កម្ពុជាស្ថិតនៅលេខរៀង ១៤៣ ក្នុងចំណោម ១៧៩ ប្រទេស ផ្នែកសេរីភាពសារព័ត៌មាន
ចុះផ្សាយនៅថ្ងៃ៖
របាយកាណ៍ប្រចាំឆ្នាំ២០១៣ ស្តីពីសេរីភាពសារព័ត៌មាន របស់អង្គការអ្នកកាសែតគ្មានព្រំដែន Reporters Without Border ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានចាត់ថ្នាក់ប្រទេសកម្ពុជា នៅលេខរៀងទី ១៤៣ ក្នុងចំណោម ១៧៩ ប្រទេស។ ចំណាត់ថ្នាក់នេះបង្ហាញថា សេរីភាពសារព័ត៌មានរបស់ប្រទេសកម្ពុជា បានធ្លាក់ចុះ២៦លេខ បើធៀបនឹងឆ្នាំ២០១២ ដែលកម្ពុជា ឈរនៅលេខរៀងទី១១៧។
របាយការណ៍ប្រចាំឆ្នាំ២០១៣ របស់អង្គការអ្នកកាសែតគ្មានព្រំដែន បង្ហាញថាកម្ពុជាស្ថិតនៅលំដាប់លេខរៀងទី១៤៣ ក្នុងចំណោម១៧៩ប្រទេស ផ្នែកខាងសេរីភាពសារព័ត៌មាន។ កម្ពុជា បានកើនលេខរៀង២៦ ដោយកាលពីឆ្នាំ២០១២ អង្គការអ្នកកាសែតគ្មានព្រំដែន បានវាយតម្លៃថាកម្ពុជាស្ថិតនៅលេខ ១១៧។
ការវាយតម្លៃរបស់អង្គការអ្នកកាសែតគ្មានព្រំដែន បានដាក់ពិន្ទុចាប់ពីលេខសូន្យ ដល់ ១០០។ មានន័យថា បើប្រទេសណាទទួលបានលេខតិច គឺជាប្រទេសដែលមានសេរីភាពសារព័ត៌មានល្អប្រសើរ។
យ៉ាងណាក៏ដោយ ក្នុងចំណាត់ថ្នាក់របស់អ្នកកាសែតគ្មានព្រំដែន បើប្រៀបធៀបនឹងបណ្តាប្រទេសក្នុងតំបន់ កម្ពុជាមានចំណាត់ថ្នាក់ខាងសេរីភាពសារព័ត៌មាន នៅឆ្នាំ២០១៣ ដែលស្ថិតនៅលេខរៀង ១៤៣ គឺនៅក្រោម អន់ជាងប្រទេសថៃដែលស្ថិតនៅលេខរៀង ១៣៥ និងឥណ្ឌូនេស៊ី ដែលស្ថិតនៅលេខ ១៣៩។ ក៏ប៉ុន្តែកម្ពុជា មានចំណាត់ថ្នាក់សេរីភាពសារព័ត៌មាន ល្អជាងប្រទេសម៉ាឡេស៊ី ដែលស្ថិតនៅលេខរៀង ១៤៥, ហ្វីលីពីន ១៤៧, សឹង្ហបុរី ១៤៩, ភូមា ១៥១, វៀតណាម ១៧២, និងប្រទេសចិន នៅលេខរៀង ១៧៣។
ដោយឡែក ក្នុងចំណោម១៧៩ ប្រទេស ដែលអង្គការអ្នកកាសែតគ្មានព្រំដែនបានវាយតម្លៃលើសេរីភាពសារព័ត៌មាន នៅឆ្នាំ២០១៣ ដែលល្អប្រសើរបំផុត នៅតែបានទៅលើប្រទេសនៅសហភាពអឺរ៉ុប ដូចឆ្នាំមុន។ នោះគឺហ្វាំងឡង់ លំដាប់លេខ១ ប្រទេសហូឡង់ នៅលេខ២ និងលេខ៣ បានទៅលើប្រទេស ន័រវេស។ រីឯប្រទេស ដែលស្ថិតនៅលំដាប់លេខរៀងចុងក្រោយគេ ក្នុងតារាងរបស់អ្នកកាសែតគ្មានព្រំដែន គឺប្រទេស Eritrea នៅលេខ១៧៩ ប្រទេស កូរ៉េខាងជើង ១៧៨ និងប្រទេស Turkmenistan នៅលេខរៀង ១៧៧។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាល បានចាត់ទុកការចាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់អង្គការអ្នកកាសែតគ្មានព្រំដែន មកលើប្រទេសកម្ពុជាថា ជាការមិនយល់ពីស្ថានភាពពិតរបស់អ្នកកាសែតកម្ពុជា។ នោះគឺអ្នកខ្លះមិនមែនជាអ្នកកាសែតទេ តែត្រូវតុលាការចាប់កាត់ទោសដូចករណី លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ ដែលលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ លើកឡើងថា លោក ម៉ម សូណង់ដូ ត្រូវតុលាការកាត់ទោស ក្នុងរឿងបង្កើតតំបន់អបគមន៍ មិនមែនក្នុងនាមលោកជាអ្នកកាសែតទេ។
យ៉ាងណាក៏ដោយ លោក ខៀវ កាញារីទ្ធ មានមោទនភាពថា សេរីភាពសារព័ត៌មាននៅកម្ពុជា គ្រាន់បើជាងគេ នៅក្នុងបណ្តាប្រទេសអាស៊ាន។ សេរីភាពសារព័ត៌មាននៅឆ្នាំ២០១២ ក៏ត្រូវបានក្លឹបអ្នកកាសែតកម្ពុជារបស់លោក ប៉ែន សមិទ្ធិ បានវាយតម្លៃថា មានទាំងប្រការគួរព្រួយបារម្ភ និងទាំងប្រការគួរលើកទឹកចិត្ត។ ព្រួយបារម្ភ ដោយសារតែមានការបាញ់សម្លាប់អ្នកកាសែត ការសម្លាប់សកម្មជនព្រៃឈើលោក ឈុត វុទ្ធី និងការចាប់ខ្លួន លោក ម៉ម សូណង់ដូ ជាដើម។
ក៏ប៉ុន្តែរបាយការណ៍របស់ក្លឹបអ្នកកាសែតកម្ពុជា បង្ហាញថាពាក្យបណ្តឹង ការចាប់ខ្លួន ការគំរាមកំហែង ព្រមទាំងឃាតកម្មលើអ្នកកាសែតកម្ពុជាក្នុងឆ្នាំ២០១២ បានថយចុះបើធៀបនឹងឆ្នាំ២០១១៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ