បង្គោលព្រំដែនលេខ ៣១៤ត្រូវបានសម្ពោធដោយប្រមុខដឹកនាំកម្ពុជាវៀតណាម
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ដូចការគ្រោងទុក បង្គោលព្រំដែនលេខ ៣១៤ ដែលខណ្ឌចែកខេត្តកំពតរបស់កម្ពុជាជាមួយខេត្តកៀងយ៉ាងរបស់វៀតណាមត្រូវបានបើកសម្ពោធរួចហើយនៅព្រឹកថ្ងៃអាទិត្យទី ២៤ មិថុនា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានថ្លែងការពារការបោះបង្គោលព្រំដែនជាមួយវៀតណាមថាបានធ្វើឡើងដោយឈរលើមូលដ្ឋានច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ ដោយឡែកមេដឹកនាំស្ថាប័នកំពូលផ្សេងទៀតដូចជា ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា រហូតដល់ព្រះមហាក្សត្រ ក៏បានផ្ញើសារអបអរខួបទី ៤៥ ឆ្នាំនៃចំណងការទូតកម្ពុជានិងវៀតណាម ដោយសម្តែងការដឹងគុណចំពោះប្រទេសជិតខាងមួយនេះ។
ក្នុងឱកាសបើកសម្ពោធបង្គោលព្រំដែនលេខ ៣១៤ រវាងខេត្តកំពត និងខេត្តកៀងយ៉ាង នៅព្រឹកថ្ងៃអាទិត្យនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកោតសរសើរក្រុមការងារចម្រុះព្រំដែនប្រទេសទាំងពីរដែលបានសម្រេចលទ្ធផលយ៉ាងល្អក្នុងការកំណត់ខណ្ឌសីមាព្រំដែនគោកជាមួយគ្នា។ សម្រាប់លោកនាយករដ្ឋមន្ត្រី ការងារនេះមិនមែនមានន័យត្រឹមតែជាការកំណត់ខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរឲ្យបានច្បាស់លាស់ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏បាន ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ជីវភាពរបស់ប្រជាជននៅតាមព្រំដែនផងដែរ។
នៅចំពោះមុខនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន តឹនយុង ប្រមុខរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជានិងវៀតណាមក៏គ្រោងនឹងចាប់ផ្តើមកំណត់ខណ្ឌសីមាព្រំដែនទឹកជាមួយគ្នាផងដែរបន្ទាប់ពីការបោះបង្គោលព្រំដែនដីគោកដែលនឹងបញ្ចប់នៅចុងឆ្នាំ២០១២នេះ។ ថ្លែងការពារការបោះបង្គោលព្រំដែនជាមួយវៀតណាមដែលរងការចោទប្រកាន់ថាបានធ្វើឲ្យបាត់បង់ទឹកដីខ្មែរនោះ ប្រមុខដឹកនាំកម្ពុជាបានបញ្ជាក់ថា ការងារនេះបានធ្វើឡើងដោយឈរលើមូលដ្ឋានច្បាប់ជាតិ និងអន្តរជាតិយ៉ាងត្រឹមត្រូវពោលគឺការវាស់វែងព្រំដែនបានគោរពទាំងស្រុងទៅតាមផែនទីតាំងពីសម័យបារាំង។
ការសម្ពោធបង្គោលព្រំដែននៅថ្ងៃនេះបានធ្វើឡើងចំថ្ងៃប្រារព្ធខួបទី៤៥ឆ្នាំនៃចំណងការទូតរវាងកម្ពុជានិងវៀតណាម។ នេះជាឱកាសដែលមេដឹកនាំស្ថាប័នកំពូលៗរបស់កម្ពុជាផ្សេងទៀតដូចជា ប្រធានរដ្ឋសភា ព្រឹទ្ធសភា និងព្រះមហាក្សត្រ ផ្ញើសារអបអរសាទរដល់សមភាគីវៀតណាមផងដែរ។ ក្នុងព្រះរាជសារជូនលោក ង្វៀន ភូចុង អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានរម្លឹកអំពីការចងចាំនិងការដឹងគុណរបស់ប្រជាជនកម្ពុជាដែលត្រូវបានរំដោះឲ្យរួចផុតពីសោកនាដកម្មនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហមដោយមានជំនួយពីប្រទេសវៀតណាម។ ព្រះអង្គក៏បានកោតសរសើរដល់ការគាំទ្ររបស់វៀតណាមចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជាផងដែរ។
សូមបញ្ជាក់ថា នេះជាលើកទី២ហើយដែលកម្ពុជានិងវៀតណាមបានសម្ពោធបង្គោលព្រំដែនរួមគ្នាបន្ទាប់ពីការសម្ពោធបង្គោលព្រំដែនលេខ ១៧១ បាវិត-ម៉ុកបាយកាលពីប៉ុន្មានឆ្នាំមុន។ ប្រទេសកម្ពុជានិងវៀតណាមដែលមានព្រំដែនរួមគ្នាប្រវែងជាង ១២០០ គ.ម កំពុងបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោះបង្គោលព្រំដែន(ទាំងដែនគោកនិងដែនទឹក)ឲ្យបានចប់សព្វគ្រប់ក្នុងពេលឆាប់ៗនេះបើទោះបីជាមានការចោទប្រកាន់ថាធ្វើឲ្យបាត់ទឹកដីកម្ពុជាក៏ដោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ