រុស្ស៊ី-អ៊ីស្លាម

ភាពយន្ត​ដែល​ប្រមាថ​សាសនា​អ៊ីស្លាម​នឹង​ត្រូវ​ហាម​ផ្សព្វផ្សាយ​នៅ​រុស្ស៊ី ក្នុង​ពេល​ខាង​មុខ

ភាពយន្ត​ដែល​ប្រមាថ​សាសនា​អ៊ីស្លាម​នឹង​ត្រូវ​ហាម​ផ្សព្វផ្សាយ​នៅ​រុស្ស៊ី  ក្នុង​ពេល​ខាង​មុខ
ភាពយន្ត​ដែល​ប្រមាថ​សាសនា​អ៊ីស្លាម​នឹង​ត្រូវ​ហាម​ផ្សព្វផ្សាយ​នៅ​រុស្ស៊ី ក្នុង​ពេល​ខាង​មុខ REUTERS/Umit Bektas

មូលហេតុ មក​ពី​អាជ្ញាធរ​រុស្ស៊ី​បារម្ភ​ខ្លាច​ក្រែង ភាពយន្ត​អាមេរិកាំង​នេះ ក្រោម​ចំណងជើង​ថា “ភាពឆោតល្ងង់​នៃ​ពួក​មូស្លីម” ញ៉ាំង​ឲ្យ​មាន​រលក​ប្រឆាំង​នៃ​អ្នកកាន់​សាសនា​អ៊ីស្លាម ដូច​ដែល​កំពុង​បោកបក់​ក្នុង​ពិភព​អារ៉ាប​អ៊ីចឹង។ ដ្បិត​នៅ​រុស្ស៊ី មាន​សាសនិក​អ៊ីស្លាម​ដល់​ទៅ ២០លាននាក់។ មហាអយ្យកា​រុស្ស៊ី ថ្ងៃ១៧ កញ្ញា ក្នុង​ពាក្យ​បណ្តឹង​ទៅ​តុលាការ ទាមទារ​ឲ្យ​ហាម​ការ​ផ្សព្វផ្សាយ​ភាពយន្ត​នេះ​ក្នុង​ប្រទេស មក​ពី​វា​មាន​លក្ខណៈ​ជ្រុលនិយម។

ផ្សាយពាណិជ្ជកម្ម

តាម​ដែល​កាសែត​ក្រុង​ម៉ូស្គូ Kommersant លេខ​ថ្ងៃ​នេះ​សរសេរ ៖ ការ​​សម្រេចចិត្ត​នេះ​របស់​ស្ថាប័ន​រដ្ឋអាជ្ញា​រុស្ស៊ី ក្លាយ​ជា​ប្រតិកម្ម​លឿន​បំផុត តាំង​ពី​នៅ​រុស្ស៊ី មាន​ចងក្រង​បាន ជា​បញ្ជី​ទាក់ទង​នឹង​រាល់​អ្វីៗ​ដែល​ជ្រុលនិយម ហើយ​ចម្លើយ​ទាន់​ពេល​វេលា​នេះ គឺ​រំលង​តែ​ប៉ុន្មាន​ថ្ងៃ​សោះ ក្រោយ​ពី​តាម​បណ្តាញ​អ៊ិនធ័រណេត មាន​បញ្ចាំង​ខ្សែភាព​យន្ត​នោះ។ ចំណែក​នៅ​រុស្ស៊ី ច្បាប់​ស្តីអំពី​អ៊ិនធ័រណេត​ត្រូវ​បាន​អនុម័ត គឺ​កាល​ពី​កណ្តាល​ឆ្នាំ២០១២ នេះ។ នេះ​ជា​ករណី​ទី១ ដែល​រុស្ស៊ី​ចាត់​ទុក​ជា ជ្រុលនិយម គឺ​ស្នាដៃ​សិល្បៈ​បរទេស​ដែល​ឥត​បកប្រែ​ជា​ភាសា​រុស្ស៊ី​ឯណា ហើយ​ដែល​ផ្សព្វផ្សាយ គឺ​នៅ​ក្រៅ​ប្រទេស​រុស្ស៊ី​សោះ។

តាម​មតិ​ពួក​អ្នក​ការពារ​សិទ្ធិមនុស្ស ពាក្យបណ្តឹង​របស់​មហាអយ្យកា​រុស្ស៊ី គឺ​ច្បាស់​ជា​ត្រូវ​បាន​អនុម័ត​ដោយ​យោង​ទៅ​តាម​ការ​ណែនាំ​ក្នុង​ជាន់ថ្នាក់ខ្ពស់​បំផុត ពីព្រោះ​រដ្ឋអំណាច​បន្ត​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​មែនទែន ទៅ​លើ​រឿងអាស្រូវ​សាសនា​ដែល​កើត​ឡើង​បណ្តាល​មក​ពី​ការ​សំដែង​នៃ​ក្រុម​ចម្រៀង Pussy Riot ក្នុង​វិហារ​គ្រិស្តសាសនា​នៅ​រុស្ស៊ី កាល​ពី​កន្លះឆ្នាំ​មុន។

ជា​ការ​កត់សម្គាល់ ស្ថាប័ន​រដ្ឋអាជ្ញា​រុស្ស៊ី​ដែល​បាន​ដាក់​ពាក្យប្តឹង​នោះ គឺ​បន្ទាប់​ពី​សមាជិក​ម្នាក់​នៃ​ព្រឹទ្ធសភា​ខាង​បក្ស​កាន់អំណាច “ប្រទេស​រុស្ស៊ី​រួម​ធ្លុង​មួយ” លោក Rouslan Gattarov បាន​ថ្លែង​បរិហារ​ថា ៖ភាពយន្ត​នោះ ជា​អំពើ​បង្កហេតុ​ដ៏​ធំធេង។ ច្បាស់ណាស់​ដែល​គោលដៅ​វា គឺ​ដើម្បី​ពុះ​ចែក​សង្គម តាម​ភិនភាគ​សាសនា ហេតុ​ដែល​អាច​បង្ក​ជា​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ។

អ្នក​នាំពាក្យ​ផ្លូវការ​របស់​មហាអយ្យកា​រុស្ស៊ី​គូស​បញ្ជាក់​ថា ភាពយន្ត​នោះ “ប្រមាថ​លើ​មនោសញ្ចេតនា​អ្នក​កាន់​សាសនា ហើយ​ញុះញង់​ឲ្យ​មាន​ការ​ចង​គំនុំ​ស្អប់​គ្នា​រវាង​ជាតិ​ពន្ធុ។ ក្នុង​កាលទេសៈ​ឥឡូវ ដោយ​នៅ​រង់ចាំ​សេចក្តី​វិនិច្ឆ័យ​របស់​តុលាការ មហាអយ្យកា​សុំ​ឲ្យ “អង្គការ​របស់​សហព័ន្ធ​រុស្ស៊ី​ខាង​ត្រួតពិនិត្យ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស” ហៅ​កាត់​ថា RosKomNadzor តាម​ដាន​កុំ​ឲ្យ​មាន​ផ្សព្វផ្សាយ​សោះ​ឡើយ តាម​មធ្យោបាយ​ឃោសនា​មហាជន​រុស្ស៊ី​នូវ​ភាពយន្ត​ណា​ដែល​ខ្លឹមសារ​វា គឺ​ស្អប់​សាសនា​អ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI