កូនប្រុសលោកឈុត វុទ្ធី ផ្តើមស្នងតំណែងឪពុកនៅខែក្រោយ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ថ្ងៃទី២៦មេសានេះ គឺខួបមួយឆ្នាំនៃមរណភាពរបស់លោកឈុត វុទ្ធី សកម្មជនការពារព្រៃឈើដែលត្រូវបានបាញ់សម្លាប់ នៅក្នុងជម្លោះមួយ។ ក្រុមគ្រួសារលោកឈុត វុទ្ធី បានទៅធ្វើបុណ្យឧទ្ទិសកុសលនៅទីកន្លែងដែលលោកឈុត វុទ្ធី ត្រូវបានបាញ់សម្លាប់ក្នុងព្រៃ ខេត្តកោះកុង ខណៈសកម្មជនសិទ្ធិមនុស្សមួយចំនួនបានរៀបចំពិធីសាសនា នៅទីសក្ការៈព្រះអង្គដងកើ។ នៅថ្ងៃនេះដែរ កូនប្រុសលោកឈុត វុទ្ធី ឈ្មោះ ឆឺយ ឧត្តមរស្មី បានប្រកាសបន្តធ្វើការងាររបស់ឪពុក ជាអ្នកការពារព្រៃឈើ។
ឆឺយ ឧត្តមរស្មី កូនប្រុសអាយុ២០ឆ្នាំរបស់លោកឈុត វុទ្ធី ដែលជាសកម្មជនការពារព្រៃឈើនោះ បានប្រកាសថា ខ្លួននឹងផ្តើមធ្វើការងារបន្តវេនពីឪពុក នៅខែក្រោយនេះហើយ។ កូនប្រុសរបស់លោកឈុត វុទ្ធី ប្រកាសយ៉ាងនេះ នៅចំថ្ងៃដែលក្រុមគ្រួសារបានរៀបចំរម្លឹកខួបមរណភាពមួយឆ្នាំរបស់លោកឈុត វុទ្ធី នៅថ្ងៃទី២៦មេសានេះ។
លោក ឈុត វុទ្ធី គឺជាអតីតប្រធានអង្គការការពារធនធានធម្មជាតិ ហើយត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅក្នុងជម្លោះមួយជាមួយសន្តិសុខក្រុមហ៊ុនឯកជន និងមន្ត្រីកងរាជអាវុធហត្ថ នៅក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីឆ្នាំមុន ខណៈលោកកំពុងនាំស្ត្រីអ្នកកាសែតរបស់ Cambodia Daily ២នាក់យកព័ត៌មានអំពីការកាប់ព្រៃឈើខុសច្បាប់។
នៅពេលដែលកូនប្រុសរបស់ឈុត វុទ្ធី ប្រកាសបន្តតំណែងធ្វើការងាររបស់ឪពុកក្នុងពេលនេះ ចិត្តស្រឡាញ់ធម្មជាតិ និងព្រៃឈើមិនមែនជាមូលហេតុតែមួយរបស់យុវជនអាយុ២០ឆ្នាំនេះឡើយ។ ប៉ុន្តែគឺអនុស្សាវរីយ៍ដែលខ្លួនមានជាមួយឪពុក និងការគាំទ្រពីសហគមន៍ គឺជាមូលហេតុសំខាន់បន្ថែម។
យុវជនឧត្តមរស្មី បាននិយាយប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះ ពីខេត្តកោះកុងមកថា ខ្លួនពិតជាមានអនុស្សាវរីយ៍ជាមួយឪពុក ដោយសារតែខ្លួនធ្លាប់បានចុះធ្វើការងារជាមួយឪពុក កាលពីអតីតកាល។ ហើយម្យ៉ាងវិញទៀត យុវជនរស្មី បន្តថា ប្រជាសហគមន៍ក៏បានគាំទ្ររូបគេអោយបន្តធ្វើការងារនៅក្នុងអង្គការការពារធម្មជាតិរបស់ឪពុកគេផងដែរ។
នៅថ្ងៃនេះ ពិធីបុណ្យតាមបែបសាសនាដើម្បីរម្លឹកវិញ្ញាណក្ខន្ធសកម្មជនការពារព្រៃឈើ ឈុត វុទ្ធី ត្រូវបានរៀបចំធ្វើ នៅ២កន្លែងផ្សេងគ្នា។ អង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានរៀបចំពិធីនៅទីសក្ការៈព្រះអង្គដងកើ នៅមុខព្រះបរមរាជវាំង ខណៈដែលក្រុមគ្រួសាររបស់លោកឈុត វុទ្ធី បាននាំគ្នាទៅធ្វើពិធីបង្សុកូលជាមួយព្រះសង្ឃពីរអង្គ នៅកន្លែងដែលលោក ឈុត វុទ្ធី ត្រូវបានបាញ់សម្លាប់នៃភូមិវាល៣ ស្រុកមណ្ឌលសីមា ខេត្តកោះកុង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ