ជប៉ុន

រដ្ឋាភិបាល​ជប៉ុន​គ្រោង​ទិញ​កោះ​មាន​ជម្លោះ​ជាមួយ​ចិន ជា​សម្បត្តិ​រដ្ឋ

ប្រជុំ​កោះ សេនកាគុ Senkaku មើល​ពី​កោះIshigaki ជប៉ុន
ប្រជុំ​កោះ សេនកាគុ Senkaku មើល​ពី​កោះIshigaki ជប៉ុន © reuters

បូរណភាព​ដែន​ទឹក​ក្នុង​សមុទ្ទ​ខាង​កើត អាច​នឹង​បង្កើន​សម្ពាធ​តាន​តឹង​​​ខ្លាំង​រវាង​ជប៉ុន​និង​ចិន ព្រម​ទាំង​​តែវ៉ាន់​ផង ! ព្រោះ​នៅ​ថ្ងៃ​សៅរ៍​ទី ៧​ កក្កដា ឆ្នាំ​២០១២​នេះ នាយក​រដ្ឋមន្ត្រីជប៉ុន យោស្ហ៊ីហ៊ីកូ ណូដា បាន​ប្រកាស​ ចង់​ទិញ​កោះ​តូចៗ​ ដែល​ស្ថិត​នៅ​ក្នុង​សមុទ្ទ​ចិន​ខាង​កើត និង​នៅ​តំបន់​មាន​ជម្លោះ​ជាមួយ​ចិន​ មក​ធ្វើ​ជា​សម្បត្តិ​របស់​រដ្ឋ​ជប៉ុន។

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ជប៉ុន កំពុង​តែ​ចរចា​ជាមួយ​ម្ចាស់​កម្មសិទ្ធិ​​​ឯកជន​ ជនជាតិ​ជប៉ុន ដើម្បី​ទិញ​កោះចំនួន​បី​ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ប្រជុំ​កោះ​សេនកាគុ ​មក​ធ្វើ​ជា​សម្បតិ្ត​រដ្ឋ។ សម្រាប់​លោក​នាយករដ្ឋមន្ត្រី​ ណូដា គម្រោង​​ទិញ​កោះ​​ ដែល​នឹង​អាច​ធ្វើ​ឱ្យចិន​​ ឬ តៃវ៉ាន់​ផង ខឹង​សម្បារ ធ្វើ​ឡើង​ក្នុង​បំណង​​រក្សា​ស្ថិរភាព​ និង​ភាព​ស្ងប់​ស្ងាត់​តំបន់​ប្រជុំ​កោះ។ ហើយ​ជប៉ុន​គ្មាន​ហេតុ​ផល​អ្វី ដែល​ត្រូវ​​ពិភាក្សា​ ឬ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​ប្រទេស​ណា​ឡើយ​ ព្រោះ​ប្រជុំ​សេនកាគុ ជា​ដែនអធិបតេយ្យ​របស់​ជប៉ុនសុទ្ធសាធ​។

រដ្ឋាភិបាល​ជប៉ុន ដែល​សង្ឃឹម​ថា​នឹង​បញ្ចប់​ការ​ទិញ​ដូរ​ដាច់​ស្រេច​នៅ​ចុង​ឆ្នាំ​២០១២​នេះ ​បាន​ជូន​ដំណឹង​ ទៅ​កាន់​អភិបាល​ក្រុង​តូក្យូ តាំង​ពី​ខែ​មេសា​ម្ល៉េះ ដើម្បី​បើក​យុទ្ធនាការ​ប្រមូល​មូលនិធិ ទៅទិញ​ដែន​កោះ​នោះ​ជា​សម្បត្តិ​របស់​ក្រុង​តូក្យូ។ តំណាង​រាស្ត្រ​ម្នាក់​ដែល​មាន​ជំហរ​ដាច់​ខាត​ជាមួយ​ចិន និង​ដែល​ធ្លាប់​រិះគន់​រដ្ឋាភិបាល​ ថា​មិន​បាន​ប្រើ​អស់​មធ្យោបាយ​ការពារ​ទឹក​ដី ​ប្រមូល​ប្រាក់​ជាង​១ពាន់​លាន​យេន​រួច​មក​ហើយ​ សម្រាប់​ទៅ​ទិញ​កូន​កោះ​ទាំង​បី នៃ​ប្រជុំ​កោះ​សេនកាគុនេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​​របស់​​កាសែត ​Asahi Shimbun។

​សម្បូរ​ទៅ​ដោយ​ធនធាន​មច្ឆា ប្រេងកាត​និង​ឧស្ម័ន​ធម្មជាតិ ប្រជុំ​កោះ​សេនកាគុ ជា​ភាសាជប៉ុន ឬ កោះ​ទាវយូ ជាភាសា​ចិន ដែល​គ្មាន​មនុស្ស​រស់​នៅ​ ជា​ផ្លូវការ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​រដ្ឋបាលរបស់​ជប៉ុនតាំង​ពី​ឆ្នាំ​១៨៩៥មក ប៉ុន្តែ​​ចិន​តែង​ចិញ្ចឹម​ចិត្ត​ទាមទារ​យក​មក​វិញ។ ប្រជុំ​កោះ​នេះ​ ជា​ប្រភព​មួយ​នៃ​ជម្លោះ​រវាង​ជប៉ុន​និង​ចិន។  ជាក់ស្តែង​កាល​ពី​ឆ្នាំ​២០១០ ការ​ចាប់​ខ្លួន​អ្នក​នេសាទ​ចិន​ចូល​ក្បែរ​កោះ​សេនកាគុ​ បាន​បង្ក​ឱ្យ​មាន​តានតឹង​យ៉ាង​ខ្លាំង​រវាង​ប្រទេស​ទាំង​ពីរ។ រហូត​ភាគី​ជប៉ុន​សុខ​ចិត្ត​ដោះលែង​អ្នក​នេសាទ​ទាំង​នោះវិញ។ រាល់​ពេល​ជួប​គ្នា​ម្តងៗ​ ថ្នាក់​ដឹក​នាំ​កំពូល​ប្រទេស​ទាំង​ពីរ​តែង​ចៀស​មិន​និយាយ​ឱ្យ​ប៉ះពាល់​ដល់​ប្រជុំ​កោះ​សេនកាគុ​ដ៏​រសើប​នេះ​ឡើយ។​

ហើយ​កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ថ្មីៗ​នេះ នាវា​ល្បាត​ជប៉ុន​បាន​វាក់អើ​ជាមួយ​នឹង​នាវាតៃវ៉ាន់​ពីរគ្រឿង​ នៅ​ក្បែរ​ប្រជុំ​កោះ​សេនកាគុ​។ នាវាមួយ​គ្រឿង​របស់​តៃវ៉ាន់​មាន​សរសេរ​បដា​ទាមទារ​ដណ្តើម​បូរណភាពដែន​ទឹក​នោះ​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI