្រុមទំនាក់ទំនងចតុភាគីសម្រាប់ប្រទេសស៊ីរី មានអ៊ីរ៉ង់ តួកគី អេហ្ស៊ីប និងប្រទេស Arabie Saoudite បានរួមប្រជុំគ្នាថ្នាក់រដ្ឋមន្រ្តីការបរទេសជាលើកទី១ នៅក្នុងទីក្រុង Caire ប្រទេសអេហ្ស៊ីប។ ក្រុមទំនាក់ទំនងដែលមានប្រទេសទំាង៤ ជាមហាអំណាចក្នុងតំបន់បានបង្កើតឡើងកាលពីខែសីហា ក្រោមគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីអេហ្ស៊ីប Morsi។ លោកប្រមុខការទូតអ៊ីរ៉ង់បានបញ្ជាក់ថា ការដែលប្រទេសសំខាន់ទំាង៤ក្នុងតំបន់បានផ្តើមជជែកគ្នាពីសំណុំរឿងស៊ីរីនេះ គឺជាជំហានវិជ្ជមានមួយ និងដែលគេសង្ឃឹមថា លទ្ធផលនៃកិច្ចប្រជុំនេះនឹងឆ្លើយតបចំពោះផលប្រយោជន៍របស់ប្រជាជនទំាងអស់នៅក្នុងតំបន់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ