គណៈកម្មការជំនាញរដ្ឋសភាច្រានចោលការស្នើបង្កើតច្បាប់កំណត់ប្រាក់ខែកម្មករកាត់ដេរ និងមន្ត្រីរាជការស៊ីវិល
ចុះផ្សាយនៅថ្ងៃ៖
តាមរយៈកិច្ចប្រជុំនៅព្រឹកថ្ងៃពុធនេះ គណៈកម្មការជំនាញរដ្ឋសភា បានសម្រេចច្រានចោលសេចក្តីស្នើច្បាប់របស់តំណាងរាស្ត្រគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស លើការបង្កើតច្បាប់កំណត់ពីប្រាក់ខែទាបបំផុត សម្រាប់កម្មករកាត់ដេរ ១៥០ ដុល្លារ និងប្រាក់ខែមន្ត្រីរាជការ ១លានរៀល ស្មើនឹង ២៥០ ដុល្លារ។ គណៈកម្មការជំនាញរដ្ឋសភា បានចាត់ទុកថា សំណើរបស់គណបក្សប្រឆាំង ផ្ទុយពីសេដ្ឋកិច្ចទីផ្សារសេរី និងមានលក្ខណៈជានយោបាយប្រជាភិថុត ដែលជាការបញ្ជោរ ឬការបញ្ចើចលើកជើងប្រជារាស្ត្រ ហើយមិនអាចយកទៅអនុវត្តបានទេ។
គណៈកម្មការជំនាញរដ្ឋសភា បានផ្តល់ហេតុផល ៧ ចំណុច លើការបដិសេធមិនទទួលយកសេចក្តីស្នើច្បាប់ស្តីពីប្រាក់បៀវត្ស និងប្រាក់កម្រៃអប្បបរមា សម្រាប់មន្ត្រីរាជការ និងកម្មករកាត់ដេរ របស់អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។
ហេតុផលទាំងនោះរួមមាន ការលើកឡើងថា បើបង្កើតច្បាប់កំណត់ប្រាក់ខែ ដូច្នេះវាជាការកំណត់បែបសេដ្ឋកិច្ចទីផ្សារផែនការ ផ្ទុយពីសេដ្ឋកិច្ចទីផ្សារសេរី ដែលកម្ពុជាអនុវត្តសព្វថ្ងៃ។ ម្យ៉ាងទៀត សេចក្តីស្នើច្បាប់របស់គណបក្សប្រឆាំងនោះ ក៏មានលក្ខណៈជានយោបាយប្រជាភិថុត (ការបញ្ជោរ ឬការបញ្ចើចលើកជើងប្រជារាស្ត្រ) ដែលមិនអាចយកទៅអនុវត្តបានទេ។
សេចក្តីបដិសេធដូច្នេះ ត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំដោយបិទទ្វាររវាងគណៈកម្មការជំនាញរបស់រដ្ឋសភាទាំង៩ និងតំណាងក្រសួងជំនាញ ៣ ទៀត របស់រាជរដ្ឋាភិបាល ដឹកនាំដោយលោក ជាម យៀប ជាមួយក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នៅរដ្ឋសភា កាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៣។ កិច្ចប្រជុំនេះ មិនបានឲ្យអ្នកកាសែត ចូលស្តាប់ឡើយ។
តំណាងរាស្ត្រគណបក្សប្រឆាំងទាំងពីរ បានចុះហត្ថលេខា លើសេចក្តីស្នើច្បាប់ ស្តីពី ប្រាក់បៀវត្ស និងប្រាក់កម្រៃអប្បបរមា សម្រាប់មន្ត្រីរាជការ ១ លានរៀល ស្មើនឹង ២៥០ ដុល្លារ និងប្រាក់ខែកម្មករកាត់ដេរ ១៥០ ដុល្លារ។
បន្ទាប់ពីកិច្ចប្រជុំ លោកតំណាងរាស្ត្រ ស្មាន ទៀត អនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មរបស់រដ្ឋសភា បានប្រាប់ក្រុមអ្នកកាសែតថា ការតម្លើងប្រាក់ខែកម្មករកាត់ដេរ គឺអាស្រ័យលើការពិភាក្សារវាងថៅកែ និងកម្មករ ដោយរាជរដ្ឋាភិបាលមិនលូកដៃទេ។ រីឯការតម្លើងប្រាក់ខែមន្ត្រីរាជការវិញ គឺផ្អែកលើឋានុក្រម និងកាំប្រាក់របស់មន្ត្រីរាជការនិមួយៗ។ ក្នុងនោះ រាជរដ្ឋាភិបាលក៏បានសម្រេចតម្លើង ២០% ក្នុងមួយឆ្នាំ ហើយនឹងតម្លើងប្រាក់ខែមន្ត្រីរាជការនៅឆ្នាំខាងមុខៗទៀត ផ្អែកតាមសេដ្ឋកិច្ចរីកចម្រើនជាក់ស្តែង ដូចអ្វីដែលលោកនាយករដ្ឋមន្ត្រី បានលើកឡើងថ្មីៗនេះ។
លោកតំណាងរាស្ត្រ ស្មាន ទៀត ដែលមកពីគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច បានបញ្ជាក់ថា "គណៈកម្មការទាំងពីររបស់រដ្ឋសភា សម្រេចទាត់ចោល មិនទទួលយកសេចក្តីស្នើច្បាប់នោះទេ ដោយផ្អែកថា សេចក្តីស្នើច្បាប់ទាំងពីរនេះ មិនសមស្របទៅនឹងស្ថានភាពជាក់ស្តែងនៅប្រទេសកម្ពុជា ដែលប្រកាន់សេដ្ឋកិច្ចទីផ្សារសេរី។ បើសេដ្ឋកិច្ចទីផ្សារផែនការ ទើបអាចកំណត់ប្រាក់ខែទាបសម្រាប់កម្មករ និងមន្ត្រីរាជការបាន"។
ក៏ប៉ុន្តែក្នុងសន្និសីទកាសែត បន្ទាប់ពីកិច្ចប្រជុំ លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី បានលើកឡើងថា បើសិនជាលុបបំបាត់ករណីដែលក្រុមហ៊ុនកាត់ដេរ បង់លុយក្រៅផ្លូវការ លើការដឹកជញ្ជូន មន្ត្រីពន្ធដារ និងផ្នែកសន្តិសុខ ជាដើមនោះ គឺគេអាចតម្លើងប្រាក់ខែដល់កម្មករកាត់ដេរ បានរហូតដល់ទៅ ២០០ ដុល្លារអាមេរិក ក្នុងមួយខែ។ រីឯប្រាក់ខែមន្ត្រីរាជការស៊ីវិលវិញ ក៏អាចតម្លើងបាន ២៥០ ដុល្លារ លើសពីប្រាក់ខែសព្វថ្ងៃ ដែលទទួលបានក្រោម ១០០ ដុល្លារ តាមរយៈការលុបបំបាត់ការបំប៉ោងចំនួនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ រួមទាំងលុបបំបាត់ការបាត់បង់ចំណូលពន្ធគយ និងពន្ធពីកាស៊ីណូ ជាដើម។
លោក សុន ឆ័យ បានបញ្ជាក់ថា "រាល់ការទាត់ចោលសំណើរបស់យើងខ្ញុំជាតំណាងរាស្ត្រនេះ សុទ្ធតែមានការរើសអើងដោយគណបក្សកាន់អំណាច។ ចេះតែចោទប្រកាន់ថា ជាការស្នើ ដើម្បីចំណេញនយោបាយបែបនេះ បែបនោះ។ តែជាគោលការណ៍យើងបានពន្យល់ហេតុផលនៃការស្នើសុំរបស់យើង គឺដើម្បីតែប្រយោជន៍កម្មករ និងមន្ត្រីរាជការប៉ុណ្ណោះ។
ដើម្បីតម្លើងប្រាក់ខែមន្ត្រីរាជការស៊ីវិល ឲ្យបាន ១ លានរៀល ក្នុងម្នាក់ នៅក្នុងមួយខែ គឺរាជរដ្ឋាភិបាល ត្រូវការចំណាយបន្ថែមត្រឹមតែ ៣៦០ លានដុល្លារអាមេរិកប៉ុណ្ណោះ”។
ទោះជាយ៉ាងណាក៏ដោយ កាលពីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា គណបក្សប្រជាជនកម្ពុជាដែលដឹកនាំរាជរដ្ឋាភិបាល បានកំណត់ថា ចាប់ពីឆ្នាំក្រោយទៅ ប្រាក់បៀវត្សសម្រាប់មន្ត្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធ នឹងត្រូវតម្លើង ដោយគិតតាមកំណើនសេដ្ឋកិច្ច ដោយមិនត្រូវតម្លើងត្រឹមតែ ២០% ដូចរៀងរាល់ឆ្នាំឡើយ។ រីឯប្រាក់ខែកម្មករកាត់ដេរ ត្រូវតម្លើងរៀងរាល់ឆ្នាំ តាមយន្តការប្រជុំចរចាត្រីភាគី រវាងសហជីពកម្មករ ថៅកែរោងចក្រកាត់ដេរ និងតំណាងរាជរដ្ឋាភិបាល។
ការតម្លើងប្រាក់ខែមន្ត្រីរាជការស៊ីវិល និងប្រាក់ខែកម្មករ គឺជាប្រធានបទដ៏ក្តៅគគុកមួយរបស់គណបក្សប្រឆាំង សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជាតិ នាខែកក្កដា ឆ្នាំ២០១៣៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ