រដ្ឋអំណាចថ្មីនៅហ្ស៊័កហ្ស៊ី ត្រៀមស្តារឡើងវិញទំនាក់ទំនងជាមួយរុស្ស៊ី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គោលជំហរនេះ ត្រូវបានប្រកាស ដោយលោក Ivanishvili ជាមេដឹកនាំ “សម្ព័ន្ធ ៨ បក្សប្រឆាំង” នៅហ្ស័កហ្ស៊ី ក្រោមឈ្មោះថា “សុបិនហ្សកហ្ស៊ី” ដែលក្នុងការបោះឆ្នោតសភា ថ្ងៃ១តុលាកន្លងទៅ ចេះឈ្នះ លើបក្សកាន់អំណាចរបស់លោកប្រធានាធិបតី Saakashvili ប៉ុន្តែ គាត់លំអិតថា ទន្ទឹមនេះ ហ្សកហ្ស៊ី នឹងនៅតែ ដាក់ទិសឆ្ពោះទៅចូលជាសមាជិកសហភាពអឺរ៉ុបផង អូតង់ផង ដោយមិនភ្លេចទេ ភារកិច្ចខាងស្តារឡើងវិញបូរណភាពដែនដីរដ្ឋហ្សកហ្ស៊ី។
ថ្លែងក្នុងសន្និសីទកាសែតនៅក្រុង Tbilissi លោក Ivanishvili ដែលនឹងត្រូវរដ្ឋសភានីតិកាលថ្មី ជាទីដែល “សម្ព័ន្ធ”គាត់នឹងមានអាសនៈភាគច្រើនលើសលុប ជ្រើសតាំងគាត់ជា នាយករដ្ឋមន្ត្រី ឋានៈដែលចាប់ពីថ្ងៃ១មករាឆ្នាំក្រោយទៅ បំពាក់ទៅដោយអំណាចខ្ពស់ជាងប្រធានាធិបតីទៅផង បានលើកឡើងថា ៖
-យុទ្ធសាស្ត្រនៃបន្ទាត់នយោបាយរបស់អនាគតរដ្ឋាភិបាលគាត់ បន្តស្ថិតនៅឥតប្រែប្រួលទេ គឺ ដាក់ទិសចូលជាសមាជិកសហភាពអឺរ៉ុប ហើយក្នុងន័យ ធានាដល់សន្តិសុខជាតិ ក៏ចូលជាសមាជិកបក្សសម្ព័ន្ធអូតង់ រួចស្តារឡើងវិញបូរណភាពដែនដីរដ្ឋហ្សកហ្ស៊ី នៅលើផ្លូវរៀបរយទំនាក់ទំនងជាមួយរុស្ស៊ី - រុស្ស៊ីដែលតាមសំដីគាត់ ជាមហាប្រទេសជិតខាង។
-ចំណោទនេះពិតជាស្មុគស្មាញ ប៉ុន្តែមិនមែនមានន័យថា មិនអាចដោះស្រាយទៅកើតឡើយ។
គាត់លើកជាឧទាហរណ៍ គឺបណ្តាប្រទេសនៅមាត់សមុទ្របាល់ទិក ពោលគឺ ឡេតូនី អេស្តូនី លីទុយអានី សុទ្ធតែជាអតីតសាធារណរដ្ឋសូវៀតដែរ ដែលបានចូលជាសមាជិកសហភាពអឺរ៉ុបផង បក្សសម្ព័ន្ធអូតង់ផង ប៉ុន្តែនៅតែមានទំនាក់ទំនងជាប្រក្រតីធម្មតា ជាមួយរុស្ស៊ីទេតើ។
តាមជំនឿជឿជាក់របស់លោក Ivanishvili អនាគតប្រមុខរដ្ឋាភិបាល ដែលនឹងក្លាយទីជា មនុស្សទី១ នៅហ្សកហ្ស៊ី គាត់មុខជាអាចបញ្ចុះបញ្ចូលក្រុងម៉ូស្គូ ឲ្យយល់ថា សមាជិកភាព ហ្សកហ្ស៊ី ក្នុងបក្សអូតង់ក្នុងន័យភូម៌សាស្ត្រ-នយោបាយ មិនបង្កើតជាគ្រោះថ្នាក់អ្វីណាទេដល់រុស្ស៊ី ហើយសម្រេចសម្រួចទៅមិនមែន ជារឿង “ជាគោលការណ៍” ឡើយ សម្រាប់រុស្ស៊ី។
មាន ទៅហើយ ប្រតិកម្មពីខាងម៉ូស្គូ។ លោកនាយករដ្ឋមន្ត្រីរុស្ស៊ីមេដវេដេវ ថ្លែងថា ម៉ូស្គូ អាចតែស្វាគមន៍អបអរប៉ុណ្ណោះ ចំពោះការដែលក្នុងរដ្ឋសភាហ្សកហ្ស៊ី មានលេចចេញមក ជាកម្លាំង ដែលស្ថាបនា និងស្គាល់នាទីទទួលខុសត្រូវ ហើយបក្សកាន់អំណាចនៅរុស្ស៊ី ឈ្មោះ “ប្រទេសរុស្ស៊ីរួមធ្លុងមួយ“ ត្រៀមធ្វើកិច្ចចរចា ស្តីអំពីអនាគតនៃទំនាក់ទំនងរុស្ស៊ី- ហ្សកហ្ស៊ី។
គួររំលឹកថា ភាគីហ្សកហ្ស៊ី កាលពី៤ឆ្នាំមុន បានផ្តាច់ទំនាក់ទំនងការទូតជាមួយរុស្ស៊ី ក្រោយពីទីក្រុងម៉ូស្គូ បានប្រកាសទទួលស្គាល់ដែនដីអបគមអាប់ខាស៊ី និង អូសេទីខាងត្បូង ជារដ្ឋឯករាជ្យ ផ្តាច់ខ្លួនចេញពីហ្សកហ្ស៊ី។ តាំងពីពេលនោះមក ថ្នាក់ដឹកនាំរុស្ស៊ី រមែងប្រកែកមិនធ្វើសំវាទអ្វីណាទេ ជាមួយលោកប្រធានាធិបតីហ្សកហ្ស៊ី Saakashvili ដោយចាត់ទុករូបគាត់ ថាជា ”ខ្មោចនយោបាយ”៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ